ដោយៈយោធិន/សៀមរាបៈ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នាសណ្ឋាគារអេមព្រីសអង្គរ ក្នុងក្រុង សៀម រាប បានដំណើរការ ពិធីកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជាជូនសមាជិក សមាជិកា គណបក្សស្រុកបន្ទាយស្រី ក្រោមអធិបតីភាព លោកសែម សុវណ្ណនី សមាជិកកណ្តាលគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបន្ទាយស្រីខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនាទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា លោកសែម សុវណ្ណនី បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា១១៩ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានរដ្ឋសភាអនុម័តទាំងស្រុងក្នុងសម័យប្រជុំពេញអង្គនាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ជាលើកទី១០ របស់កម្ពុជា។
ការធ្វើវិសោធនកម្មនេះ គឺដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ធានាឱ្យដល់ស្ថាប័នជាតិ ជាពិសេសរាជរដ្ឋាភិបាលមានដំណើរការប្រព្រឹត្តទៅដោយរលូន ស្ថិរភាព និងធានាបាននិរន្តរភាពនៅគ្រប់កាលៈទេសៈ។
ការធ្វើវិសោធនកម្មលើកទី១០នេះ ជាការទំនើបកម្មនៃច្បាប់ ស្របតាមគោលការណ៍គ្រឹះនៃរដ្ឋធម្មនុញ្ញ ដូចជា របបប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើងនៅក្នុងប្រទេសកំពុងស្ថិតនៅក្នុងភាពអាសន្នឡើយ។
សូមបញ្ជាក់ថាៈកិច្ចប្រជុំបានតាមដានស្តាប់ នូវរាល់ការលើកឡើងពីសភាពការណ៍ និងចំណុចខ្លាំងខ្សោយរបស់ក្រុមប្រឹក្សាឃុំក្នុងទូទាំងស្រុកបន្ទាយស្រីសំដៅកែលម្អនូវរាល់ចំណុចខ្វះខាតដើម្បីឈានឆ្ពោះទៅជ័យជំនះក្នុងការបោះឆ្នោតជាសកលនាឆ្នាំ២០២៣ខាងមុខ៕