ដោយៈ វ៉ៃកូ/ស្វាយរៀងៈ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងបាវិតនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះបានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាល វិសមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដែលប្រព្រឹត្តទៅនៅទីស្នាក់ការគណបក្សក្រុងបាវិត ។
នៅក្នុងឱកាសនោះលោកក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនដល់សមាជិក សមាជិកាបក្សទាំងអស់បន្តការងារក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោក លី ធុជ ក៏បានស្នើសុំឲ្យសមាជិក សមាជិកាគណបក្សគ្រប់ៗរូប ជាពិសេសមន្ត្រីដែលបម្រើការឃុំ-សង្គាត់ ក្នុងមូលដ្ឋានផ្ទាល់ជាមួយប្រជាពលរដ្ឋមេត្តាយកចិត្តទុក្ខដាក់ បំរើប្រជាពលរដ្ឋ លុបបំបាត់ភាពថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ ហើយផ្តល់ការដំណោះស្រាយភ្លាមៗតាមដែលអាចធ្វើទៅបាន៕