ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រដ្ឋាភិបាលចិនបានប្រកាសថាបំណែកកំទេចកំទីមកពីរ៉ុក្កែតចិនធំមួយដែលបាននាំផ្នែកបង្គំនៃស្ថានីយអវកាសថ្មីរបស់ចិនចូលក្នុងតារាវិថីបានធ្លាក់ចូលក្នុងសមុទ្រហ្វីលីពីនកាលពីថ្ងៃអាទិត្យទី៣១កក្កដា ដោយភាគច្រើននៃកំណាត់ចុងក្រោយរបស់រ៉ុក្កែកLong March-5Bនេះបានឆេះអស់ពេលពួកវាចូលក្នុងបរិយាកាសផែនដី។
ទីភ្នាក់ងារអវកាសចិនបានរាយការណ៍ថា ភាគច្រើនបំផុតនៃកំណាត់ចុងក្រោយ(ផ្នែកឥន្ធនៈជំរុញ)នៃរ៉ុក្កែតLong March-5Bបានឆេះអស់ពេលវាធ្លាក់ចូលក្នុងបរិយាកាសផែនដីនៅម៉ោង១២និង៥៥នាទីរំលងអធ្រាត ចូលថ្ងៃអាទិត្យទី៣១កក្កដា ។
សេចក្តីប្រកាសបាននិយាយថា បំណែករ៉ុក្កែតនេះធ្លាក់ក្នុងតំបន់ដែនទឹកនៅភាគអាគ្នេយ៍នៃទីក្រុងព័រតូ ព្រីនសេសានៅលើកោះ ប៉ាឡាវ៉ាន។ក្នុងពេលជាមួយគ្នាមិនមានសេចក្តីរាយការណ៍ពីអាជ្ញាធរហ្វីលីពីនថាតើមាននរណាម្នាក់រងរបួសដោយការធ្លាក់កំទេចរ៉ុក្កែតនេះទេ។
សូមបញ្ជាក់ថា ចិនរងការរិះគន់ចំពោះអនុញ្ញាតអោយកំណាត់រ៉ុក្កែតធ្លាក់មកផែនដីដោយសេរីចំនួនពីរលើកកាលពីមុន។កាលពីឆ្នាំមុន អង្គការណាសារបស់អាម៉េរិកបានចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថា«មិនបានបំពេញតាមស្តង់ដាទទួលខុសត្រូវពាក់ព័ន្ធនឹងកំទេចអវកាសរបស់ខ្លួន»បន្ទាប់ពីផ្នែកនៃរ៉ុក្កែតចិនមួយបានធ្លាក់នៅក្នុងមហាសមុទ្រឥណ្ឌា។
ស្ថានីយអវកាសដំបូងរបស់ចិន Tiangong-1បានធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិកក្នុងឆ្នាំ២០១៦ក្រោយពីរដ្ឋាភិបាលទីក្រុងប៉េកាំងអះអាងថាខ្លួនបាត់បង់ការគ្រប់គ្រងវា។ រ៉ុក្កែតចិនទម្ងន់១៨តោនមួយបានធ្លាក់ដោយគ្មានការគ្រប់គ្រងនៅឆ្នាំ២០២០៕
រូបបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បង្ហាញរ៉ុក្កែត Long March 5B Y3 ផ្ទុកបន្ទប់ស្ថានីយអវកាសWentianបាញ់ផ្សែងចេញពីកន្លែងបាញ់បង្ហោះយានអវកាសនៅក្នុងខេត្តហៃណាន់កាលពីថ្ងៃ២៤កក្កដា