ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នគរបាលស្រុកភ្នំស្រុក និងនគរបាលឃុំប៉ោយចារ បានសហការគ្នា ឃាត់ខ្លួនបុរសម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ ដោយវាយដំប្រពន្ធ និងគំរាមសម្លាប់ម្តាយក្មេក នៅចំណុចភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក កាលពីវេលាម៉ោង ២ រសៀល ថ្ងៃទី២៩ ខែកក្កថា ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ ប៉ិក គឹមហ៊ាក់ អធិការនគរបាលស្រុកភ្នំស្រុក បានឱ្យដឹងនៅថ្ងៃទី៣០ ខែកក្កដានេះថាៈ ជនសង្ស័យ ឈ្មោះ សៀ ចាន់ អាយុ ៤២ ឆ្នាំ ចំណែកជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ វង់ ទ្រាប់ អាយុ ៣៧ ឆ្នាំ និងម្ដាយក្មេករបស់ជនសង្ស័យ ឈ្មោះ សួស ត្រប់ អាយុ ៦៤ ឆ្នាំ។ ពួកគេ រស់នៅភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
លោកបានបន្តថាៈ មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ សៀ ចាន់ បានផឹកស្រាស្រវឹង ហើយជេរប្រមាថ និងយកដបទឹកត្រី វាយក្បាលប្រពន្ធ និងយកចានដែក វាយក្បាល ប្រពន្ធជាច្រើនចានដែក ថែមទៀត បណ្តាលឱ្យមានស្នាមពក លើក្បាល។
លោកអធិការ បានបន្តថាៈ នៅពេលម្តាយក្មេក ទៅឃាត់មិនឱ្យវាយតប់ប្រពន្ធ ស្រាប់តែ ឈ្មោះ សៀ ចាន់ បានយកកូនអង្រែ ធ្វើអំពីឈើ មកដេញវាយ និងគំរាមគំហែង ថាសម្លាប់ម្ដាយក្មេករបស់ខ្លួនទៀតផង។
យោងតាមសាក្សី និងក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ សៀ ចាន់ ជាមនុស្សញៀនស្រា ស្រវឹងជាប្រចាំ មានអត្តចរឹកកោងកាច សាហាវ ឃោរឃៅ។ ជនសង្ស័យម្នាក់នេះ តែងតែប្រព្រឹត្តអំពើហិង្សា មកលើប្រពន្ធ និងក្រុមគ្រួសារ ជាច្រើនដងមកហើយ។
លោកអធិការ បានបន្តថាៈ ក្រោយពេលទទួលបានព័ត៌មាននេះ កម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុក បានចុះដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យ យកមកសាកសួរ នៅអធិការដ្ឋាននគរបាល ស្រុកភ្នំស្រុក និងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យ ជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕/V