ដោយៈ សុផល / ភ្នំពេញៈ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាឡាំពិកហ្គេម លើកទី១១ បានប្រកាសបើកជាផ្លូវការហើយ នៅល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នេះ នៅពហុកីឡដ្ឋាន Stadion Manahan ស្ថិតក្នុងទីក្រុងសូឡូ ខេត្តស៊ូរ៉ាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមវត្តមានលោកបណ្ឌិត (H.C) K.H. MA’RUF AMIN អនុប្រធានាធិបតី សាធារណរដ្ឋឥណ្ឌូណេស៊ី និងថ្នាក់ដឹកនាំកីឡាប៉ារ៉ាឡាំពិក មកពីបណ្តាប្រទេសអាស៊ានទាំង ១០ និងប្រទេសទីម័រខាងកើត។

ព្រឹត្តិការណ៍នេះ ទទួលបានការចូលរួមពីក្រុមកីឡាករ កីឡាការិនី ជាជនមានពិការភាព ដែលនឹងធ្វើការប្រកួតលើ ១៤ ប្រភេទកីឡា ដែលក្នុងនោះកម្ពុជា ក៏បានបញ្ជូនក្រុមកីឡាករចំនួន ១១៥ នាក់ ចូលរួមប្រកួតលើ១១ ប្រភេទកីឡាផងដែរ។

លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថា: ពិតណាស់ កីឡាមិនត្រឹមតែនាំមកនូវសុខភាព ប៉ុន្តែកីឡាថែមទាំងបង្កើតបាន នូវសាមគ្គីភាពសម្រាប់យើងគ្រប់គ្នា។ សម្រាប់ក្រុមជនដែលមានពិការភាព ការផ្តល់លទ្ធភាព និងគាំទ្រឲ្យបានចូលរួមប្រកួត ជាការលើកស្ទួយនូវសិទ្ធិ សេរីភាព សមភាព និងការទទួលស្គាល់ នូវតម្លៃរបស់ពួកគាត់ ជាប្រជាពលរដ្ឋពេញលេញ។

លោកបានបន្ថែមថា: ក្នុងស្មារតីនេះ កម្ពុជា មិនត្រឹមតែបានបញ្ជូនក្រុមកីឡាករ កីឡាការិនី ក្នុងទ្រង់ទ្រាយធំ មកប្រកួតនាពេលនេះប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ខាងមុខនេះ ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។ នេះសរបញ្ជាក់យ៉ាងច្បាស់ពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលយើង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេច ក៏ជាជនពិការម្នាក់ដែរនោះ។

លោកបានបន្តថា: ពិតណាស់ ពួកគាត់មានពិការភាពតែអវយវៈ ប៉ុន្តែទឹកចិត្តរបស់ពួកគាត់មិនពិការឡើយ។ ពួកគាត់ នៅពេលនេះ ជាតំណាងឲ្យកម្ពុជាយើង! ពួកគាត់នៅពេលនេះ ជាមុខមាត់ជាតិយើង! សូមចូលរួមគាំទ្រដល់កីឡាករ កិឡាការិនីយើងទាំងអស់គ្នា! ជយោ ព្រះរាជាណាចក្រកម្ពុជា! ៕/V