ដោយ​: សុខ​សុ​ភ័​ណ្ឌ  /កំពង់ស្ពឺ​: ទារក​ដែល​ទើបតែ​មាន​អាយុ​៥​ខែ ត្រូវ​ឪពុក​បែក​ថ្នាំ​វាយ​រហូត​រង​បួស​ធ្ងន់ធ្ងរ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ តែ​អកុសល់​បាន​ស្លាប់​នៅ​ពាក់​កណ្តាលផ្លូវ​។ ហេតុការណ៍​ឪពុក​ប្រើ​អំពើហិង្សា វាយ​ទារក​ដែល​ទើប​នឹងមាន​អាយុ​៥​ខែ​នេះ កើតឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០២២​។​

​សមត្ថកិច្ច​ស្រុក​ថ្ពង បាន​ឲ្យ​ដឹងថា ទារក​ដែល​រងគ្រោះ​នេះ​មានឈ្មោះ ធី ខេមរ៉ា ភេទ​ប្រុស អាយុ​៥​ខែ ត្រូវបាន​ស្លាប់ បន្ទាប់ពី​ត្រូវ​ឪពុក​ឈ្មោះ បឿន រ័ត្ន​ធី អាយុ​២៩​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ប្រើ​អំពើហិង្សា​វាយ​ទៅលើ​ទារក បណ្តាល​ឲ្យ​រងរបួស​បាក់ដៃ​ខាងឆ្វេង ជាំ​ថ្ងាស ផុង​លលា​ក្បាល​ផ្នែក​គុម្ពត្រចៀក​ខាងស្តាំ ខណៈ​ម្តាយ​ទារក​រងគ្រោះ​រវល់​ទៅធ្វើ​ស្រែ​បាត់ៗ​ពី​ផ្ទះ​។​

​ប្រភព​បាន​បន្តទៀតថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ស្ត្រី​ឈ្មោះ ពែ​ក សៅ​តេ អាយុ​២៤​ឆ្នាំ ត្រូវ​ម្តាយ​ទារក​រងគ្រោះ​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យ​វិ​ច្ច័​យ និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ឪពុក​ភ្លាមៗ យកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្ពង​។​

​បើតាម​សម្តី​ស្ត្រី​ជា​ម្តាយ​ទារក​រងគ្រោះ​បាន​និយាយថា ពេលដែល​គាត់​ត្រឡប់​មកពី​ស្ទូងស្រូវ​វិញ មកដល់​ផ្ទះ​បុរស​ជា​ប្តី​ប្រាប់​ប្រពន្ធ​ថា ជនរងគ្រោះ​ជា​កូន​មាន​ជំងឺ​អត់​ស្រួល ទើប​យក​កូន​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ ពេទ្យ​ប្រាប់ថា ជនរងគ្រោះ​មាន​ជំងឺ​សួត​ធ្ងន់ធ្ងរ​ប្រាប់​ឲ្យ​បញ្ជូនទៅ​ពេទ្យ​គន្ធបុប្ផា ពេល​បញ្ជូន​ដល់​ពាក់​កណ្តាលផ្លូវ​ជន​រងគ្រោះ​បាន​ស្លាប់ ក៏​យក​កូន​ត្រឡប់មកផ្ទះ​វិញ​។​

​ស្ត្រី​ជា​ប្រពន្ធ​មានការ​សង្ស័យ​ដោយ​ឃើញ​កូន​មាន​ស្នាម​ផុង​លលា​ក្បាល ជាំ​ថ្ងាស និង​បាក់ដៃ​ឆ្វេង​ក៏​ប្តឹង​អាជ្ញាធរ ទើប​ឈានដល់​ការឃាត់ខ្លួន​យក​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕​