ដោយ៖ ដេប៉ូ / មណ្ឌលគិរី៖ គិតរហូតមកដល់ពេលនេះ យ៉ាងហោចណាស់ មានម្ចាស់ភោជនីយដ្ឋាន ចំនួន ៤២ ទីតាំង ក្នុងខេត្តចំនួន ៣ (ខេត្តមណ្ឌលគិរី ចំនួន ៣២ ខេត្តព្រះវិហារ ចំនួន ៥ និងខេត្តក្រចេះ ចំនួន ៥) បានប្រកាសមិនលក់មុខម្ហូប ធ្វើពីសាច់សត្វព្រៃ គ្រប់ប្រភេទ ជូនដល់ភ្ញៀវរបស់ខ្លួនឡើយ។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន។
ថ្លែងក្នុងយុទ្ធនាការអន្ទាក់សូន្យ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក នេត្រ ភក្ត្រា បានឱ្យដឹងថាៈ នាពេលនេះ មានម្ចាស់ភោជនីយដ្ឋាន កាន់តែច្រើន បានស្ម័គ្រចិត្តចូលរួម បញ្ឈប់ការដាក់អន្ទាក់ និងការបរបាញ់ និងជួញដូរសត្វព្រៃខុសច្បាប់ តាមរយៈការប្រកាសមិនលក់មុខម្ហូប ធ្វើពីសាច់សត្វព្រៃ។
លោកបានបញ្ជាក់ថាៈ ”នេះគឺជាផ្នែកមួយនៃលទ្ធផល ដែលកើតចេញពីការផ្សព្វផ្សាយអប់រំ និងយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិ ដែលផ្តួចផ្តើមគំនិត និងដឹកនាំរៀបចំ ដោយក្រសួងបរិស្ថាន និងមានការគាំទ្រ និងចូលរួមយ៉ាងសកម្ម ពីអង្គការអន្តរជាតិនានា ដែលធ្វើកិច្ចការអភិរក្ស ធនធានធម្មជាតិ នៅកម្ពុជា”។
លោក នេត្រ ភក្ត្រា ក៏ជាប្រធានយុទ្ធនាការអន្ទាក់សូន្យដែរនោះ បានសម្តែងនូវមោទកភាព និងអបអរសាទរ ចំពោះម្ចាស់ភោជនីយដ្ឋានទាំងអស់ ដែលបានស្ម័គ្រចិត្ត ប្រកាសមិនលក់មុខម្ហូប ធ្វើពីសាច់សត្វព្រៃ ដោយលោកបានគូសបញ្ជាក់ថាៈ «ជាការចូលរួម ប្រកបដោយគុណតម្លៃ និងប្រសិទ្ធភាពខ្ពស់បំផុត ព្រោះភោជនីយដ្ឋាន ជាកន្លែងចែកចាយ និងបង្កើតការជួញដូរសត្វព្រៃ យ៉ាងសំខាន់ ហើយបើមានការលក់ដូរ មុខម្ហូបធ្វើពីសាច់សត្វព្រៃ វាជាផ្នែកនៃការលើកទឹកចិត្ត ឱ្យមានការដាក់អន្ទាក់ និងបរបាញ់សត្វព្រៃ»។
លោកបានបញ្ជាក់បន្ថែមថាៈ ម្ចាស់ភោជនីយដ្ឋាន ចំនួន ៣២ នៅក្នុងខេត្តមណ្ឌលគិរី បានប្រកាសជាភោជនីយដ្ឋាន គ្មានការលក់មុខម្ហូប ពីសាច់សត្វព្រៃ គ្រប់ប្រភេទ ហើយភោជនីយដ្ឋានទាំងនោះ បានទទួលបណ្ណសរសើរ និងទទួលស្គាល់ពីក្រសួងបរិស្ថាន។
លោករដ្ឋលេខាធិការ បានថ្លែងថាៈ «នេះជាភាពជោគជ័យមួយ នៃយុទ្ធនាការអន្ទាក់សូន្យ ដែលបានធ្វើឱ្យ ម្ចាស់ភោជនីយដ្ឋាន តាំងចិត្ត និងចូលរួមជាមួយក្រសួង ស្ថាប័នមានសមត្ថកិច្ច ទប់ស្កាត់ការបរបាញ់ និងជួញដូរសត្វព្រៃ ខុសច្បាប់»។
