ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ នៅតាមបណ្តាខេត្តមួយចំនួនបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សខ្មែរួបរួមជាតិ របស់លោកញឹក ប៊ុនឆៃ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
លោកញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិបានប្រាប់រស្មីកម្ពុជាឱ្យដឹងថា ថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ មានដូចជា សមាជិកគណៈកម្មាធិការនាយក និងជាប្រធានគណបក្សខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងអនុប្រធានគណបក្សខេត្តព្រះសីហនុ , ប្រធានបក្សក្រុងសិរីសោភ័ណ , ប្រធានបក្សស្រុកអូរជ្រៅ រួមទាំងសមាជិកអចិន្រ្តៃយ៍ ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ឆ្នាំង រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។
លោកញឹក ប៊ុនឆៃ បញ្ជាក់ថា នៅក្នុងពេលឆាប់ៗខាងមុខនេះ លោកនឹងអញ្ជេីញចុះតាមបណ្តាខេត្តមួយចំនួនដេីម្បីជួបជាមួយសមាជិក សមាជិការបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ។
ចំណែកថ្នាក់ដឹកនាំគណបក្សខ្មែរស្រឡាញ់ជាតិ បានអះអាងថា ការមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ គឺដោយសារពួកគាត់អស់ជំនឿលេីប្រធាន និងអនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រកាសរំលាយគណបក្សកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។ ហេីយពួកគាត់មកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ គឺដោយស្ម័គ្រចិត្តគ្មានការបង្ខិតបង្ខំនោះទេ និងដោយសារឃេីញគោលនយោបាយរបស់គណបក្សខ្មែររួបរួមជាតិ ល្អ។
សូមជម្រាបថា ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូប របស់គណបក្សខ្មែស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន ចាប់ពីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ តទៅ៕សរន
យោងតាមសេចក្តីថ្លែងការណ៍គណបក្សខ្មែស្រឡាញ់ជាតិ នៅថ្ងៃទី២៩ ខែកក្កដា នេះបានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរ ផលប្រយោជន៍របស់ជាតិជាធំ”ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ”៕សរន