ដោយៈ​សុផល​/​ភ្នំពេញ​៖​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ បានរៀបចំ សន្និបាត និង​សិក្ខាសាលា​អប់រំ​ស្តីពី “​អភិបាលកិច្ច​និង​ភាព ជា​អ្នកដឹកនាំ​អប់រំ​ក្នុង​យុគសម័យ​ទំនើប​” ក្រោម​វត្តមាន​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​​វាគ្មិន​មកពី​វិស័យ​អប់រំ​ស្ថាប័ន​បណ្តុះ បណ្តាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​ច្ចេក​វិជ្ជា​អប់រំ​ជាច្រើនរូប ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​សហព័ន្ធ និង​ស្ថាប័ន​អប់រំ​ឯកជន​ជាង​១២០​នាក់​។

​សន្និបាត​និង​សិក្ខាសាលា​នេះ​រៀបចំឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ចំណេះដឹង​និង​ជំនាញ​ថ្មីៗ​ក្នុងសម័យ​បច្ចេកវិទ្យា វឌ្ឍនភាព​និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​អប់រំ​ក្នុង ប្រទេស​កម្ពុជា គោលនយោបាយ​អភិវឌ្ឍ​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ឯកជន ទិសដៅ​កសាង​ទំនាក់ទំនង​រវាង​ស្ថាប័ន​អប់រំ និង​ដៃគូ​អាជីវកម្ម​អប់រំ​។​

​ឧកញ៉ា ប៉ិច បូ​ឡែ​ន ប្រធាន​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បាន​លើកឡើងថា៖ សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា ដែលមាន​អាយុកាល​ជាង​២​ឆ្នាំនេះ​មានការ​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ និង​កំពុងធ្វើការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អបរំ យុវជន និង​កីឡា និង​ក្រសួង​ការងារ​បណ្តុះបណ្តាល​និង​វិជ្ជាជីវៈ​។​

​លោក​បាន​បន្តថា​៖​សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា បានធ្វើ​ការងារ​ជាច្រើន​ដើម្បី​ជួយ​ដល់​បណ្តា​សមាជិក ដែល​រួមមាន​សាលា​ចំណេះ​ទូទៅ​កម្រិត​ម​ត្តេ​យ្យ បឋម និង​មធ្យម សាលា​ភាសា សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​គ្រឹះស្ថាន​បណ្តុះបណ្តាល និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផងដែរ​។​សកម្មភាព​ទាំងនោះ រួមមាន ការសម្របសម្រួល​ការ​ចាក់​វ៉ាក់សាំង​ជូន​ដល់​គ្រូ សិ​ស្សានុ​សិស្ស ការរក​ប្រភព​ហិរញ្ញប្បទាន បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​តាម​អន​ឡាញ​ដើម្បី​ឱ្យមាន​បំ​ន​ណិ​ន​ឌីជីថល ការបង្កើត​ការផ្លាស់ប្តូរ​ទស្សនកិច្ច​សាលា​ទៅវិញទៅមក​ដើម្បី​រៀនសូត្រ​ពីគ្នា ចែករម្លែក​គោលនយោបាយ បទពិសោធន៍ និង​វិធីសាស្ត្រ​បណ្តុះបណ្តាល​។​

​លោក​បាន​បញ្ជាក់ថា​៖​បេសកកម្ម​របស់​សហ​ព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​គឺ​លើកកម្ពស់​គុណភាព​វិស័យ​អប់រំ​ជាពិសេស​វិស័យ​ឯកជន​ឱ្យ​កាន់តែ​ប្រសើរឡើង​ឱ្យ​ស្របតាម​គោល​នយោ​បាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រា​ជ​រដ្ឋាភិបាល​។​ទិសដៅ​បន្ទាប់​របស់​សហព័ន្ធ​គឺ​ការកសាង​សមត្ថភាព​អភិវឌ្ឍ​សាលារៀនធ្វើ​យ៉ាងម៉េច​ឱ្យ​គ្រឹះស្ថាន​ឯក​ជ​ន​ទាំងអស់ ផ្តល់​សេវា​អប់រំ​កាន់​តែមាន​គុណភាព​។​

​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត និង​សិក្ខាសាលា​នេះ បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​៖​ក្រសួង​មើលឃើញថា ចាប់តាំងពី​ការបង្កើត​សហព័ន្ធ​នេះ​ឡើង សហព័ន្ធ​បាន​ចូលរួម​គាំទ្រ​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​អភិវឌ្ឍ ធនធាន​មនុស្ស ដែលមាន​សមត្ថភាព​ស​ម្រា​ប់​បម្រើ​ដល់​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា​។ ក្រៅពីនេះ សមាជិក​របស់​សហព័ន្ធ​បាន​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សេចក្ដី​ណែនាំ និង​គោលការណ៍​ប្រតិបត្តិ​ដែល​ក្រសួង​បានដាក់​ចេញ និង​បាន​ចូលរួម​ក្នុង​វេទិកា​ពិគ្រោះ​យោបល់ នានា តាមរយៈ​សន្និបាត​អប់រំ និង​វេទិកា​ដទៃទៀត ដើម្បី​ផ្ដល់នូវ​ធាតុ​ចូល និង​ការកែលម្អ​នានា ក្នុងន័យ​បង្កើន​ប្រសិទ្ធភាព និង​លើកកម្ពស់​គុណភាព​អប់រំ នៅ​កម្ពុជា​។

