ឆ្នាំជូត
រាសីស្រុតចុះ។ដំណើរជីវិតស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនបន្តិចនាថ្ងៃនេះ ម្ល៉ោះហើយការរស់នៅលោកអ្នកតោងតែចេះមើលគេមើលឯងពីព្រោះថាផលអាក្រក់នោះងាយកើតឡើងជាងសព្វមួយដង។ដោយឡែកការប្រកបការងារបើលោកអ្នកចង់ធ្វើអ្វីមួយគប្បីគិតឱ្យបានគ្រប់ជ្រុងជ្រោយ ពីព្រោះថាបើធ្វើអ្វីមួយល្អហើយដល់ថ្ងៃខាងមុខនេះអ្វីៗក៏ល្អទៅជាមួយដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញទោះជួញទីជិតឆ្ងាយការរកផលកម្រៃមានហូរចូលមួយៗគ្រាន់បំពេញបំពង់ តែបើចង់ធ្វើជំនួញធំៗនោះឃើញថាតែងជួបផលអាក្រក់ច្រើនជាងល្អបន្តិច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចេះអត់ឱនឱ្យគ្នានិងប្រាស្រ័យទាក់ទងគ្នាល្អ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។លោកអ្នកកើតឆ្នាំគោនៅថ្ងៃនេះអាចសម្រេចចិត្តរឿងប្រាក់កាស ឬធ្វើអ្វីមួយដែលសំខាន់បានពីព្រោះថាផលឆ្លើយតបមកវិញនោះគ្រាន់កក់ក្តៅ។ការប្រកបការងារវិញលោកអ្នកត្រូវ រវាសរវៃ ញាប់ដៃ ញាប់ជើង ហើយត្រូវតែចងចាំថាអំឡុងពេលនេះធ្វើច្រើននឹងទទួលបានផលច្រើនមកវិញជាក់ជាពុំខាន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមិនថាតាម ផ្លូវគោក ផ្លូវទឹក ឬ ផ្លូវអាកាសក្តីតែងអាចរកផលកម្រៃមកវិញគ្រាន់ចិញ្ចឹមឆ្នាំងបាយអញ្ចឹងដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើចង់ទំនាក់ទំនងស្នេហាដំបូងនាថ្ងៃនេះជាការប្រពៃគួរសម៕
ឆ្នាំខាល
រាសីល្អជាមធ្យម។ការរស់នៅលោកអ្នកត្រូវចាត់ចែងដំណើរជីវិតឱ្យបានប្រសើរជាងនេះ ហើយត្រូវចេះអត់ធ្មត់ចំពោះរឿងរាវតូចធំទើបពុំមានបញ្ហាចោទឡើងបន្តទៀត ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់សន្សឹមៗទៅមុខហើយធ្វើអ្វីក៏តែងមានជោគជ័យច្រើនដែរ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការរីកដុះដាលយឺតណាស់ ហើយទាល់តែខិតខំខ្លាំងទើបចិញ្ចឹមឆ្នាំងបាយរស់ស្រួលខ្លួន។
សម្ព័ន្ធស្នេហា កំលោះក្រមុំ ឬ ពោះម៉ាយ មេម៉ាយ ក្តីមានការប្រឆាំង និង មិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មានទេ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ ដោយសារដួងរាសី នៅថ្ងៃនេះស្រុតចុះ ម្ល៉ោះហើយត្រូវប្រយ័ត្នប្រយែង និងមានចិត្តត្រជាក់ទើបបញ្ហាអាក្រក់មិនអាចឈានចូលកើត។ការប្រកបការងារជួបបញ្ហាសៅហ្មងនិងក្រុមមនុស្សបង្កបញ្ហាច្រើន។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញផ្លូវឆ្ងាយចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរណាមួយព្រោះតែការធ្វេសប្រហែស។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតិចតួចតែឱ្យប្រយ័ត្នជម្លោះវិវាទព្រោះងាយឈានដល់ការប្រេះស្រាំធ្ងន់ធ្ងរ៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។ថ្ងៃនេះធ្វើអ្វីងាយឆាប់ចប់ និង ទទួលលទ្ធផលលឿនផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញចូរលោកអ្នកគប្បីបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញយ៉ាងច្រើនជាក់ជាពុំខាន។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីត្រូវចេះយកចិត្តទុកដាក់ថែទាំចំណងស្នេហ៍ទើបមិនកើតរឿងបែកបាក់នៅគ្រាខាងមុខ៕
ឆ្នាំម្សាញ់
រាសីឡើងខ្ពស់ត្រដែត។ទាំងស្ត្រីបុរសផ្តល់ផលល្អសម្រាប់លោកអ្នកចរចា ឬទំនាក់ទំនងរឿងសំខាន់អ្វីមួយពីព្រោះថាតែងឆ្លើយតបផលគ្រាន់កក់ក្តៅ ។នៅថ្ងៃនេះកិច្ចការងារតូចធំ បើអត់ដំណើរការយូរមកហើយ អាចចាប់ផ្តើមនាពេលនេះបានវិញហើយ ពីព្រោះថាផលតែងឆ្លើយតបគ្រាន់ជាទីគាប់ចិត្ត។សម្រាប់លោកអ្នកដែលប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការរីកលូតលាស់គួរសម ហើយបើចង់ពង្រីកមុខរបរថ្មីឬមានការបណ្តាក់ទុនរកស៊ីក្នុងអ្វីមួយតែងផ្តល់ផលល្អៗមកខ្លួនវិញយ៉ាងដូចសមប្រកប។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីជួបភាពរកាំចិត្ត និង មិនសូវទុកចិត្តទុកគ្នាប៉ុន្មានទេគឺភាពប្រចែប្រច័ណ្ឌកំពុងចូលលុកលុយច្រើន៕
