ដោយៈ គងហេង/ ត្បូងឃ្មុំៈ រថយន្តមួយគ្រឿងនិងម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរបានប៉ះទង្គិចគ្នាបណ្តាលឱ្យបុរសជាអ្នក បើកបរម៉ូតូម្នាក់ស្លាប់នៅលើផ្លូវជាតិលេខ ៧៣ ស្ថិតក្នុងភូមិព្រែកជរ ឃុំសេដារ ស្រុកតំបែរ កាលពីរសៀលថ្ងៃទី ៣០ កក្កដាម្សិលមិញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា បុរសជាជនរងគ្រោះឈ្មោះ អ៊ុន វ៉ាន់ដា អាយុ ៣៣ ឆ្នាំមានទីលំនៅភូមិទួលសម្បូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ។ជនរងគ្រោះបើកបរម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ ១E-១៣០៩ ។ ចំណែកអ្នកបើកបររថយន្តព្រូសពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២BP-៥៣៦៩ មិនត្រូវបានស្គាល់ឈ្មោះ ដោយសារក្រោយកើតហេតុបានទុករថយន្តចោលគេចខ្លួនបាត់។

សាក្សីនៅក្បែរកន្លែងកើតហេតុបានប្រាប់សមត្ថកិច្ចថានៅមុនគ្រោះថ្នាក់រថយន្តនិងម៉ូតូបានបើកបរទិសផ្ទុយគ្នា។ ប៉ុន្តែខាងរថយន្តបានបើករេចង្កូតចូលគន្លងផ្លូវខាងម៉ូតូ ទើបបុកម៉ូតូម៉ាកហុងដាឌ្រីមពេញទំហឹង ធ្វើឱ្យអ្នកបើកបរម៉ូតូដេកស្លាប់នៅនឹងកន្លែង៕សរន