ស្ត្រី​អា​រ៉ា​ប៊ី រួច​ផុតពី​បំរាម​បើកបរ​

1287
ចែករម្លែក

​អាជ្ញាធរ​អា​រ៉ា​ប៊ី សា​អូឌីត អនុញ្ញាតអោយ​ស្ត្រី​បើកបរ​រថយន្ត​ចាប់ពី​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា​នេះ​តទៅ ដោយ​លុបចោល​បំរាម​មានតែ​មួយគត់​លើ​លោក​គឺ​ហាម​មិនអោយ​​ស្ត្រី​បើកបរ នៅក្នុង​ផ្នែក​នៃ​កំណែ​ទំរង់​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​គេ​រំពឹងថា​នឹង​ជំរុញ​បង្កើត​យុគសម័យ​សេវា​សង្គម​ថ្មី​មួយ​។​

​ចំណាត់ការ​នេះ​ជា​ផ្នែក​នៃ​កំណែ​ទំរង់​ទូទៅ​របស់​ព្រះអង្គម្ចាស់​រាជទាយាទ​ម៉ូ​ហា​ម៉េ​ត ប៊ី​ន សាល់​ម៉ាន ដើម្បី​ធ្វើ​ទំនើបកម្ម​ព្រះរាជាណាចក្រ​ពឹង​លើ​ប្រេង​និង​អភិរក្ស​របស់​​ទ្រង់​។​

​ស្ត្រី​នៅ​ទីក្រុង​រី​យ៉ា​ត​និង​ទីក្រុង​ដទៃទៀត ចាប់ផ្តើម​បើកបរ​ដោយ​ទឹកមុខ​រីករាយ​ពេញ​ដង​វិថី​បន្ទាប់ពី​បំរាម​ត្រូវបាន​ដកចេញ​កាលពី​ពាក់​កណ្តាលយប់​ដោយ​រថយន្ត​​ខ្លះ​ថែមទាំង​បញ្ចេញ​សម្លេង​ចំរៀង​តន្ត្រី​មកពី​ខាងក្នុង​រថយន្ត​ផង​។​

​សា​ប៊ី​កា អាល់​-​ដូ​សារី ពិធី​ការិនី​ទូរទស្សន៍​អា​រ៉ា​ប៊ី សា​អូឌីត ម្នាក់ បាន​និយាយ​មុន​បើករថយន្ត​កាត់​ព្រំដែន​ចូល​ប្រទេស​បា​រ៉ែ​ន​ថា​” វា​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​សំ​​រាប់​ស្ត្រី​អា​រ៉ា​ប៊ី សា​អូឌីត គ្រប់រូប​”​។​

​ការដក​បំរាម​ចំណាស់​រាប់​ទសវត្សរ៍​នេះ​ជាការ​ផ្លាស់ប្តូរ​មួយ​សំរាប់​ស្ត្រី​អា​រ៉ា​ប៊ី សា​អូឌីត ដោយ​រំដោះ​ពួកគេ​ចេញពី​ការពឹង​លើ​អ្នកបើក​ឯកជន​ឬ​សាច់ញាតិ​ជា​បុរស​។​

​ព្រះអង្គម្ចាស់​អាល់​-​វា​លី​ដ ប៊ី​ន តា​ឡា​ត បាន​និយាយ​ក្នុងពេល​បុត្រី​របស់​ទ្រង់​បើករថយន្ត​ថា​” នេះ​ជា​សមិទ្ធផល​ធំ​មួយ​។​ឥឡូវ​ស្ត្រី​មាន​សេរីភាព​”​។​

​សូមបញ្ជាក់ថា ស្ត្រី​ប្រមាណ​៣​លាន​នាក់​នៅ​អា​រ៉ា​ប៊ី សា​អូឌីត អាច​ទទួល​លិខិត​បើកបរ​និង​ចាប់ផ្តើម​បញ្ជា​ចង្កូតរថយន្ត​នៅ​យ៉ាងយូរ​ត្រឹម​ឆ្នាំ​២០២០​។​

​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ត ក៏បាន​ដក​បំរាម​ចំពោះ​ការចូល​ទស្សនា​ភាពយន្ត​និង​ការប្រគំ​តន្ត្រី​ពី​សំណាក់​បុរស​និង​ស្ត្រី​លាយឡំ​គ្នា ក្រោយពី​សាធារណជនរ​បស់​ព្រះអង្គ​ប្តេជ្ញា​​នាំ​ព្រះរាជាណាចក្រ​មួយ​នេះ​ទៅរក​ប្រជាជាតិ​កាន់សាសនា​អ៊ីស្លាម​ដ៏​ទំនើប​មួយ​៕​ដោយ​៖​វាសនា​