ឆ្នាំមមី
រាសីស្រុតចុះ។ថ្ងៃនេះដួងរាសីស្រុតចុះ ម្ល៉ោះហយដំណើរជីវិតជួបលើបញ្ហាលំបាក ឬបើចង់ទៅណាមកណាជួបនូវបញ្ហាលំបាកច្រើនបន្តិច។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។ដំណើរជីវិតរបស់លោកអ្នកជួបបញ្ហារាំងស្ទះបន្តិចបន្តួចយាយីពិសេសធ្វើច្រើនបានទទួលផលតិចថែមទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរវិញលាភហេងទោះតូចឬធំមានការបោលហួសជានិច្ច ដូច្នេះប្រាក់កាសដែលរកបានមកមានភាពតានតឹងណាស់។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើជួបគ្នាថ្មី្មថ្មោងតែងមានការជឿនលឿនទៅមុខឆាប់រហ័ស ហើយបើថយក្រោយវិញក៏លឿនដែរ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះកុំសម្លឹងខ្ពស់ និងស្រមើលស្រម៉ៃអ្វីមិនមែនការពិតពីព្រោះថានេះសុទ្ធសឹងរឿងឥតប្រយោជន៍ ហើយនាំឧបទ្រពចង្រៃដាក់ខ្លួន។ដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរទេ ពិសេសការប្រកបការងារវិញងាយកើតរឿងប្រទាំងប្រទើសនិងជម្លោះវិវវាទយាយីផង។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃចិញ្ចឹមគ្រួសារទៅរួច។
សម្ព័ន្ធស្នេហាប្រុសស្រីមានភាពតែលតោលនិងខ្វាយខ្វល់ព្រោះ តែបញ្ហារកាំរកូស កំពុងកើតឡើងឥតសូវធូរស្បើយឡើយ៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនសូវល្អប្រសើរប៉ុន្មានទេ ហេតុនេះនាំឱ្យជួបបញ្ហាល្អក់កករនិងឧបសគ្គចំពោះកិច្ចការងារច្រើនយាយី។ដោយសារថ្ងៃនេះដួងរាសីល្អជាមធ្យម ម្ល៉ោះហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់សន្សឹមៗតែយ៉ាងណាការប្រកបការងារឱ្យប្រយ័័ត្នប្រយែងបន្តិចទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរមុខជំនួញឆ្ងាយជិតក៏មានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ម្ល៉ោះហើយគួរមានការប្រយ័ត្នប្រយែងឱ្យបានខ្លាំងក្លាពិសេសឱ្យប្រយ័ត្នគ្រោះចាញ់បោកគេថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាព្រោះម្នាក់ៗយកភាពមានៈដាក់ខ្លួននិងចង់យកតែចាញ់ឈ្នះគ្នា៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ការរស់នៅមានភាពសុខដុម និង ក្រុមមនុស្សជួយជ្រោមជ្រែងក្នុងរឿងអ្វីមួយផង។ថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អឬបានទទួលអ្វីមួយគួរជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកចង់ចេញធ្វើជំនួញទីជិតឆ្ងាយតែងផ្តល់ផលកម្រៃហូរចូលតក់ៗគ្រាន់បំពេញបំពង់និងចិញ្ចឹមគ្រួសារដែរ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីបើពុំទាន់មានគូគាប់ជាឱកាសល្អក្នុងការស្វែងរកឬមានការចូលដល់ចាស់ទុំផងដែរ៕
ឆ្នាំច
រាសីល្អជាមធ្យម។ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបលើកំណាត់ផ្លូវលំបាកបន្តិច ហើយបើមានធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្គៀលនាំឱ្យជួបរឿងសៅហ្មងមិនតិចទេ។ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានភាពផុយស្រួយប្រទាំងប្រទើសជាមួយមិត្តភក្តិណាស់ចូរប្រយ័ត្នកើតជម្លោះវិវាទ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿនទៅមុខយ៉ាងឆាប់រហ័សហើយរឿងរាវអាក្រក់ទាំងឡាយដែលធ្លាប់មានកាលពីមុនមកក៏ត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។
សេចក្តីស្នេហាកំលោះក្រមុំកំពុងមានការខ្វាយខ្វល់ ព្រោះតែម្នាក់ៗមានការគិតហួសព្រំដែនច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អជាមធ្យម ដូចនេះឃើញថាធ្វើអ្វីមិនអាចលោភលន់ឬប្រកាន់ចិត្តឆេវឆាវបានទេបើពុំនោះនឹងទទួលផលអាក្រក់មកវិញជាក់ជាពុំខាន។ការប្រកបការងារលោកអ្នកត្រូវចេះសន្សំសេចក្តីសុខឱ្យបានច្រើន ហើយដាច់ខាតមិនត្រូវពេបជ្រាយឬប្រមាថអ្នកដទៃឡើយព្រោះនោះសុទ្ធសឹងនាំមកនូវក្តីលំបាកដល់អាត្មាខ្លួនឯងវិញប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