ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ពួកអ្នកគាំទ្របព្វជិតសាសនាអ៊ីរ៉ាក់ដ៏មានឥទ្ធិពលលោក ម៉ូតតាដា សាដ(Moqtada Sadr)បានបន្តកាន់កាប់សភាអ៊ីរ៉ាក់កាលពីថ្ងៃសៅរ៍និងមិនមានផែនការចាកចេញទេ ដែលវាកាន់តែធ្វើអោយការប្រទាញប្រទង់នយោបាយចំណាស់រាប់ខែមកនេះកាន់តែផុងជ្រៅឡើង។
វាជាលើកទីពីរនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃនេះ ដែលអ្នកគាំទ្របព្វជិតនិកាយស៊ីអាយរូបនេះបានសំរុកចូលក្នុងអាគារសភា ក្រោយការបោះឆ្នោតកាលពីខែតុលាមិនបានផ្តល់លទ្ធផលសំរាប់បង្កើតចេញរដ្ឋាភិបាលមួយ។
ចលនារបស់លោកសាដ បានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា «បាតុករប្រកាសបាតុកម្មក្រាញក្នុងសភារហូតដល់មានការជូនដំណឹងជាថ្មី»។
សូមបញ្ជាក់ថា ក្នុងប្រទេសអ៊ីរ៉ាកដែលមាននិកាយសាសនានិងជនជាតិច្រើន ការបង្កើតរដ្ឋាភិបាលពាក់ព័ន្ធការចរចាដ៏ស្មុគស្មាញចាប់តាំងពីការឈ្លានពានដឹកនាំដោយអាម៉េរិកនៅឆ្នាំ២០០៣ដើម្បីទម្លាក់សាដាម ហ៊ូសេន។
ពួកអ្នកគាំទ្រលោកសាដ ដែលធ្លាប់បានដឹកនាំក្រុមជីវពលមួយប្រឆាំងកងកម្លាំងអាម៉េរិកនិងអ៊ីរ៉ាក់ ប្រឆាំងការជ្រើសតាំងលោក ម៉ូហាម៉េដ សៀ អាល់ ស៊ូដានី (Mohammed Shia al-Sudani)របស់ប្លុកគាំទ្រអ៊ីរ៉ង់អោយធ្វើជានាយករដ្ឋមន្ត្រី ដែលតាមធម្មតាមុខតំណែងនេះតែងធ្លាក់លើក្រុមភាគច្រើនស៊ីអាយរបស់អ៊ីរ៉ាក់។
បាតុករម្នាក់បាននិយាយថា«យើងមិនចង់បានលោក ស៊ូដានីទេ»។
ប្លុករបស់លោកសាដ បានផុសចេញពីការបោះឆ្នោតកាលពីខែតុលា ជាក្រុមធំបំផុតមួយនៅក្នុងសភា តែនៅខ្វះសម្លេងភាគច្រើនមួយសំរាប់បង្កើតរដ្ឋាភិបាល។បព្វជិតនេះឥឡូវប្រើប្រាស់ការតវ៉ាប្រឆាំងតាមដងផ្លូវដើម្បីដាក់សម្ពាធលើគូប្រជែងនុយោបាយ៕
បាតុករសំរុកចូលកាន់កាប់សភាកាលពីថ្ងៃសៅរ៍ នាំអោយប្រធានសភាលុបចោលផែនការប្រជុំសភាទាំងអស់