ដោយ​: សុវណ្ណ​កុម្ភៈ / ភ្នំពេញ​: ក្នុង​ព្រឹត្តិការណ៍​អាស៊ាន​ប៉ា​រ៉ា​ហ្កេ​មនា​ម្សិល​ម៉ិ​ញ​នេះ ក្រុម​បាល់បោះ​រទេះ​ជនពិការ​ក​ម្ពុ​ជា ឈ្នះ​ឡាវ​១១​ទល់​០ ក្នុងខណៈដែល​ក្រុម​ថៃ​ឈ្នះ​ហ្វីលីពីន​១១​ទល់​០​។​

​ជាមួយនឹង​ជ័យជំនះ​នេះ ក្រុម​កម្ពុជា​បានដាក់​នូវ​ក្ដី​សង្ឃឹមថា មានឱកាស​ច្រើន​ក្នុងការ​ប្រជែង​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​។​

​កីឡាការិនី អាន ស៊ី​ណែ​ត បានបង្ហាញ​អារម្មណ៍​ក្រោយ​ចប់​ការប្រកួត​ថា ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត សប្បាយចិត្ត​ខ្លាំង​។ មុនដំបូង យើង​បាន​ស្ទាបស្ទង់​សិន ដល់ពេល​ចុះ​សម្រុក​ទៅ ឃើញថា យើង​ធ្វើ​បានល្អ​។ តាមរយៈ​ការសហការ​គ្នា​និង​បិទ​ក្រុម​នារី​ឡាវ​បានល្អ បានធ្វើ​ឲ្យ​ក្រុម​នារី​កម្ពុជា​សង្ឃឹម​ធ្វើ​បានល្អ សម្រាប់​ការប្រកួត​បន្ទាប់ និង​ក្រោយពេល​បាន​មើល​សមត្ថភាព​លេង​រប​ស់​ក្រុម​នារី​ថៃ និង​នារី​ហ្វីលីពីន​។

​កីឡាការិនី​រូបនេះ​បន្តថា ក្រុម​នារី​ថៃ និង​ហ្វីលីពីន មើលទៅ​កម្រិត​សមត្ថភាព​របស់​ពួកគេ យើង​អាច​សង្ឃឹម​យកឈ្នះ​បាន​។ ក្រោយ​ការវាយតម្លៃ​ពី​សមត្ថភាព​អាច​យកឈ្នះ​លើ​ក្រុម​នារី​ថៃ និង​នារី​ហ្វីលីពីន បានធ្វើ​ឲ្យ​ប្រធាន​ក្រុម​នារី​កម្ពុជា សង្ឃឹម​ទទួលបាន​មេដាយ​។ ខ្ញុំ​សង្ឃឹមថា អាច​នឹង​ឈ្នះ​មេដាយមាស​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏ដូចជា​ក្រុម​ទាំងមូល​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​នៅ​ថ្ងៃស្អែក​ដើម្បី​យកជ័យ​
​ជម្នះ​ជូន​ជាតិ​មាតុភូមិ​។​

​ប្រភេទ​កីឡាបាល់បោះ​ពិការ​ជិះរទេះ​នារី​នេះ មាន​ប្រទេស​៤​ចូលរួម​ប្រកួត គឺ​កម្ពុជា ឡាវ ហ្វីលីពីន និង​ថៃ​។ ការប្រកួត​ដំណាក់កាល​ទី​១ វិលជុំ​សន្សំ​ពិន្ទុ​ពោលគឺ​ក្រុម​ទាំង​៤​ត្រូវ​ប៉ះគ្នា​ទាំងអស់​។ បន្ទាប់​ដំណាក់កាល​ទី​២ ក្រុម​លេខ​១​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​២ ដើម្បី​ដណ្តើម​មេដាយមាស និង​ក្រុម​លេខ​៣ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​លេខ​៤ ដើម្បី​ដណ្តើម​មេដាយ​សំរឹទ្ធ​។​

​ការប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​បន្ទាប់​របស់​ក្រុម​នារី​កម្ពុជា ត្រូវ​ជួប​ក្រុម​នារី​ថៃ និង​ហ្វីលីពីន នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២២​នេះ​៕​