ប្រែសម្រួលៈបំណង (BLOOMBERG)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យទី៣១កក្កដា បានប្រកាសបន្តអនុវត្តច្បាប់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នចំនួនប្រាំមួយខែទៀត រហូតដល់ថ្ងៃ០១កុម្ភៈ ឆ្នាំ២០២៣ ដោយសំអាងថាប្រទេសត្រូវការពេលវេលាបន្ថែមដើម្បីវិលទៅកាន់ស្ថិរភាពនិងការត្រៀមរៀបចំការបោះឆ្នោត។
ប្រធានាធិបតីស្តីទីលោក ម្យីន ស្វេ(Myint Swe) បានអនុម័តសំណើរបស់ប្រមុខយោធា មីន អ៊ុង ហ្លាំង(Min Aung Hlaing)សំរាប់ការបន្តស្ថានភាពគ្រាអាសន្ននៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខនិងការពារជាតិក្នុងរដ្ឋធានីណៃពីដោរ។
ទូរទស្សន៍រដ្ឋMRTVបានស្រង់សម្តីលោកមីន អ៊ុង ហ្លាំង ដែលបាននិយាយថា «ចាំបាច់ត្រូវមានការរៀបចំចាត់ចែងសំរាប់អង្គការពាក់ព័ន្ធ រួមមានគណៈកម្មាធិការបោះឆ្នោតសហភាព ។បណ្តាគណបក្សនយោបាយក៏គួរធ្វើការផ្លាស់ប្តូរអោយសមស្របនឹងប្រព័ន្ធបោះឆ្នោតថ្មី ហើយសាធារណជនក៏ត្រូវអប់រំអោយយល់ដឹងអំពីវា ដូច្នេះយើងត្រូវការពេលសំរាប់ការត្រៀមខ្លួននេះ»។
ស្ថានភាពប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាសដំបូងនៅខែកុម្ភៈ ឆ្នាំ២០២១ ក្រោយក្រុមយោធាមីយ៉ាន់ម៉ាទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី ។នៅខែមករា ឆ្នាំនេះ លោកមីន អ៊ុងហ្លាំង បានប្រកាសបន្តអនុវត្តវាប្រាំមួយខែ និងបានប្រកាសខ្លួនឯងជានាយករដ្ឋមន្ត្រី។
កាលពីសប្តាហ៍មុន របបយោធានេះបានអនុវត្តទោសប្រហារជីវិតលើសកម្មជនបួននាក់ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះបន្ទាប់ពីកងកម្លាំងសន្តិសុខសម្លាប់អ្នកប្រឆាំងតវ៉ាជាង២.១០០នាក់ចាប់តាំងពីពេលខ្លួនធ្វើរដ្ឋប្រហារដណ្តើមអំណាចមក៕
ស្ថានភាពប្រទេសក្នុងគ្រាអាសន្នត្រូវបានប្រកាសដំបូងនៅខែកុម្ភៈ ឆ្នាំ២០២១ ក្រោយក្រុមយោធាមីយ៉ាន់ម៉ាទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុង សាន ស៊ូជី