ដោយ: ភ្នំខៀវ / បាត់ដំបង÷ ក្រុមអាជីវករនៅក្នុងទីប្រជុំជនស្រុកកំរៀងបានប្រតិកម្មនឹងការដំឡើងថ្លៃភាស៊ីស្មើនឹងបីដងនៃតម្លៃចាស់។

អ្នកស្រី គន្ធា ម្ចាស់អាហារដ្ឋាននៅក្នុងទី ប្រជុំជនស្រុកកំរៀង បាននិយាយនៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២នេះឲ្យដឹងថា កន្លងទៅអ្នកស្រីបានបង់ថ្លៃសេវាប្រមូលសំរាមត្រឹមតែចំនួន ២៥ ០០០រៀលប៉ុណ្ណោះក្នុងមួយខែ ។ប៉ុន្តែនៅថ្ងៃទី ២៨ ខែកក្កដា នេះក្រុមការងារក្រុមហ៊ុនប្រមូលសំរាមបានចុះមកជូនដំណឹងប្រាប់ថា ថ្លៃបង់សេវាប្រមូលសំរាមចាប់ពីខែសីហា តទៅបានកែសម្រួលថ្មីហើយដោយកើនឡើងដល់ចំនួន ៩៥ ០០០រៀលនៅក្នុងមួយខែវិញលើទីតាំងអាហារដ្ឋានដែលមានទំហំផ្ទះពីរល្វែង។

អ្នកស្រីបន្ត ចំនួនថ្លៃសេវាកើនឡើងយ៉ាងខ្ពស់បើប្រៀបធៀបនិងកន្លងមកនេះ លោកស្រីមិនមានលទ្ធភាពបង់បានទេ ព្រោះការលក់ដូរបច្ចប្បុន្នមិនសូវដាច់ឡើយ ។លោកស្រីសំណូមពរឲ្យខាងក្រុមហ៊ុន ឬអាជ្ញាធរស្រុកជួយបន្ធូរបន្ថយបង់ត្រឹមតែ ៣០ ០០០ ទៅ ៣៥ ០០០រៀលទើបអាចរត់រួច។

ចំណែកលោក គង់ សម្បត្តិ តំណាងក្រុមហ៊ុន ចែ វិច ភាស៊ីបានបញ្ជាក់ថាការដំឡើងថ្លៃសេវាអាជីវកម្មខាងលើនេះគឺអនុវត្តតាមការកំណត់របស់ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងហិរញ្ញវត្ថុ ដើម្បីឲ្យមានតុល្យភាពនឹងតម្លៃប្រេង។

ក្នុងពេលដំណាលគ្នារដ្ឋបាលស្រុកកំរៀងក៏បានចេញសេចក្តីជូនដំណឹងដល់បណ្តាប្រជាពលរដ្ឋ ម្ចាស់លំនៅដ្ឋាន ម្ចាស់អាជីវកម្ម សេវាកម្ម ស្ថាប័នរដ្ឋ និងឯកជនទាំងអស់ចូលរួមបង់កម្រៃសេវាគ្រប់គ្រងសំរាមសំណល់រឹងថ្មីឲ្យបានរួសរាន់ទាន់ពេលវេលាទៅតាមតារាងកម្រៃថ្មី ពុំនោះទេរដ្ឋបាលស្រុកកំរៀង និងចាត់វិធានការរដ្ឋបាលដោយមិនលើកលែងឡើយ៕សរន