ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៣០ កក្កដា ២០២២ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេចក្តីប្រកាសគាំទ្រទាំងស្រុង ចំពោះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជា លើកទី១០ ។
នៅក្នុងញត្តិគាំទ្រនេះ បានកត់សម្គាល់ឃើញថា ការធ្វើវិសោតធនកម្មនេះ គឺដើម្បីបម្រើ ឧត្តមប្រយោជន៍ជាតិ និងធានាឲ្យដល់ស្ថាប័នជាតិទាំងអស់ ជាពិសេសរាជរដ្ឋាភិបាល មានដំណើរការប្រព្រឹត្តទៅបានដោយរលូន មិនមានអ្វីរារាំង និងមិនមានការជាប់គាំង ដែលធានាបាននូវនិរន្តរភាព នៅគ្រប់កាលៈទេសៈ។
នៅក្នុងការធ្វើវិសោធនកម្ម លើកទី១០ នេះ ក៏ជាការបំពេញភាពចន្លោះប្រហោងនៃច្បាប់ ហើយក៍ពុំបានធ្វើឱ្យប៉ះពាល់ ដល់គោលការណ៍គ្រឹះ នៃរដ្ឋធម្មនុញ្ញ ដូចជារបបប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ពុំបានធ្វើឡើង នៅក្នុងប្រទេស ដែលកំពុងស្ថិតក្នុងភាពមានអាសន្ននោះឡើយ ។
នៅក្នុងសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីការស្នើសុំធ្វើវិសោតធនកម្មមាត្រា ១៩ ថ្មី (មួយ) មាត្រា ៨៩ មាត្រា៩៨ ថ្មីមាត្រា១០២ និងមាត្រា១១៩ថ្មី (មួយ) និងមាត្រ១២៥ថ្មី និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង ក្រោមសំឡេង ១០៥ លើ ១០៦ ក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភា លើកទី៧ នីតិកាលទី៦ កាលព្រឹកថ្ងៃទី ២៨ កក្កដា ២០២២ ៕/V