ដោយ: បាយ័ន / សៀមរាប: វេលាម៉ោង ១១:១៤នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចរួតព្រះពាន់នៃប្រាសាទអង្គរវត្ត ក្រុមភ្នាក់ងារទេសចណ៍នៃអាជ្ញាធរជាតិអប្សរា បានជួយសង្គ្រោះបឋមដល់ភ្ញៀវ ជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ Phul Ogarman អាយុ ៨៧ឆ្នាំ ដោយមូលហេតុគាត់អស់កំលាំង និងមានអាការហត់ខ្លាំង (ដោយជំងឺហឺតប្រចាំខ្លួន)។
ក្រោយពីបានជួយសម្រួល និងមានអាការធូរស្បើយ ក្រុមការងារភ្នាក់ងារទេសចរណ៍បានជួយរកម៉ូតូកង់បី មកយកគាត់ទៅកន្លែងស្នាក់នៅដោយសុវត្ថិភាព។ អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះ។
សូមបញ្ជាក់ថា ក្រុមភ្នាក់ងារទេសចរណ៍របស់អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ជួយសង្គ្រោះបានទាន់ពេលវេលា ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលគ្រោះថ្នាក់ដោយករណីផ្សេងៗ ពេលទស្សនាក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលនេះជាកាតបព្វកិច្ច និងតួនាទីរបស់អាជ្ញាធរជាតិអប្សរាមានចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ គ្រប់ជាតិសាសន៍៕