​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (Global Times) ៖ បន្ទាប់ពី​សាងសង់​ជាង​មួយ​ទសវត្សរ៍ នាវា​ផ្ទុក​យន្តហោះ​ផលិត​ក្នុងស្រុក​ដំបូងបង្អស់​របស់​ឥណ្ឌា​គឺ Vikrant​ត្រូវបាន​ប្រគល់ឱ្យ​ទៅ​កងទ័ពជើងទឹក​​ឥណ្ឌា​ដោយ​ក្រុមហ៊ុន​សាងសង់​ឈ្មោះ Cochin Shipyard កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​កក្កដា​។

​អ្នកជំនាញ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទោះបីជា​នៅ​តែ​មាន​គម្លាត​ធំ​រវាង​នាវា Vikrant និង​នាវា​ផ្ទុក​យន្តហោះ Fujian​ទី​បី​របស់​ចិន ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​ក្នុង​ខែ​មិថុនា​ប៉ុន្តែ​ផ្លូវ​ដ៏​វែង​​ឆ្ងាយ​និង​លំបាក​របស់​ឥណ្ឌា​ក្នុងការ​ផលិត​នាវា Vikrant បង្ហាញ​ពី​មហិច្ឆតា​និង​ការប្តេជ្ញា​ចិត្ត​របស់​ទីក្រុង​ញូវដេលី​ដើម្បី​ក្លាយជា​មហាអំណាច​ដែនសមុទ្រ​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា នាវា​ផ្ទុក​យន្តហោះ​នេះ​មាន​ប្រវែង ២៦២ ម៉ែត្រ ជាមួយ​នឹង​សមត្ថភាព​ផ្ទុក​ទម្ងន់​ពេញលេញ​ជិត ៤៥.០០០ តោន និង​ល្បឿន​អតិបរមា ២៨ Knot ឬ ជិត ៥២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​និយាយថា ជាមួយនឹង​វត្ថុធាតុដើម​ក្នុងស្រុក ៧៦ ភាគរយ នាវា​ផ្ទុក​យន្តហោះ​នេះ​មាន​តម្លៃ​ប្រហែល ៣,១៣ ពាន់​លាន​ដុល្លារ​។ ​ដោយ​ដកស្រង់​សម្តី​អ្នកនាំពាក្យ​កងទ័ពជើងទឹក​ឥណ្ឌា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​និយាយថា ការប្រគល់​នាវា​ដល់​កងទ័ពជើងទឹក​បង្ហាញ​សញ្ញា​ថា​ឥណ្ឌា​បាន​ចូលរួម​ជាមួយ​ក្លិប​នៃ​ប្រជាជាតិ​ដែល​​មាន​សមត្ថភាព​រចនា​និង​សាងសង់​នាវា​ផ្ទុក​យន្តហោះ​ដោយ​ឯករាជ្យ​។​

​ការ​រចនា​នាវា​ផ្ទុក​យន្តហោះ​នេះ​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ ១៩៩៩ ហើយ​គ្រោង​នាវា​ត្រូវបាន​សង់​ហើយ​នៅ​មួយ​ទសវត្សរ៍​ក្រោយមក​ក្នុង​ឆ្នាំ ២០០៩​។ បន្ទាប់មក វា​បាន​ចំណាយ​ពេល​ជាង ១២​ឆ្នាំ​មុន​ពេល​ចាប់​​ផ្តើម​ការសាកល្បង​លើ​សមុទ្រ​ក្នុង​ខែសីហា ឆ្នាំ ២០២១ និង​ការប្រគល់​ជូន​បាន​ធ្វើឡើង​នៅ​ខែកក្កដា ឆ្នាំ ២០២២ នេះ​បើ​យោងតាម​របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​៕

​នាវា​ផ្ទុក​យន្តហោះ Vikrant