ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អម្ពិលទឹក​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​មាន​បន្លា​រង្វើលៗ ស្លឹក​តូច​, សាច់​ផ្លែ​មាន​រសផ្អែម​ចត់​ល្មម​បរិភោគបាន​, គ្រាប់​ខ្មៅ ងាយ​បណ្ដុះ​ដាំ​, គេ​ច្រើន​ដាំ​ធ្វើជា​របង​រស់ នៅបាន​យូរ​ឆ្នាំ​, កាលណា​លូតលាស់​ហួសប្រមាណ គេ​កាត់​តម្រឹម​ឲ្យ​សមរម្យ​បាន​ដោយ​ងាយ​
​របង​អម្ពិលទឹក ។​

អសង្ខេយ្យ​

(​អៈស​ង់​-​ខៃ​)

​គុណសព្ទ​

(​បា​. ) ដែល​ច្រើន​រាប់​ពុំ​អស់​, ដែល​រាប់​ពុំបាន​ប្រមាណ​ពុំ​អស់​
​ច្រើន​ជា​អសង្ខេយ្យ (​ប្រើ​ក្លាយជា អសង្ខៃយ ក៏មាន​) ។​
​ន​. ឈ្មោះ​សំខ្យា​ចំនួន​មួយរយ​សែន​មហាកថាន (​មាន ១៤០ សូន្យ​) ។ អសង្ខេយ្យ​អប្បមេយ្យ ច្រើន​រាប់​ពុំបាន​ស្មាន​ឬ​ប្រៀបប្រដូច​ពុំ​កើត​…
​មាន​ផលានិសង្ស​ជា​អសង្ខេយ្យ​អប្បមេយ្យ ។​

​អាទ្យូន​

គុណសព្ទ​

(​សំ​. ) ដែលមាន​ពោះធំ​កំប៉ោង​, ដែល​ដុះពោះ​កំប៉ោង​; ដែល​បរិភោគបាន​ច្រើន​ហួសប្រមាណ (​ស៊ី​ច្រើន​)
​មនុស្ស​អាទ្យូន (​ព​. កា​. ) : មនុស្ស​អាទ្យូន ដុះ​ពោះធំ​ពូន កំប៉ោង​ដូច​ហ៊ីង អាហារ​មួយ​ថាស ស៊ី​អស់រលីង ពោះធំ​ត្រ​ពីង នៅតែ​ដដែល ។ ឬ មួយបែប​ទៀតថា : រូបរាង​អាទ្យូន ប៉ុន្តែ​មានកូន សុទ្ធតែ​ស្រស់បស់ គាត់​មានកេរ្តិ៍ឈ្មោះ ថា​ជា​សប្បុរស កូន​គាត់​ទាំងអស់ សុទ្ធតែ​បានការ ។​

​អារ​

​កិរិយាសព្ទ​

​កាត់​, បំបែក​, ច្រៀក​, កាត់ផ្ដាច់​, តម្រឹម​ដោយ​រណារ​
​អារឈើ​, អាររម្លំ​, អារបំបែក​, អារច្រៀក​, អារផ្ដាច់​, អារតម្រឹម ។​
​កាត់​ពន្លះ​, លឿយ​កាត់ផ្ដាច់ ដោយ​សស្ត្រា​មានកាំបិត​ជាដើម (​រុញ​ទាញៗ​ដូចជា​កាត់​ដោយ​រណារ​)
​អារពន្លះស្បែក ។​
​អារកាត់ (​ព​. ប្រ​. ) សម្រេចសេចក្ដី​ដោយ​កាត់​ប្រមាណ​, ដោយ​ស្មាន​
​ខ្ញុំ​មិន​ហ៊ាន​អារកាត់​សេចក្ដី​នេះ​ទេ ។​

