​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ នាឡិកាដៃ​មួយ​គ្រឿង​ដែល​គេ​និយាយថា​ជា​របស់​មេដឹកនាំ​បក្ស​ណា​ស៊ី លោក អាដូ​ហ្វ ហ៊ី​ត្លែ (Adolf Hitler) ត្រូវ​បាន​លក់​ក្នុងតម្លៃ ១,១ លាន​ដុល្លារ​ក្នុង​ការដេញថ្លៃ​មួយ​នៅ​អាម៉េរិក​។​

​នាឡិកា Huber ដែល​បាន​លក់​ឱ្យទៅ​អ្នកដេញថ្លៃ​អនាមិក​ម្នាក់ គឺ​បង្ហាញ​រូប Swastika (​ទូក​នាគ​) និង​មាន​អក្សរ AH ឆ្លាក់​នៅ​លើ​វា​។​

​ក្រុម​មេដឹកនាំ​ជនជាតិជ្វី​ហ្វ​បាន​ថ្កោលទោស​ការដេញថ្លៃ​នេះ នៅមុន​ការលក់​នៅឯ​ក្រុមហ៊ុន​ដេញថ្លៃ Alexander Historical Auctions ក្នុង​រដ្ឋ​ម៉ា​រី​លែ​ន​។​ទោះយ៉ាងណា ក្រុមហ៊ុន​ដេញថ្លៃ​ ដែល​ធ្លាប់​លក់​វត្ថុ​អនុស្សាវរីយ៍​របស់​ណា​ស៊ី​ពីមុនៗ​មក បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាល្លឺម៉ង់​ថា គោលបំណង​របស់​ខ្លួន​គឺ​ដើម្បី​ថែរក្សា​ប្រវត្តិសាស្ត្រ​។​

​អាដូ​ហ្វ ហ៊ី​ត្លែរ​បាន​ដឹកនាំ​អាល្លឺម៉ង់​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣ និង ១៩៤៥ ដោយ​បាន​រៀបចំ​ការសម្លាប់​មនុស្ស​ជា​ប្រព័ន្ធ​រហូតដល់​ទៅ ១១ លាន​នាក់ ដែល​ក្នុងនោះ ៦​លាន​នាក់​ត្រូវបាន​សម្លាប់​ដោយសារតែ​​ពួកគេ​ជា​ជនជាតិជ្វី​ហ្វ​។​

​កាតាឡុក​ផលិតផល​សម្រាប់​នាឡិកា​នេះ​និយាយថា វា​អាច​ត្រូវបាន​ផ្តល់​ជា​អំណោយ​ថ្ងៃកំណើត​ដល់​មេដឹកនាំ​ហ្វា​ស៊ីស​រូប​នេះក្នុង​ឆ្នាំ ១៩៣៣ ជា​ឆ្នាំ​ដែល​គាត់​បាន​ក្លាយជា​អធិការបតី​អាល្លឺម៉ង់​៕

​នាឡិកា Huber ដែល​បាន​លក់​ឱ្យទៅ​អ្នកដេញថ្លៃ​អនាមិក​ម្នាក់ គឺ​បង្ហាញ​រូប Swastika (​ទូក​នាគ​) និង​មាន​អក្សរ AH ឆ្លាក់​នៅ​លើ​វា