ដោយ​៖ ដេប៉ូ / មណ្ឌលគិរី​៖ រូបភាព​សត្វ​ខ្លាធំ ដែល​ថត​បាន​ចុងក្រោយ គឺ​នៅ​ឆ្នាំ​២០០៧ នៅ​តំបន់​ទេសភាព​ខ្ពង់រាប ភាគ​ខាងកើត នៃ​ប្រទេស​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក ពុំមាន​ភស្តុតាង​ណាមួយ ដែល​បង្ហាញថា មាន​សត្វ​ខ្លាធំ នៅក្នុង​ប្រទេស​កម្ពុជា​ទៀត​ទេ បើទោះជា​មាន​កិច្ចខិតខំ​ប្រឹងប្រែង ស្វែងរក​វា យ៉ាងណាក៏ដោយ​។​

​ការបញ្ចេញ​ឱ្យដឹង​បែបនេះ ធ្វើឡើង​ដោយ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី នាំពាក្យ​ក្រសួងបរិស្ថាន​ក្នុង​ពិធី​បើក ”​យុទ្ធនាការ​អន្ទាក់​សូន្យ​” ដែល​បាន​រៀបចំឡើង នៅ​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០២២​។​

​លោក រដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ ”​នា​កន្លងមក កម្ពុជា​បាន​បាត់បង់​ពូជ រមាស គោព្រៃ និង​ពេលនេះ កំពុង​សង្ស័យថា អាច​បាត់បង់​ខ្លាធំ បន្ថែមទៀត ពីព្រោះថា រយៈពេល​ជាង ១០ ឆ្នាំ​ហើយ បាន​បាត់បង់​ភ​ស្ថុ​តាង​ថា វា​នៅតែមាន​វត្តមាន នៅ​កម្ពុជា​”​។​

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​បញ្ជាក់ថាៈ នា​កន្លងមក ការបាត់បង់​សត្វព្រៃ ផ្តើម​ចេញមក ច្រើន​បំផុត ពី​ការប្រើ​អន្ទាក់ ហើយ​អន្ទាក់ គឺជា​ឃាតករ​លាក់​មុខ ដែល​ឆក់យក​ជីវិត​សត្វព្រៃ និង​កំពុងតែ​បំផ្លិចបំផ្លាញ ជីវិត​សត្វ​ព្រៃរបស់​ប្រទេស​កម្ពុជា ក៏ដូចជា សត្វព្រៃ ដែលមាន ការយក​ចាត់​ទុកដាក់​ខ្ពស់ របស់​ពិភពលោក​ទាំងមូល ។​

​ជាមួយគ្នានេះ លោក​រដ្ឋលេខាធិការ​បា​ន​លើកឡើង ដោយ​បញ្ជាក់ថាៈ ”​ដើម្បី​ថែរក្សា​សត្វ ដ៏​កម្រៗ និង​មានតម្លៃ​បំផុត​ទាំងនេះ យើង​ត្រូវ បញ្ឈប់​ការបរិភោគ សាច់​សត្វព្រៃ​ទាំងអស់ ពីព្រោះ​យើង​ដឹងថា សត្វ​ខ្លាំ​ធំ ជាស​ត្វ នៅលើ​គេ​ទាំងអស់ និង​ស៊ី​សាច់សត្វ​ជា​អាហារ​។ សត្វ​ខ្លាធំ រស់នៅ​ក្នុងព្រៃ បាន​ទាល់​តែមាន សត្វ ជា​អាហារ​របស់​វា មាន​គ្រប់គ្រាន់ នៅក្នុង​ព្រៃ​។ ប្រជាពលរដ្ឋ បើ​ចង់​ចូលរួម​អភិរក្ស សត្វ​ខ្លាធំ គឺ​ឈប់​ពិសា​សាច់​សត្វព្រៃ គ្រប់​ប្រភេទ​។ ពិតណាស់ អន្ទាក់ គឺធ្វើឡើង​ដោយ វិធី​សាមញ្ញ​បំផុត ប៉ុន្តែ​មាន​ប្រសិទ្ធភាព ខ្ពស់​។ អន្ទាក់ ដែល​ធ្វើឡើង​ដោយ​ខ្សែលួស ដូចជា ហ្វ្រាំង​កង់ និង​ងាយស្រួល ក្នុង​ការដាក់ ហើយ​បាន​បង្កើតជា​បញ្ហា​យ៉ាងច្រើន នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា​” ។​