​គុណសព្ទ​

​ដែល​កាត់ផ្ដាច់​ប្រយោជន៍​ដែល​ខ្លួន​ត្រូវបាន គឺ​ប្រយោជន៍​ខាង​ការបន្ត​ពូជពង្ស និង​មាតាបិតុបដ្ឋាន ។​
​អារ នេះ​ជា​ពាក្យ​ហៅ​គូ​ស្វាមីភរិយា​ដែល​ឥត​កូន គឺ​ដែល​មិន​ធ្លាប់​មានកូន​សោះ​, ហៅថា ស្រី​អារ​, ប្រុស​អារ​, អារ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​, មេគោ​អារ (​ស្រី​អារ ព​. ខ្ព​. ថា វញ្ឈា​) ។​
​ទ្រព្យ​អារ​ទ្រព្យ​ផុត ទ្រព្យសម្បត្តិ​របស់​គូ​ស្វាមីភរិយា​ទាំងពីរ​នាក់​ដែល​អារ​ឥត​កូន ហើយ​អ្នក​ទាំងពីរ​នោះ​ឥត​បានប្រគល់​ឲ្យ​ដល់​ញាតិ​ឬ​ដល់​បុគ្គល​ណាមួយ​សោះឡើយ​, លុះ​ឥត​អំពី​អ្នក​ទាំងពីរ​នាក់​នោះ​ទៅ​, ទ្រព្យសម្បត្តិ​នោះ​ត្រូវ​បានជា​ប្រយោជន៍​នៃ​ឃ្លាំង​ព្រះរាជ​ទ្រព្យ ឬ​ជា​ប្រយោជន៍​ឃ្លាំង​របស់​រាជការ គឺ​ត្រូវ​ទុកជា​សម្បត្តិ​របស់​ប្រទេសជាតិ​តទៅ​
​ស្រែ​និង​ចម្ការ​នោះ​ជា​ទ្រព្យ​អារ​ទ្រព្យ​ផុត​នៃ​តា “​ក​.” យាយ “​ច​.” ។​
​ពាក្យ​ជា​គុណបទ​នេះ កាលពីដើម អ្នកសរសេរ​តាម​ទម្លាប់​រៀងខ្លួន គឺ​សរសេរ​ជា អា ក៏មាន ជា អារ ក៏មាន​, តាំងពី​នេះ​តទៅ​គួរ​សរសេរ​ជា អារ ចុះ ព្រោះ​មាន​អត្ថន័យ​សមជា​ង អា ។​

​ឧទរ​

(​អ៊ុ​-​ទ​)

នាមសព្ទ​

( សំ​. បា​. ) ពោះ​, ផ្ទៃ ។ រ​. ស​. ព្រះ​ឧទរ ។ ប្រើ​ជា​ឥស្សរសព្ទ​និង​សមណសព្ទ​ក៏បាន : ព្រះតេជព្រះគុណ​មិនសូវ​សប្បាយ​ឧទរ ( កុំ​ប្រើពាក្យ ព្រះ ) ។ អ​. ថ​. អ៊ុ​ទៈរៈ​, ដូចជា ឧទរការណ៍ ហេតុ​នៃ​ពោះ គឺ​ដំណើរ​គ្រាន់តែ​ចម្អែត​ពោះ : នៅ​បម្រើ​គេ​ដោយ​ឧទរការណ៍ នៅ​បម្រើ​គេ​ដោយ​គ្រាន់តែ​ចម្អែត​អាត្មា​ប៉ុណ្ណោះ ។ ប្រើ​ដូចជា គុ​. ក៏បាន : របរ​ឧទរការណ៍ របរ​គ្រាន់តែ​ចម្អែត​ពោះ ។ ឧទរបាត្រ ក្រពះ ។ ឧទរប្បមាណ ឬ –​ប្រមាណ ការ​ស្មាន​ឬ​ស្ទង់​ឲ្យ​ល្មម​តែមួយ​ចម្អែត : បរិភោគ​ដោយ​ឧទរប្បមាណ ( ប្រើ​ដូចជា គុ​. ក៏បាន : អាហារ​ឧទរប្បមាណ អាហារ​មាន​ចំនួន​ត្រឹម​តែមួយ​ឆ្អែត ) ។ ឧទររោគ ឬ ឧទរាពាធ រោគ​ឈឺពោះ​, ជំងឺ​ពោះ ។ ល​។​