ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា នៃ​វេទិកា​សន្តិភាព​កម្ពុជា (Cambodia Peace Forum) បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លើក​ទី​១០ ដែល​រដ្ឋសភាជាតិ បានអនុម័ត​រួច នា​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​បម្រើ​ឧត្ដមប្រយោជន៍​ជាតិ ធានា​ដល់​ស្ថាប័ន​ជាតិ ជាពិសេស រាជរដ្ឋាភិបាល ឱ្យមាន​ដំណើរការ ប្រព្រឹត្ត​ទៅដោយ​រលូន មិនមាន​ការជាប់គាំង និង​ធានាបាន​និរន្តរភាព នៅ​គ្រប់​កាលៈទេសៈ ។ នេះ​បេ​ី​យោងតាម​សេចក្តីថ្លែងការណ៍ របស់​វេទិកា​សន្តិភាព​កម្ពុជា​។

​វេទិកា​សន្តិភាព​កម្ពុជា បានបញ្ជាក់​ថាៈ ” យើង​ប្រឆាំង​ដាច់ខាត ចំពោះ​ជន​អគតិ​ទាំងឡាយ ណា បុគ្គល​ណា និង​ក្រុម​ពួក​នយោបាយ​ណា ដែល​ជំទាស់​នឹង​ការធ្វើ​វិសោធន​កម្មនេះ ក្នុង​គោលបំណង​បម្រើ​មហិច្ឆតា នយោបាយ​ផ្ទាល់ខ្លួន និង​ក្រុម​ខ្លួន ដោយ​មិន​គិត​តម្កល់​ផល ប្រយោជន៍​ជាតិ និង​ផលប្រយោជន៍​រួម​របស់ ប្រជាពលរដ្ឋ​កម្ពុជា ជាធំ​។ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ និង​សេចក្តី​សុខសន្តិភាព របស់​ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ធានា​នូវ​ស្ថេរភាព នយោបាយ និង​ការអភិវឌ្ឍ​ប្រទេស លើ​គ្រប់​វិស័យ នៅក្រោម​អគ្គ​មគ្គុទ្ទេសក៍​ដ៏​ឆ្លាត​វៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​អគ្គ​មគ្គុទ្ទេសក៍ សន្តិភាព​នៃ​កម្ពុជា​” ។

​សូមបញ្ជាក់ថា សម័យប្រជុំ​រដ្ឋសភា លើក​ទី​៧ នីតិកាល​ទី​៦ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែកក្កដា នេះ បាន​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា ១៩ ថ្មី (​មួយ​) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (​មួយ​) និង មាត្រា ១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា ៣ ថ្មី និង មាត្រា ៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី នៃ​ស្ថាប័ន​ជាតិ ក្នុង​សំឡេង​១០៥ លើ ១០៦ សំឡេង ។​

​សូមជម្រាបថា គណៈរដ្ឋមន្ត្រី បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម មាត្រា​មួយចំនួន ទៅ​រដ្ឋសភា កាលពី​ថ្ងៃទី​១៣ ខែកក្កដា បន្ទាប់ពី​កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា បានសម្រេច​អនុម័ត ទាំងស្រុង និង​ការបញ្ជាក់ អំពី​ធម្មនុញ្ញភាព ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ កាលពី​ថ្ងៃទី​១៣ ខែកក្កដា ផងដែរ ។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា ១៥៣ ថ្មី (​ពីរ មាត្រា ១៥១ ថ្មី​) មាត្រា ១៥៤ ថ្មី (​ពីរ មាត្រា ១៥២ ថ្មី​) និង​មាត្រា ១៥៥ ថ្មី (​ពីរ មាត្រា ១៥៣ ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ វិសោធនកម្ម មាត្រា ១៩ ថ្មី (​មួយ​) មាត្រា ៨៩ មាត្រា ៩៨ ថ្មី មាត្រា ១០២ ថ្មី មាត្រា ១១៩ ថ្មី (​មួយ​) និង មាត្រា ១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា ៣ ថ្មី និង​មាត្រា ៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី នៃ​ស្ថាប័ន ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ នៃ​សភាពការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់ ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង នៅពេល​ប្រទេសជាតិ មិន​ឋិត​ក្នុង​ភាពអាសន្ន ។

​ដោយឡែក កាលពី​រសៀល ថ្ងៃទី​១៤ ខែកក្កដា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា សាធារណជន អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ដែលជា​សំណើ ធ្វើ​វិសោធនកម្ម លើក​ទី​១០ នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕/V​