ដោយ:សុភាព/ភ្នំពេញ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំបូក​សរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់ ស.ស.យ.ក. ខេត្តបាត់ដំបង និងថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍ជាតិក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។

ក្នុងនាមលោក ហ៊ុន ម៉ានី សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយការទទួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំ អនុវត្តការងារមានភាពល្អប្រសើរ និងទទួលបានការចាប់អារម្មណ៍ គាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅ ក៏ដូចជាឪពុកម្តាយ អាណាព្យាបាល សិស្សានុសិស្សតាមបណ្ដាវិទ្យាល័យនានាទូទាំងខេត្ត ។

ក្នុងនោះដែរ លោក ស សុខា ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តបាត់ដំបង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស ដែលបានលះបង់ពេលវេលា ប្រាជ្ញាស្មារតី និងធនធាន ចូលរួមជាអ្នកសង្កេតការណ៍ជាតិក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រកបដោយការទទួលខុសត្រូវ និងជោគជ័យ៕srn