​លោក​រដ្ឋមន្ត្រី បាន​បន្តថា​៖​សន្និបាត​ពាក់កណ្ដាល​ឆ្នាំ​២០២២ និង​សិក្ខាសាលា​អប់រំ នាពេលនេះ នឹង ផ្តល់ឱកាស​ឱ្យ​យើង​បន្ថែមទៀត ដើម្បី​បាន​ជួបពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​គ្នា តាមរយៈ​ការ ឆ្លុះបញ្ចាំង​ពី​សមិទ្ធកម្ម​នៃ​ការវិនិយោគ ដែល​យើង​បាន​ខិតខំ​ប្រឹងប្រែង នាពេល​កន្លងមក ក៏ដូចជា​ដើម្បី​ដកស្រង់​នូវ​ឧ​ត្ត​មា​នុ​វត្ត​ន​សម្រាប់​ជា​មូល​ដ្ឋាន ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង បង្កើត​នូវ​កាលានុវត្តភាព​ថ្មីៗ ជាពិសេស​កំណត់​ទិសដៅ​ជា​អាទិភាព ក្នុងការ​អភិវឌ្ឍ សមត្ថ ភាព​ធនធានមនុស្សឱ្យ​ស្រប​តាម​​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣​យុទ្ធ​សាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​, និង​បរិវត្ត​កម្ម​អប់រំ​ឌីជីថល​។​

​លោក​បណ្ឌិតសភា​ចា​រ្យបាន​ចាប់អារម្មណ៍​ចំពោះ​ប្រធានបទ​ដែល​សន្និបាត​ពិភាក្សា​នាពេល នេះ ដូចជា​៖ ការរៀបចំ​ក្របខណ្ឌ​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​​អប់រំ និង​បណ្តុះ​បណ្តាល វិជ្ជាជីវៈ​ឯកជន​, ការរៀបចំ​គម្រោង​អប់រំ និង​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ការសិក្សា​និង​អាជីវកម្ម​,​ការ ជំរុញ​ការអភិវឌ្ឍ​វិជ្ជាជីវៈ​គ្រូបង្រៀន ដែល​ប្រធានបទ​ទាំង​នេះ ស្របទៅនឹង​អាទិភាព​កំណែទម្រង់ ៨ ចំណុច ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា​ទើបបាន​ដាក់ចេញ​នាពេល ថ្មីៗ​នេះ មានដូចជា៖​ការកសាង​ប្រព័ន្ធ​និង​ការអភិវឌ្ឍ​សមត្ថភាព​,​កំណែទម្រង់​សាលារៀន​,​ការ​អភិវ​ឌ្ឍ​យុវជន ដើម្បី​លើកកម្ពស់​បំ​ណិ​ន​សតវត្សរ៍​ទី​២១,​ការអប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​,​ការអប់រំ​ឌីជីថល​,​កំណែទម្រង់​សាលា​គរុកោសល្យ​,​ការលើកកម្ពស់​សុខភាព​សិក្សា និង​ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។​

​គួរ​កត់សម្គាល់ថា​៖​សិក្ខាសាលា​នេះ​មាន​វេទិកា​ពិភាក្សា​ដោយ​វាគ្មិន​ល្បី​ជាច្រើនរូប​លើ​៣​ប្រធានបទ ទី​១/​អំណោយផល​នៃ​បរិយាកាស​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​ក្នុងការ​អភិ​វឌ្ឍ​ធនធានមនុស្ស​កម្ពុ​ជាស​ម្រា​ប់​ឆ្នាំ ២០៣០ ទី​២/​ភាពជា​អ្នកដឹកនាំ និង​អភិបាលកិច្ច​គ្រឹះស្ថានសិក្សា​និង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ឯកជន ទី​៣/​អាជីព​វិជ្ជាជីវៈ​គ្រូ​បង្រៀន និង​អ្នក​អប់រំ​ក្នុង​យុគសម័យ​ទំនើប​។​

​សូមជម្រាបថា សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០២០ ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​សម្រាប់​អនាគត​របស់​ប្រទេស​ក្នុង​វិស័យ​អប់រំ​ទូទៅ បង្កើត​ប្រព័ន្ធ​គាំទ្រ​ក្នុង​អាជីវកម្ម​សម្រាប់​វិស័យ​អប់រំ ផ្តល់នូវ​ការយល់​អំពី​ការស្រាវជ្រាវ​និង​ការអភិវឌ្ឍ និង​ការ​សហការ​គ្នា​រវាង​រាជរដ្ឋាភិបាល វិស័យ ឯកជន និង​ការសិក្សា ស្តីពី​ជំនាញ​ដែល​ប្រទេសជាតិ​ត្រូវការ​នាពេល​អនាគត​ព្រមទាំង​ពង្រឹង​ចំណេះដឹង​និង​ជំនាញ​របស់​គ្រូ​បង្រៀន​គ្រូ​បណ្តុះបណ្តាល និង​អ្នក​អប់រំ​ទូទៅ ដើម្បី​ធានាបាន​នូវ​គុណភាព​ធនធានមនុស្ស​ឱ្យបាន​កាន់តែ​ប្រសើរ​។​

​បច្ចុប្បន្ន សហព័ន្ធ​សេវា​អប់រំ​នៅ​កម្ពុជា មាន​សមាជិក​ស្ថាប័ន​ចំនួន ៩៣​ស្ថាប័ន​(​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ ក្រុមហ៊ុន​កម្មវិធីសិក្សា បច្ចេកវិទ្យា ឬ​សេវា​គាំទ្រ​ការអប់រំ មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​ភាសា​និង​ជំនាញ អង្គការ​មិនមែន​រដ្ឋាភិបាល​) និង​សមាជិក​ឯក​ត្ត​បុគ្គល​ចំនួន ៣​នាក់​៕Ph