ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កីឡាចំនួន ១២ ប្រភេទ ត្រូវបានក្រុមប្រឹក្សាសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ បានសម្រេចជាផ្លូវការក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គ លេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួត ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានធ្វើបទបង្ហាញ ស្តីពីការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដល់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារ Swiss BelHotel ក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី។

លោកបានបញ្ជាក់ថាៈ ការធ្វើបទបង្ហាញ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសហព័ន្ធកីឡាជនពិការអាស៊ាន ព្រឹកនេះ បានសម្រេចជាផ្លូវការនូវចំនួនកីឡា ១២ ប្រភេទ សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីកីឡាទាំង ១២ ប្រភេទ ដែលត្រូវបានអនុម័តជាផ្លូវការ ក៏នៅមានកីឡាខ្លះទៀត ត្រូវបានដាក់សម្រាប់ការ ពិចារណា។

កីឡាទាំង ១២ ដែលត្រូវបានអនុម័តជាផ្លូវការគឺ ប៊ូស្យា បាល់ទាត់៥ម្ខាង (ចលករខួរក្បាល) បាល់បោះពិការភ្នែក វាយសី វាយកូនឃ្លីលើតុ បាល់ទះអង្គុយ អុក បាល់ទាត់៧ម្ខាង (ចលករខួរក្បាល) អត្តពលកម្ម ហែលទឹក លើកទម្ងន់ និងបាល់បោះជិះរទេះ។

តាមការគ្រោងទុក កម្ពុជា នឹងទទួលរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ០៣-០៩ ខែមិថុនា នៅរាជធានីភ្នំពេញ៕/V