អធិការ​ក្រុង​បាត់ដំបង​ឃាត់​ក្មេង​ទំនើង​ប្រុស​ស្រី​១៩​នាក់​យកមក​ពិនិត្យ​ទឹកនោម​

1598
ចែករម្លែក

បាត់ដំបង​៖ ក្មេង​ទំនើង​ប្រុស​ស្រី​ចំនួន​១៩​នាក់ (​ស្រី​៦​នាក់​និង​ម៉ូតូ​មាន​អាយុ​ពី​១៦​ដល់​៣៧​ឆ្នាំ​) ដែល​តែងតែ​បង្ក​ការរំខាន និង​អុកឡុក​តាម​សួនច្បារ​សម្តេច​ក្រឡាហោម ស ខេង ស្ថិតនៅ​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ត្រូវ​ប៉ូលិស​អធិការ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន កាលពី​ម៉ោង​២​កន្លះ​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ហើយ​យកទៅ​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន មាន​ចំនួន​៨​នាក់ និង​អវិជ្ជមាន​ចំនួន​១១​នាក់ ហើយ​ធ្វើ​ការអប់រំ​និង​ធ្វើ​កិច្ចសន្យា​រួច​ប្រគល់​ឲ្យ​អាណាព្យាបាល​យកទៅ​អប់រំ​បន្ត​។​

​លោក ប៉ាង ហៀ​ង អធិការនគរបាល​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា ក្រុម​ក្មេង​ទំនើង​ទាំងពីរ​ក្រុម​មាន​គ្នា​សរុប​ចំនួន​១៩​នាក់ (​ប្រុស​១៣​នាក់​) មាន​អាយុ​ចាប់ពី​១៦​ដល់​៣៧​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​បាត់ដំបង ស្រុក​សង្កែ ស្រុក​ថ្មគោល និង​ស្រុក​ឯក​ភ្នំ​។ ការឃាត់ខ្លួន​ពួកគេ​ទាំង​១៩​នាក់​នេះ ក្នុងពេលដែល​ពួកគេ​កំពុង​បង្ក​ការរំខាន និង​អុកឡុក​តាម​សួនច្បារ​នានា យ៉ាង​អនាធិបតេយ្យ ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​សង្គម និង​ធ្វើ​ឲ្យ​មានការ​ភ័យខ្លាច​ពី​ភ្ញៀវ​ធ្វើដំណើរ​ក្នុង​សួនច្បារ​។ ក្រោយពេល​ឃាត់ខ្លួន​រួច​កម្លាំង​បាន​ដឹក​ពួកគេ​តាម​រថយន្ត​មួយ​បាំង​កន្លះ ទៅកាន់​អធិការដ្ឋាន ដើម្បី​ធ្វើតេស្ត​ទឹកនោម​រកសារ​ធាតុ​ញៀន​។ ក្នុងចំណោម​១៩​នាក់ មាន​អ្នក​ផ្ទុក​សារធាតុ​ញៀន​ចំនួន​៨​នាក់​ប្រុស​ទាំងអស់ និង​គ្មាន​សារធាតុ​ញៀន​ចំនួន​១១​នាក់ ហើយ​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការធ្វើសកម្មភាព​ដើរលេង​យប់​អា​ធ្រា​ត្រ​បន្តទៀត រួច​ហៅ​អាណាព្យាបាល​មក​ទទួលយក​ទៅ​អប់រំ​បន្ត​នៅផ្ទះ​រៀងៗ​ខ្លួន​៕ ដោយ​៖ គ្រញូង​

ក្មេង​ទំនើង​ប្រុស​ស្រី​ទាំង​១៩​នាក់ ធ្វើតេស្ត​ទឹកនោម (​រូប​៖ គ្រញូង​)

ទីតាំងផ្សាយពាណិជ្ជកម្ម