ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រមុខអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយថា លោកមានការខឹងសម្បាយ៉ាងខ្លាំងបន្ទាប់ពីមនុស្សពីរនាក់បានស្លាប់និងជាច្រើននាក់ទៀតបានរងរបួស នៅពេលដែលកងរក្សាសន្តិភាពអ.ស.បបានបើកការបាញ់ប្រហារអំឡុងឧបទ្ទវហេតុមួយនៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅតាមព្រំដែនប្រទេសអ៊ូហ្គង់ដាកាលពីថ្ងៃអាទិត្យទី៣១កក្កដា។
កងកម្លាំង MONUSCO របស់អ.ស.បបានទទួលស្គាល់ថា កងរក្សាសន្តិភាពរបស់ខ្លួនមួយចំនួនបានបើកការបាញ់ “ដោយគ្មានហេតុផលអាចពន្យល់បាន” ដោយបន្ថែមថាការចាប់ខ្លួនត្រូវបានធ្វើឡើងរួចហើយ។
សេចក្តីថ្លែងការណ៍របស់អ.ស.បនិយាយថា លោកគូថេរ៉េស “មានការសោកស្ដាយនិងរន្ធត់ចិត្ត” ដែលដឹងអំពីការបាញ់ប្រហារនេះ ហើយ”លោកអគ្គលេខាធិការសង្កត់ធ្ងន់បំផុតនូវតម្រូវការក្នុងការបង្កើតគណនេយ្យភាពសម្រាប់ព្រឹត្តិការណ៍ទាំងនេះ”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា “លោកស្វាគមន៍ការសម្រេចចិត្តរបស់អ្នកតំណាងពិសេសរបស់គាត់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងការឃុំខ្លួនបុគ្គលិក MONUSCOដែលពាក់ព័ន្ធក្នុងឧបទ្ទវហេតុនេះនិងបើកការស៊ើបអង្កេតភ្លាមៗ”។
វីដេអូនៃឧបទ្ទវហេតុនេះ ដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញបុរសយ៉ាងហោចណាស់ម្នាក់ក្នុងឯកសណ្ឋានប៉ូលិសនិងម្នាក់ទៀតក្នុងឯកសណ្ឋានកងទ័ពដើរឆ្ពោះទៅកាន់ក្បួនរថយន្តរបស់អ.ស.ប ពីក្រោយរបាំងបិទជិតមួយនៅក្នុងទីប្រជុំជនកាស៊ីនឌី (Kasindi) ។
ទីប្រជុំជននេះស្ថិតនៅក្នុងទឹកដីបេនី (Beni) ភាគខាងកើតនៃប្រទេសកុងហ្គោជាប់ព្រំដែនជាមួយអ៊ូហ្គង់ដា។
ក្រោយពីមានការផ្តោះផ្តងពាក្យសម្តី កងរក្សាសន្តិភាពបានបើកការបាញ់ប្រហារមុនពេលបើកទម្លុះរបាំង ហើយបើកបរឆ្លងកាត់ ខណៈមនុស្សនាំគ្នារត់ចែកជើងគ្នាឬលាក់ខ្លួន។
បេសកកម្មរបស់អ.ស.បនៅទីក្រុងកាស៊ីនឌីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ក្នុងអំឡុងពេលនៃឧបទ្ទវហេតុនេះ ទាហានមកពីកងពលតូចអន្តរាគមន៍នៃកងកម្លាំង MONUSCO ដែលត្រឡប់មកពីឈប់សម្រាកវិញ បានបើកការបាញ់ប្រហារលើប៉ុស្តិ៍ព្រំដែនសម្រាប់ហេតុផលដែលមិនអាចពន្យល់បាននិងបានបើកបរទម្លុះឆ្លងកាត់ទីនោះ។ឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរនេះបានបណ្តាលឱ្យបាត់បង់អាយុជីវិតនិងរបួសធ្ងន់ធ្ងរ”។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផាទ្រីក មូយ៉ាយ៉ា (Patrick Muyaya) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ”ថ្កោលទោសយ៉ាងដាច់អហង្ការនិងសោកស្ដាយចំពោះឧហទ្ទវហេតុដ៏អកុសលនេះ ដែលជនរួមជាតិពីរនាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀតបានរងរបួសដោយសារតែការបើកបរទម្លុះរបាំងបែបនេះ”៕
ប្រមុខអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស