​ដោយៈ​សុផល​/​ភ្នំពេញ​៖មូលនិធិ Planet Water បាន​តម្លើង​ប៉ម​ចម្រោះ​ទឹកស្អាត AquaTower និង​ម៉ាស៊ីន​អនាម័យ AquaSan នៅ ២​ទីតាំង ដែល​ប៉ម​ទី​៣៩ ស្ថិតនៅ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ពោធិ៍ ក្នុង​ខេត្តកំពង់ឆ្នាំង និង​ប៉ម​ទី​៤០ ស្ថិតនៅ​អនុវិទ្យាល័យ​ព្រះសីហនុ​ក្រគរ ក្នុង​ខេត្តពោធិ៍សាត់​។​សមិទ្ធផល​នេះ​បានផ្តល់​ជូន​សហគមន៍​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត និង​ម៉ាស៊ីន​អនាម័យ ព្រមទាំង​កម្មវិធី​អប់រំ​សុខភាព​អនាម័យ​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ប៉ម​ចម្រោះ​ទឹកស្អាត​នៅ​សាលាបឋមសិក្សា​និង​អនុវិទ្យាល័យ​ពោធិ៍ ក្នុង​ខេត្តកំពង់ឆ្នាំង លោកស្រី​ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា «​ការអភិវឌ្ឍ​ប្រទេស​ចាំបាច់​ត្រូវការ​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាពប៉ុន្តែ​បើ​មាន​សុខភាព​មិនល្អ វា​នឹង​ក្លាយជា​ឧបសគ្គ​មួយ​ដល់​ការអភិវឌ្ឍ​។ការផ្តល់​មធ្យោបាយ​ណាមួយ​ដែល​ជួយ​ឱ្យ​សិស្សនិង​ប្រជាពលរដ្ឋ​ឈានទៅរក​ការ​មាន​សុខ​ភាពល្អពិតជា​ការចូលរួមចំណែក​ដ៏​ធំធេង​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​

​លោកស្រី​អនុរដ្ឋលេខាធិការបាន​ថ្លែងអំណរគុណ​ដល់​ការឧបត្ថម្ភ​គាំទ្រ​ពី​មូលនិធិ​កូ​កា​-​កូ​ឡា។​​មូលនិធិ​កូ​កា​-​កូ​ឡា គឺជា​ស្ថាប័ន​សប្បុរសធម៌​សាកល​របស់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា ដែល​បាន​ផ្តល់ជំនួយ​ដល់​មូលនិធិ Planet Water ដើម្បី​ដាក់ ពង្រាយ​ប៉ម​ចម្រោះ​ទឹកស្អាត​AquaTowers និង​ម៉ាស៊ីន​អនាម័យ​AquaSans ទាំងនេះ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ពិធី​សម្ពោធ​នៅ​អនុវិទ្យាល័យ​ព្រះសីហនុ​ក្រគរ ក្នុង​ខេត្តពោធិ៍សាត់លោក​បណ្ឌិតហេង សុខ​គង់ រដ្ឋលេខាធិការ​ក្រសួង​​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ សមាជិក​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តា​លស​ហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជាបាន​មានប្រសាសន៍ថា​«​ការផ្តល់ជូន​នូវ​ប៉ម​ចម្រោះ​ទឹក​ដោយ​មូលនិធិ​កូ​កា​-​កូ​ឡា​នា​ថ្ងៃនេះនឹង​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ការចំណាយលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​របស់​សិស្សានុសិស្សក៏ដូចជា​សហគមន៍​នៅក្នុង​មូលដ្ឋានដោ​យ​​​​ពួកគាត់​អាច​ទទួលបាន​ទឹកស្អាត​សម្រាប់​ពិសា​ទាំង​នៅ​សាលារៀន និង​អាច​យកទៅ​ប្រើប្រាស់​នៅតាម​ផ្ទះ​ផងដែរ​។ ខ្ញុំបាទ​ពិតជា​សាទរ​និង​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​កូ​កា​-​កូ​ឡា​កម្ពុជា និង​អង្គការ​ដៃគូ​ដែល​បានធ្វើឱ្យ​គម្រោង​នេះ​លេច​ជា​រូបរាង​ឡើង​»​។​

​លោកស្រី Saadia Madsbjerg ប្រធាន​មូលនិធិ​កូ​កា​-​កូ​ឡា មានប្រសាសន៍ថា​៖ «​មូលនិធិ​កូ​កា​-​កូ​ឡា មាន​ប្រវត្តិ​យូរ​អង្វែង​​មកហើយ​នៅ​ទូទាំង​ពិភពលោក ក្នុងការ​គាំទ្រ​គម្រោង​នានា លើ​កិច្ចការពារ និង​ផ្តល់​លទ្ធភាព​ទទួលបាន​ធនធាន​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​។ នៅ​ប្រទេស​កម្ពុជា​វិញ យើង​មាន​មោទនភាព​ដែល​ការឧបត្ថម្ភ​គាំទ្រ​របស់​យើង​ដល់​មូលនិធិ Planet Water នឹង​អាច​ផ្តល់​លទ្ធភាព​ទទួលបាន​ទឹក​ពិសា​ប្រកបដោយ​សុវត្ថិភាព​និង​ឥតគិតថ្លៃ​សម្រាប់​ប្រជា​សហគមន៍​។ គម្រោង​នេះ​នឹង​គ្របដណ្តប់​នៅ​ទូទាំងប្រទេស​កម្ពុជា​គិត​ត្រឹម​បំណាច់​ឆ្នាំ​២០២២​នេះ​»​។

​ក្រៅពី​ទឹកស្អាត​សម្រាប់​បរិភោគ គម្រោង AquaTower ក៏​ផ្តល់ជូន​សាលារៀន និង​សហគមន៍​ជនបទ​នូវ​កន្លែង​លាង​សម្អាត​ដៃ និង​អនាម័យ​ផងដែរ​។ កន្លែង​លាងដៃ​ត្រូវបាន​បំពាក់​ទៅនឹង​តួ​ប៉ម​ចម្រោះ​ទឹកស្អាត AquaTower នីមួយៗ ហើយ​បម្រើ​ជា​ធនធាន​អនាម័យ​សំខាន់​មួយ​ដល់​សាលារៀន ដោយ​កន្លែង​លាងដៃ​នីមួយៗ​មាន​ផ្តល់ជូន​ឧបករណ៍​ដាក់​សាប៊ូ​លាងដៃ និង​បដា​ផ្ទាំង​ផ្សព្វផ្សាយ​អម​ដោយសារ​យល់ដឹង​អំពី​ការ​លាងដៃ និង​ការអនុវត្ត​ល្អ​បំផុត​សម្រាប់​អ្នកប្រើ​ប្រាស់​​ប៉ម​នេះ​។​

​គម្រោង​នេះ​ក៏មាន​កម្មវិធី​អប់រំ​អនាម័យ​ដោយ​អនុវត្ត​ជាក់ស្តែង​ដល់​សិស្សានុសិស្ស​ផងដែរ​។ កម្មវិធី​នៅតាម​សាលារៀន​និង​សហគមន៍​ទាំងនេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​អប់រំ និង​ផ្តល់​សិទ្ធិអំណាច​ដល់​កុមារ និង​អ្នក​ថែទាំ​កុមារ ក្នុងការ​ផ្លាស់ប្តូ​រគោល​គំនិត និង​អាកប្បកិរិយា​ចំពោះ​សុខភាព​ទឹក និង​អនាម័យ​។​

​លោក Mark Steele ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​មូលនិធិ Planet Water បាន​មានប្រសាសន៍ថា​៖«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ​ដែល​យើង​បានទទួល និង​បន្ត​ទទួលបាន​ពី​អ្នក​ឧបត្ថម្ភ និង​ដៃគូ​សាជីវ​កម្ម​របស់​យើង រួមទាំង​មូលនិធិ​កូ​កា​-​កូ​ឡា​ផងដែរ​»​។

​សូម​ជម្រាបជូន​ផងដែរ​ថា​ចាប់តាំងពី​ឆ្នាំ​២០១០​មក មូលនិធិ​កូ​កា​-​កូ​ឡា​បាន​បរិច្ចាគ​ថវិកា​ជាង​១៣​លាន​ដុល្លា​ដល់​កិច្ចសហប្រតិបត្តិការ​ទឹក​នានា​នៅ​ក្នុ​បណ្តា​ប្រទេស​នានា​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​៕Ph