ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់រុស្ស៊ីកាលពីថ្ងៃសៅរ៍ទី៣០កក្កដា បានផ្អាកការផ្គត់ផ្គង់ហ្គាសទៅកាន់ប្រទេសឡាតវី ក្រោយមានភាពតានតឹងរវាងលោកខាងលិចនិងរដ្ឋាភិបាលទីក្រុងមូស្គូអំពីជម្លោះនៅអ៊ុយក្រែននិងការដាក់ទណ្ឌកម្មទូទៅរបស់សហភាពអឺរ៉ុបនិងអាម៉េរិកប្រឆាំងរុស្ស៊ី។
ក្រុមហ៊ុនបាននិយាយតាមតេឡេក្រាមថា « ថ្ងៃនេះ ក្រុមហ៊ុនGazprom ផ្អាកការផ្គត់ផ្គង់ហ្គាសទៅកាន់ឡាតវី…ដោយសារប្រទេសនេះរំលោភលក្ខខណ្ឌនៃការទិញលក់»។
បើតាមសារព័ត៌មានស្ពុតនិច ក្រុមហ៊ុនរុស្ស៊ីបានផ្តាច់ការផ្គត់ផ្គង់ហ្គាសទៅឡាតវី ដោយសារតែប្រទេសអឺរ៉ុបនេះមិនព្រមបង់ថ្លៃទិញថាមពលជាប្រាក់រូបល៍។
សូមបញ្ជាក់ថាក្រុមហ៊ុនGazpromបានកាត់បន្ថយការផ្តល់ហ្គាសទៅកាន់អឺរ៉ុបយ៉ាងច្រើនតាមបំពង់បង្ហូរ Nord Stream កាលពីថ្ងៃពុធ មកនៅត្រឹមតែ២០ភាគរយនៃសមត្ថភាពរបស់វា។ក្រុមហ៊ុនរដ្ឋរុស្ស៊ីនេះកាលពីមុនបានប្រកាសថាខ្លួននឹងបន្ថយការផ្គត់ផ្គង់ហ្គាស៣៣លានម៉ែត្រគីបក្នុងមួយថ្ងៃ ស្មើនឹងពាក់កណ្តាលនៃបរិមាណដែលខ្លួនបានផ្តល់ចាប់តាំងពីការបន្តសេវាផ្គត់ផ្គង់ហ្គាសឡើងវិញកាលពីសប្តាហ៍មុន ក្រោយការផ្អាកបង្ហូរហ្គាសដើម្បីជួសជុលថែទាំបំពង់បង្ហូរនេះអស់ដប់ថ្ងៃ។
បណ្តារដ្ឋអឺរ៉ុប ចោទប្រកាន់រុស្ស៊ីថាខ្ទប់ការផ្គត់ផ្គង់ដើម្បីសងសឹកទណ្ឌកម្មរបស់លោកខាងលិចលើខ្លួន តែក្រុមហ៊ុនបាននិយាយថាការបញ្ឈប់ប្រត្តិការបញ្ជូនហ្គាសតាមបំពង់បង្ហូរមួយក្នុងចំណោមបំពង់ពីរ គឺមកពីបញ្ហាបច្ចេកទេសនៅម៉ាស៊ីនមួយ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោកឌីមីទ្រី ប៉េស្កូវ បានបន្ទោសទណ្ឌកម្មរបស់សហភាពអឺរ៉ុបលើរុស្ស៊ីចំពោះការផ្គត់ផ្គង់មានកំណត់នេះ។
សូមបញ្ជាក់ថា សហភាពអឺរ៉ុបនៅសប្តាហ៍នេះបានយល់ព្រមលើផែនការកាត់បន្ថយការប្រើប្រាស់ហ្គាស ដើម្បីបង្ហាញសាមគ្គីភាពជាមួយអាល្លឺម៉ង់ ដែលកំពុងរងការកាត់បន្ថយការផ្គត់ផ្គង់ហ្គាសទៅពីរុស្ស៊ីហើយងាកទៅប្រើថាមពលផ្សេងជំនួស៕