ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ម្សិលមិញនេះក្រុមបាល់បោះរទេះនារី ៣ទល់៣ រកបានមេដាយមាស មួយគ្រឿងហើយ បន្ទាប់ពីប្រកួតឈ្នះក្រុមថៃ ៧ទល់៥នោះ ។ នេះជាមេដាយមាសទី១ បន្ទាប់ពីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូប្រទេសឥណ្ឌូណេស៊ី។

លោក យី វាសនា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្មអត្តពលិកជនពិការកម្ពុជា មកប្រទេសឥណ្ឌូណេស៊ី បានមានប្រសាសន៍ថាៈ «ថ្ងៃនេះ គឺជាថ្ងៃដ៏សប្បាយរីករាយបំផុត។ នេះជាថ្ងៃទី៣ហើយ ប្រតិភូយើងខំប្រឹងយ៉ាងសស្រាក់សស្រាំខ្លាំងណាស់។ ដូចយើងបានសន្យាពីភ្នំពេញមកថា យើងបានកំណត់មេដាយមាស ចំនួន ៣ គ្រឿង និងប្រាក់ សំរឹទ្ធជាច្រើនទៀត។ ឥឡូវនេះ យើងបានមេដាយមាស ១ហើយ។ ក្រុមបាល់បោះពិការជិះរទេះនារីកម្ពុជា ៣ទល់៣ យើងបានសម្រេចគឺបានមេដាយមាសហើយ។ ក្រុមនារី នៅមានប្រកួតវិញ្ញាសា ៥ទល់៥ទៀត»។

ក្រៅពីនោះទៀត កីឡាខ្លះចាញ់ កីឡាខ្លះក៏ឈ្នះរួមមាន កីឡាបាល់ទះអង្គុយ កាលពីព្រឹកមិញនេះ ទទួលបានជោគជ័យ លើក្រុមហ្វីលីពីនគឺ ៣សិត០ តែម្តង។ ថ្ងៃនេះ ក្រុមបាល់ទះអង្គុយកម្ពុជាយើង នឹងជួបដៃគូចាស់ សងសឹកគឺមីយ៉ាន់ម៉ា។ ប្រសិនបើថ្ងៃនេះ ឈ្នះក្នុងការប្រកួតវិលជុំ យើងនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។

គណៈប្រតិភូយើងដែលដឹកនាំដោយលោក ហ៊ុន ម៉ានី លោក វ៉ាត់ ចំរើន កំពុងចុះសិក្សាស្វែងយល់គ្រប់ទីកន្លែងប្រកួត។ ខ្ញុំជឿថា បទពិសោធន៍នេះ នឹងចាប់យកបាន ហើយយកទៅវិញកែច្នៃយ៉ាងម៉េចឲ្យកម្ពុជាយើងមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងសហគមន៍អាស៊ាន។

អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្នុងនោះ កម្ពុជា បានបញ្ជូនអត្តពលិកសរុប ១១៥នាក់ លើ ១១ ប្រភេទកីឡាចូលរួម គឺមានកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយបុរស និងនារី បាល់បោះរទេះបុរស និងនារី បាល់បោះជនពិការភ្នែក បាល់ទាត់ចលករខួរក្បាល (៧ម្ខាង) វាយកូនឃ្លីលើតុ វាយសី លើកទម្ងន់ អុក និង ប៊ូស្យា៕/V