​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ុយ​ក្រែន​បាន​និយាយថា ការបាញ់​ផ្លោង “​ខ្លាំង​បំផុត​” ដោយ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​រហូតមកទល់​ពេលនេះ​មកលើ​ទីក្រុង​ភាគខាងត្បូង មីកូ​ឡេវ (Mykolaiv) បានសម្លាប់​មហាសេដ្ឋី​គ្រាប់​ធញ្ញជាតិ​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា ខណៈ​រុស្ស៊ី​បាន​អះអាង​ថា ការវាយប្រហារ​ពី​ដ្រូ​ន​បាន​បណ្តាល​ឱ្យ​បុគ្គលិក​ប្រាំមួយ​នាក់​រងរបួស​នៅឯ​​ទីស្នាក់ការ​កណ្តាល​នៃ​កង​នាវា​សមុទ្រ​ខ្មៅ​របស់​ខ្លួន​នៅ​តំបន់​គ្រីមេ​។​

​ការផ្ទុះ​ដ្រូ​ន​ត្រូវចំ​បញ្ជាការ​កងទ័ពជើងទឹក​រុស្ស៊ី​នៅ​សមុទ្រ​ខ្មៅ​កាលពី​ថ្ងៃអាទិត្យ​

​អ្នកកាសែត AFP បាន​មើលឃើញ​ការបាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​ពី​រុស្ស៊ី​ទៅលើ​ទីប្រជុំជន​បាក់​មុត (Bakhmut) ភាគ​ខាងកើត បន្ទាប់​ពី​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បាន​អំពាវនាវ​ឱ្យ​ជន​ស៊ីវិល​​ចាកចេញ​ពី​សមរភូមិ​ជួរ​មុខ​នៃ​តំបន់​ដូណិត​ស​ខ៍​ដោយសារ​តែ​ការវាយលុ​ក​របស់​វិមាន​ក្រឹម​ឡាំង​។​

​អាជ្ញាធរ​រុស្ស៊ី​នៅ​ឧបទ្វីប​គ្រីមេ​សមុទ្រ​ខ្មៅ ដែល​ទីក្រុង​មូ​ស្គូ​ដណ្តើម​យក​ពី​អ៊ុ​យក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ បាន​និយាយថា គ្រឿងផ្ទុះ​តូច​មួយ​ពី​ដ្រូ​ន ដែល​ទំនង​បង្ហោះ​នៅក្បែរៗ​នោះ​បាន​វាយប្រហារ​ទីបញ្ជាការ​​កងទ័ព​ជើង​ទឹក​នៅ​ទីក្រុង​សេ​វ៉ា​ស្តូ​ប៉ូល (Sevastopol)​។​

​អភិបាលក្រុង​បាន​ស្តីបន្ទោស “​អ្នក​ជាតិនិយម​អ៊ុ​យក្រែន​” សម្រាប់​ការវាយប្រហារ​ដែល​បាន​បង្ខំ​ឱ្យ​លុបចោល​ពិធីបុណ្យ​នៅក្នុង​ទីក្រុង ដែល​ជា​ថ្ងៃបុណ្យ​ប្រចាំឆ្នាំ​របស់​រុស្ស៊ី​ដើម្បី​អបអរ​កងទ័ពជើងទឹក​។​ប៉ុន្តែ​​កងទ័ពជើងទឹក​អ៊ុយ​ក្រែន​បាន​ចោទប្រកាន់រុ​ស្ស៊ី​ថា​រៀបចំ​ការវាយប្រហារ​នេះ​ឡើង​ដើម្បី​ជា​លេស​ដើម្បី​លុបចោល​ពិធីបុណ្យ​។​

​ទីប្រឹក្សា​ប្រធានាធិបតី​លោក មី​ខា​អី​ឡូ ផូ​ដូលី​យ៉ាក់ (Mykhailo Podolyak) បាន​និយាយថា “​រុស្ស៊ី​ខ្លាច​មិន​ហ៊ាន​ធ្វើ​ក្បួន​ដង្ហែ​នៅ​សមុទ្រ​ខ្មៅ​ទេ ប៉ុន្តែ​បែរជា​ប្រកាស​ពី​ផែនការ​គ្រប់គ្រង​សមុទ្រ​ខ្មៅ​”​។​

​ការអះអាង​និង​ការអះអាង​តប​វិញ​នេះ​បាន​កើតឡើង ខណៈ​ជម្លោះ​ជុំវិញ​ភាគី​ណា​បាន​វាយប្រហារ​ពន្ធនាគា​រដែល​ឃុំឃាំង​ឈ្លើយសឹក​អ៊ុ​យក្រែ​ន​នៅ​ទីក្រុង​អូ​លេនី​វកា (Olenivka)​ដែល​គ្រប់គ្រង​ដោយ​វិ​​មាន​ក្រឹម​ឡាំង បាន​ផ្ទុះ​ឡើងខណៈ​ទីក្រុង​គៀវ​និង​ទីក្រុង​មូ​ស្គូ​ស្តីបន្ទោ​សដាក់​គ្នា​ទៅវិញទៅមក​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​អញ្ជើញ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម (ICRC) និង​អង្គការ​សហប្រជាជាតិ​ឱ្យ​ចុះ​ទៅ​មើល​កន្លែង​នេះ​”​ក្នុង​ផល​​ប្រយោជន៍​នៃ​ការស៊ើបអង្កេត​ឯករាជ្យ​”​។​

​ប៉ុន្តែ ICRC បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​មិន​ទាន់​ទទួលបាន​ការយល់ព្រម​ក្នុង​ការ​ចូល​ទៅកាន់​ទីតាំង​នៅក្នុង​តំបន់​ដែល​មាន​ភាព​សកម្ម​តាំងពី​ឆ្នាំ ២០១៤​បន្ទាប់​ពី​ការផ្ទុះ​នៃ​អំពើហិង្សា​​រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន​និង​ក្រុម​ផ្តាច់ខ្លួន​ដែល​គាំទ្រ​រុស្ស៊ី​។​

ICRC បាន​និយាយថា “​យើង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​បញ្ជូន​ក្រុម​ស្រាវជ្រាវ​ស៊ើបអង្កេត​។ វា​ជា​ការចាំបាច់​ដែល ICRC ត្រូវបាន​ផ្តល់​សិទ្ធិ​ចូល​ជា​បន្ទាន់​”៕

​អ្នកកាសែត AFP បាន​មើលឃើញ​ការបាញ់​ផ្លោង​យ៉ាង​ខ្លាំងក្លា​ពី​រុស្ស៊ី​ទៅលើ​ទីប្រជុំជន​បាក់​មុត