ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានសភាអាម៉េរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី កាលពីថ្ងៃអាទិត្យទី៣១កក្កដាបានបញ្ជាក់អះអាងថា លោកស្រីនឹងធ្វើទស្សនកិច្ចប្រទេសបួននៅអាស៊ីនៅសប្តាហ៍នេះ តែមិនបាននិយាយឈ្មោះកោះតៃវ៉ាន់សំរាប់ការឈប់សំចតដែលអាចកើតឡើងណាមួយនោះទេបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងព្រមានចាត់វិធានការបើសិនជាលោកស្រីនៅតែចចេសទៅធ្វើទស្សនកិច្ចលើកទឹកចិត្តពួកផ្តាច់ខ្លួននិយមនៅលើកោះដែលជាទឹកដីរបស់ចិននេះ។
ផេឡូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកស្រីនឹងដឹកនាំគណៈប្រតិភូសភាមួយទៅកាន់សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូងនិងជប៉ុនដើម្បីពិភាក្សាពាណិជ្ជកម្ម ជំងឺឆ្លងកូវីដ១៩ ការប្រែប្រួលអាកាសធាតុ សន្តិសុខនិងអភិបាលកិច្ចប្រជាធិបតេយ្យ។
ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់អះអាងចំពោះរបាយការណ៍ព័ត៌មានដែលថាលោកស្រីអាចនឹងទៅកាន់តៃវ៉ាន់ថែមទៀតនោះទេ។
ប្រធានាធិបតីចិនលោកស៊ី ជីនភីង ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអាម៉េរិកចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានព្រមានកុំអោយអាម៉េរិកជ្រៀតជ្រែកកិច្ចការរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយនឹងកោះផ្តាច់ខ្លួននិយមនេះ។
ចិនប៉េកាំងមើលឃើញការទាក់ទងផ្លូវការរបស់អាម៉េរិកជាមួយតៃវ៉ាន់ថាជាការលើកទឹកចិត្តសំរាប់ឯករាជ្យភាពអចិន្ត្រៃយ៍របស់កោះដែលគ្រប់គ្រងដោយខ្លួនឯងនេះខណៈខ្លួនចង់បង្រួបបង្រួមតៃវ៉ាន់ជាមួយមហាចិនដីគោកឡើងវិញ។
សេចក្តីថ្លែងការណ៍របស់ផេឡូស៊ីបាននិយាយថា «ក្រោមការដឹកនាំដ៏រឹងមាំរបស់ប្រធានាធិបតីបៃដិន អាម៉េរិកប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការចូលរួមពាក់ព័ន្ធដោយវៃឆ្លាតនិងយុទ្ធសាស្ត្រនៅក្នុងតំបន់ ដោយសារយល់ឃើញថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរីនិងរីកចំរើនមួយមានសារសំខាន់ចំពោះវិបុលភាពនៅក្នុងប្រជាជាតិរបស់យើងនិងជុំវិញពិភពលោក»។
សូមរំលឹកថា តៃវ៉ាន់និងចិនប៉េកាំងបានបែងចែកគ្នាកាន់កាប់នៅឆ្នាំ១៩៤៩ក្រោយពីពួកកុំម្មុយនីស្តឈ្នះសង្គ្រាមស៊ីវិលមួយនៅចិនដីគោកហើយពួកជាតិនិយមជៀង កៃជៀកបានរត់ភៀសខ្លួនទៅនៅលើកោះនេះ។។ភាគីទាំងពីរនិយាយថា ពួកគេជាប្រទេសមួយតែខ្វែងគំនិតគ្នាអំពីថាតើរដ្ឋាភិបាលណាមួយមានសិទ្ធិកាន់កាប់ការដឹកនាំជាតិទោះជាយ៉ាងណាចិនមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិនិងប្រទេសស្ទើរទាំងអស់លើពិភពលោក។ពួកគេក៏មិនមានទំនាក់ទំនងផ្លូវការតែធ្វើពាណិជ្ជកម្មនិងការវិនិយោគតំលៃរាប់ពាន់លានដុល្លារជាមួយគ្នា។
អាម៉េរិកបានដូរការទទួលស្គាល់ពីតៃវ៉ាន់មកចិនប៉េកាំងវិញនៅឆ្នាំ១៩៧៩ តែនៅរក្សាទំនាក់ទំនងមិនផ្លូវការជាមួយកោះនេះ។តាមច្បាប់អាម៉េរិក រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមានកាតព្វកិច្ចមើលថែថា រដ្ឋាភិបាលតៃវ៉ាន់មានមធ្យោយោបាយគ្រប់គ្រាន់ដើម្បីការពារខ្លួន។
រដ្ឋាភិបាលទីក្រុងប៉េកាំងមិនបានបញ្ជាក់លម្អិតទេថាខ្លួននឹងប្រតិកម្មបែបណា បើសិនជាលោកស្រីផេឡូស៊ីធ្វើទស្សនកិច្ចតៃវ៉ាន់ តែកាលពីសប្តាហ៍មុនក្រសួងការពារជាតិចិនបានព្រមានថា យោធាចិននឹងចាត់វិធានការខ្លាំងក្លា ដើម្បីរារាំងការជ្រៀតជ្រែកមកពីខាងក្រៅ ៕
ផេឡូស៊ី បាននិយាយថា គណៈប្រតិភូរបស់លោកស្រីរួមមានប្រធានគណៈកម្មាធិការសភាទទួលបន្ទុកកិច្ចការបរទេស ប្រធានគណៈកម្មាធិការខាងកិច្ចការទាហានជើងចាស់ អនុប្រធានគណៈកម្មាធិការសភាទទួលបន្ទុកវិធីនិងមធ្យោបាយ និងសមាជិកសភាជាច្រើនរូបទៀត