ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ Barcelona បានយល់ព្រមចុះហត្ថលេខាទិញខ្សែការពារកណ្តាលសញ្ជាតិបារាំង ចូល ឃុនដេ (Jules Kounde) ពី Sevilla ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ដែលរួមមានលក្ខខណ្ឌទិញផ្តាច់តម្លៃ ១ ពាន់លានអឺរ៉ូ។
ឃុនដេ ដែលជាប់ជម្រើសជាតិបារាំងចំនួន ១១ លើក នឹងចូលរួមជាមួយក្រុមអ្នកមានបុណ្យក្នុងតម្លៃផ្ទេរ ៥០ លានអឺរ៉ូ។
កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួន ១៣៣ ប្រកួតឱ្យ Sevilla និងបានឈ្នះពានរង្វាន់ Europa League ក្នុងរដូវកាលដំបូងរបស់ខ្លួន បន្ទាប់ពីផ្ទេរពី Bordeaux ក្នុងឆ្នាំ ២០១៩។
ឃុនដេ ដែល Chelsea ចង់បានផងដែរនោះ គឺជាកីឡាករទីប្រាំរបស់ Barcelona នៅរដូវក្តៅនេះ។
ការមកដល់របស់ខ្សែការពាររូបនេះនៅទឹកដី Nou Camp កើតឡើងបន្ទាប់ពីការចុះហត្ថលេខារបស់ក្លិបកាតាឡានមួយនេះលើខ្សែប្រយុទ្ធប៉ូឡូញ រ៉ូបឺត ឡេវ៉ាន់ដូវស្គី (Robert Lewandowski) ពី Bayern Munich ក្នុងតម្លៃ ៤២,៦ លានផោន និងការមកដល់របស់ខ្សែបម្រើស្លាបប្រេស៊ីលរ៉ាហ្វីញ៉ា (Raphinha) ពី Leeds ក្នុងតម្លៃផ្ទេរ ៥៥ លានផោន។
ខ្សែបម្រើសញ្ជាតិកូតឌីវ័រ ហ្វ្រែង កេសស៊ី (Franck Kessie) និងខ្សែការពារសញ្ជាតិដាណឺម៉ាក អង់ដ្រេស គ្រីស្ទានសិន (Andreas Christensen) ក៏បានចូលរួមជាមួយក្រុមរបស់អ្នកចាត់ការទូទៅសាវី (Xavi) ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួនពី AC Milan និង Chelsea រៀងៗខ្លួនផងដែរ ខណៈខ្សែបម្រើស្លាបបារាំង អូស្មាន ដេមបេឡេ (Ousmane Dembele) បានចុះកុងត្រាបន្តនៅជាមួយ Barcelona។
ឃុនដេនឹងត្រូវបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាកីឡាកររបស់ Barcelona នៅថ្ងៃចន្ទក្រោយ៕
ឃុនដេផ្ទេរមក Barcelona ក្នុងតម្លៃ ៥០ លានអឺរ៉ូ