ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រុមសីដក់ និងឈិឡូនកម្ពុជា បានបញ្ចប់បេសកកម្មប្រកួត ក្នុងព្រឹត្តិការណ៍ព្រឹត្តិការណ៍ King Cup World Championship ឆ្នាំ២០២២ ដោយទទួលបានមេដាយប្រាក់ ២គ្រឿង និង សំរិទ្ធ ២គ្រឿង ។

ជាមួយនឹងការបញ្ចប់នេះ ក្រុមសីដក់ និងសីឈិនឡូនកម្ពុជា ត្រូវត្រឡប់មកខ្មែរ ដើម្បី បំពេញបែបបទ ទៅហ្វឹកហាត់នៅប្រទេសថៃ នាខែសីហានេះ។ ការហ្វឹកហាត់នេះ នឹងបន្តរហូត ដល់ខែវិច្ឆិកា ២០២២ ទើបត្រឡប់មកវិញ ដើម្បីចូលរួមក្នុងការប្រកួតកីឡាជាតិ។

បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាជាតិ ក្រុមសីដក់ និងសីឈិនឡូនកម្ពុជា នឹងទៅហ្វឹកហាត់បន្ត នៅប្រទេសមីយ៉ាន់ម៉ា ទាល់តែកៀកស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ទើបត្រឡប់មកវិញ ។

ការហ្វឹកហាត់នេះ រហូតជិតដល់ស៊ីហ្គេម ២០២៣ ទើបត្រឡប់មកវិញ ពីព្រោះដើម្បីឲ្យកីឡាករ-កីឡាការិនីប្រាកដច្បាស់ថា នឹងយកមេដាយ ជូនជាតិឲ្យបាន សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។

លោក ជាតិ ខេមរា គ្រូបង្វឹកក្រុមកីឡាសីដក់ និងឈិនឡូនកម្ពុជា បានប្រាប់ថាៈ «យើងត្រ ឡប់ទៅវិញសិន ដើម្បីបំពេញឯកសារមកហាត់នៅថៃ ហើយនឹងមកវិញ ពេលប្រកួតកីឡាជាតិខែ១១ (វិច្ឆិកា)។ យើងនឹងបន្តចេញទៅហាត់មីយ៉ាន់ម៉ាទៀត។ សម្រាប់ការហ្វឹកហាត់នេះយើងនឹងហាត់នៅមីយ៉ាន់ម៉ា រហូតដល់កៀកស៊ីហ្គេម ២០២៣ ទើបយើងមកខ្មែរវិញ»។

លោកបានបន្ថែមថាៈ បើមើលសមត្ថភាព កីឡាករ កីឡាការិនី នៅមានចំណុចខ្វះខាតខ្លះៗ។ ពិសេសគឺអារម្មណ៍ក្នុងពេលប្រកួត ដែលទាមទារឲ្យក្រុមការងារ ដាច់ខាតត្រូវតែពង្រឹងពីព្រោះកន្លងមក ក្រុមការងារ សិក្សាមើលទៅពេលប្រកួត កីឡាករ កីឡាការិនី ហាក់នៅភ័យខ្លាច។ ដូច្នេះ ដើម្បីសម្រេចឲ្យបាននូវគោលដៅ ដែលបានកំណត់ (យ៉ាងហោចណាស់ មេដាយមាស ១ឬ២ គ្រឿង) សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ក្រុមស៊ីដក់ បានដាក់ចិត្តកាយ ក្នុងការហ្វឹកហាត់ ពិសេសនោះ គឺសម្លឹងមើលការហ្វឹកហាត់ក្រៅប្រទេស ឲ្យបានយូរអង្វែង។

លោកគិតថាៈ បើហាត់នៅប្រទេសខ្លាំងៗខាងផ្នែកវិស័យកីឡានេះ កម្ពុជាពិតជាអាចសម្រេចគោលដៅបានជាក់ជាមិនខាន។

ជុំវិញការទៅហាត់រយៈពេលវែងនេះ លោក ជាតិខេមរា បានសង្កត់ធ្ងន់ថាៈ កន្លងមក ក្រុមកីឡាករ កីឡាការិនីកម្ពុជា ធ្លាប់បានចេញទៅហាត់នៅក្រៅប្រទេស រយៈពេល ៣ខែ រួចមកហើយ ក្នុងការត្រៀមការប្រកួតព្រឹត្តិការណ៍ផ្សេងៗ។ប៉ុន្តែលោកសង្កេតឃើញថា ការហ្វឹកហាត់ត្រឹម ៣ខែ កីឡាករ កីឡាការិនី នៅមានភាពស្រពេចស្រពិល ទើបលើកនេះ លោកសម្រេចចេញទៅ ហាត់រយៈពេលវែង៕/V