​លោករដ្ឋលេខាធិការបានពន្យល់ទាក់ទិនទៅនឹងការបាត់បង់សត្វខ្លាធំនេះដែរថាដោយសារកាលពីមុនមកកម្ពុជា យើងមានសង្រ្គាមអត់មានពេលការគិតគូពេញលេញបានធ្វើឱ្យសត្វមួយចំនួនត្រូវបានបាត់បង់ដូចជាសត្វខ្លាធំនេះជាដើម។ទោះជាយ៉ាងណារូបភាពសត្វខ្លាធំដែលថតបានចុងក្រោយគឺនៅឆ្នាំ២០០៧នៅតំបន់ទេសភាពខ្ពង់រាប ភាគខាងកើត នៃប្រទេសកម្ពុជា។ ចាប់តាំងពីពេលនោះមក ពុំមានភស្តុតាងណាមួយ បង្ហាញថា មានសត្វ ខ្លាធំ នៅក្នុងប្រទេសកម្ពុជាទៀតទេ”។

លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ប្រចាំ ប្រទេស​កម្ពុជា ឬ​ហៅថា WWF បាន​ថ្លែងថាៈ កម្ពុជា ជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស ចំនួន ១៣ ដែលមាន​សត្វ​ខ្លាធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​បង្កើន​ទ្វេដង ចំនួន សត្វ​ខ្លាធំ ទូទាំង​ពិភពលោក ដោយបាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ នៅ​កម្ពុជា ដែល​ផ្តោតលើ​ការនាំយក​សត្វ​ខ្លាធំ ចូលទៅក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត នៃ ប្រទេស​កម្ពុជា ។​

​លោក សេង ទៀក បាន​មានប្រសាសន៍ថាៈ «​សត្វ​ខ្លាធំ គឺជា​សត្វ​ដ៏​អស្ចារ្យ និង​មាន​ភាព ទាក់ទាញ ហើយ​វា​ត្រូវបាន​ចាត់ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ នេះ​គឺជា​ពេលវេលា​ដែល ត្រឹមត្រូវ​បំផុត ដែល​យើងទាំងអស់គ្នា រួមគ្នា​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​នេះ​»​។​

​នាយក​អង្គការ​មូលនិធិ​សកល ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ប្រចាំ​ប្រទេស​កម្ពុជា បានបញ្ជាក់​បន្ថែមថាៈ ”​ប្រយោជន៍​មួយ​របស់​សត្វ​ខ្លាធំ ក្នុងចំណោម​អត្ថប្រយោជន៍​ផ្សេងៗ ទៀត​នោះ គឺ​សត្វ​ខ្លាធំ អាច​បង្កើន​ចំណូល​ថវិកាជាតិ តាមរយៈ​ទេសចរណ៍​ទស្សនា​សត្វ​ខ្លា​។ វា​អា​ចរក​ចំណូល​ខ្ពស់បំផុត​បើ​ប្រៀបធៀប​នឹង​ការរកចំណូល ពី​សត្វ​ដទៃទៀត ពីព្រោះថា អ្នកទេសចរ គេ​ចូលចិត្ត​មើល​វា​ណាស់​”​។​

​ជាមួយគ្នានេះ លោក​បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម ពី​គ្រប់​ស្រទាប់​ទាំងអស់ ដើម្បី​អភិរក្ស សត្វ​ខ្លាធំ ហើយក៏​សូម​អំពាវនាវ ដល់​អតិថិជន​ទាំងអស់ ឱ្យ​បញ្ឈប់​ការជួញដូរ សត្វ​ខ្លាធំ និង​សាច់​សត្វព្រៃ ជាបន្ទាន់ និង​សូមឱ្យ​រាជរដ្ឋាភិបាល ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​លើ​អ្នក​ដែល​ដាក់​អន្ទាក់ នៅក្នុង​ព្រៃ​ការពារ និង​បង្កើន​ការពិន័យ ដល់​អ្នក​ដែល​ដាក់​អន្ទាក់ ក្នុងព្រៃ​ការពារ ផងដែរ​។​

​លោក​បាន​បន្តថាៈ យើង​ត្រូវ​ធានា​ឱ្យបាន​ថា សត្វ​ខ្លាំ​ធំ មាន​កន្លែង និង​ចំណី ដែល​ពួកវា ត្រូវការ​ការពារ ទីជម្រក​ការបង្កើន​ចំនួន​សត្វរំពារ​របស់​វា និង​ការយក​ពួកវា ទៅ​ដាក់​កន្លែង ដែល​ពួកវា​ធ្វា​ប់រស់​នៅ គឺជា​ការដែល​ត្រូវធ្វើ ឱ្យ​ខាន​តែ​បាន​៕/V