ដោយ​: បាយ័ន / ខេត្តសៀមរាប​: ប្រភពព័ត៌មាន​បឋម​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មាន​ឮ​សំឡេង​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់ នៅក្នុង​ផ្ទះ​១​កន្លែង ដែល​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ទាំងយប់​។ ក្រោយពី​ឮ​សំឡេង​ផ្ទុះអាវុធ​ជាច្រើន​គ្រាប់​រួចមក កម្លាំង​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ដឹកនាំ​កំលាំងចំរុះ​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​នោះដែរ​។​

​ហេតុការណ៍​ផ្ទុះអាវុធ​នោះ​កើតឡើង​នៅ វេលា​ម៉ោង​ជិត ១០:០០​នាទី​យប់ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ស្ថិត​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។ កន្លែងកើតហេតុ ជា​ផ្ទះ​វីឡា​០១​កន្លែង ដែលជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​ម្នាក់​។

​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​និយាយ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា​នេះ​ថា យប់​ពិតជា​មានការ​បាញ់​ប្រាកដ​មែន គឺ​ផ្តើមចេញពី​ការ​ឈ្លោះ​ប្តី ប្រពន្ធ​។ សមត្ថកិច្ច​និយាយថា សុំ​ធ្វើ​ការងារ​នោះ​សិន ដើម្បី​ចងក្រង​រឿង​នោះ​ឱ្យបាន​ពិតប្រាកដ​៕​