លោកបានបញ្ជាក់បន្ថែមថាៈ នេះគឺជាមោទកភាព នៃក្រុមការងារយុទ្ធនាការអន្ទាក់សូន្យ ដែលមានក្រសួងបរិស្ថាន ជាអ្នកដឹកនាំ មានការចូលរួមពីរដ្ឋបាលខេត្ត ក្នុងក្របខណ្ឌនៃ យុទ្ធនាការអន្ទាក់ នៅតំបន់ទេសភាពខ្ពង់រាបខាងកើត រួមមាន ខេត្តស្ទឹងត្រែង ក្រចេះ ព្រះវិហារ កំពង់ធំ រតនគិរី និងមណ្ឌលគិរី និងអង្គការអន្តរជាតិដៃគូ ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិសកល សម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI ។
គួរបញ្ជាក់ថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងទទួល រៀបចំចម្អិនម្ហូបអាហារ សម្រាប់ភ្ញៀវទេសចរ ចូលមកកម្សាន្ត និងការស្នាក់នៅ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី បានប្តេជ្ញាចិត្ត អំពីសកម្មភាពជួញដូរសត្វព្រៃ និងការបរិភោគសាច់ព្រៃ គ្រប់ប្រភេទ ដូចតទៅៈ
១.ហាង ឬភោជនីយដ្ឋាន របស់យើងខ្ញុំ គឺពុំមានការទទួលរៀបចំចម្អិន ឬលក់ ឬស្តុកសាច់សត្វព្រៃ សម្រាប់អ្នកទេសចរ ឬបុគ្គលណាម្នាក់ឡើយ។
២.ក្នុងនាមខ្លួនខ្ញុំផ្ទាល់ និងអាហារដ្ឋានរបស់យើងខ្ញុំ គឺនឹងធ្វើការរាយការណ៍ ជូនសមត្ថកិច្ច ប្រសិនបើបានដឹង ឬបានឃើញ អំពីសកម្មភាពជួញដូរសត្វព្រៃ ពីព្រោះនេះជាសកម្មភាព ល្មើសច្បាប់។
៣.ភោជនីយដ្ឋានរបស់យើងខ្ញុំ ទទួលរៀបចំជូនភ្ញៀវទេសចរ តែមុខម្ហូបដែលចម្អិនពី សាច់មាន់ សាច់គោ សាច់ ជ្រូក ស៊ុត និងប្រភពសាច់ស្រុក ដែលរួមបញ្ចូលនូវបន្លែស្រស់ គ្មានជាតិគីមី និងមានអនាម័យ សម្រាប់ភ្ញៀវបរិភោគប៉ុណ្ណោះ។
៤.យើងខ្ញុំក៏សូមថ្លែងអំណរគុណផងដែរ ដល់ក្រសួងបរិស្ថាន រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន អង្គការអភិរក្ស និងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមជួយគិតគូរ ដល់ប្រភពសត្វព្រៃ និងធនធានធម្មជាតិ ជាពិសេស ក៏សូមដាស់តឿនដល់បណ្តាភោជនីយដ្ឋាន និងរមណីយដ្ឋាន ព្រមទាំងភ្ញៀវទេសចរទាំងអស់ សូមបញ្ឈប់ និងកុំទទួលទានសាច់សត្វព្រៃ ហើយងាកមកទទួលទាន តែប្រភពសាច់ក្នុងស្រុក ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរយើង និងរួមចំណែកការពារ និងអភិរក្សពូជសត្វព្រៃ សំខាន់ៗ ដែលមាននៅសល់ បច្ចុប្បន្ន៕/V