​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អភិបាលរដ្ឋ​ខិន​ថាក់​ឃី (Kentucky)​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា​ថា​ក្រុម​អ្នក​ជួយសង្គ្រោះ​ក្នុង​រដ្ឋ​កំពុង​ខិតខំ​ប្រឹងប្រែង​ស្វែង​​រក​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ​ក្នុងស្ថានភាព​អាកាសធាតុ​កាន់តែ​អាក្រក់ ខណៈ​ពួកគេ​ព្យាយាម​ស្វែងរក​អ្នករងគ្រោះ​ដោយ​ទឹកជំនន់​ដ៏​បំផ្លិចបំផ្លាញ​នៅ​ភាគ​ខាងកើត​របស់​រដ្ឋ​។​

​យោង​តាម​មន្ត្រី​រដ្ឋ​បានឱ្យដឹងថា តំបន់​មួយចំនួន​នៅក្នុង​តំបន់​ជួរ​ភ្នំ​នៅតែ​មិន​អាច​ចូល​ទៅ​ដល់​បាន បន្ទាប់​ពី​ទឹកជំនន់ ដែល​បាន​ប្រែក្លាយ​ផ្លូវ​ទៅ​ជា​ទន្លេ អូស​យក​ស្ពាន​ទៅ​បាត់ បំផ្លាញ​ផ្ទះសម្បែង​នានា និង​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ២៨ នាក់​។ សេវា​ទូរស័ព្ទ​ខ្សោយ​ក៏​កំពុង​ធ្វើ​ឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​មាន​ភាពស្មុគស្មាញ​ផងដែរ​។​

​អភិបាលរដ្ឋ​លោក អេន​ឌី បេ​សៀ (Andy Beshear)​បាន​ប្រាប់​ទូរទស្សន៍ NBC​ថា​”​នេះ​គឺជា​គ្រោះទឹកជំនន់​ដ៏​សាហាវ​បំផុត​ដែល​យើង​មិន​ធ្លាប់​បានឃើញ​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​…​ហើយ​នៅពេល​​ដែល​យើង​កំពុង​ព្យាយាម​ស្វែងរក​ជនរងគ្រោះ ភ្លៀង​ក៏​ចាប់ផ្តើម​ធ្លាក់​”​។​

​លោក​បេសា​បាន​និយាយថា “​យើង​នឹង​ធ្វើការ​ម្តងទៀត​ដើម្បី​ស្វែងរក​ពី​ផ្ទះមួយ​ទៅ​ផ្ទះមួយ រក​ឱ្យ​ឃើញ​មនុស្ស​ច្រើន​តាម​ដែល​អាច​ធ្វើទៅបាន​។ យើង​ថែមទាំង​ទៅ​ធ្វើ​ការឆ្លងកាត់​ភ្លៀង​ទៀតផង​។​ប៉ុន្តែ​អា​​កាស​ធាតុ​កំពុង​ធ្វើ​ឱ្យ​ការជួយ​មាន​ភាពស្មុគស្មាញ​”​។​

​ចំនួន​អ្នក​ស្លាប់​នៅក្នុង​ទឹក​ជំនន់​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ពុធ ត្រូវ​គេ​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត​។​

​លោក​បេសា​បាន​និយាយ​អំឡុង​ពេល​ជួប​អ្នកកាសែត​ថា “​យើង​នឹង​ស្វែងរក​សាកសព​ស្លាប់​ជាច្រើន​សប្តាហ៍​ហើយ​ពួកគេ​ភាគច្រើន​ត្រូវ​បាន​ទឹក​អូស​យកទៅ​រាប់រយ​ម៉ែត្រ​ប្រហែលជា​មួយ​ភាគ​បួន​ម៉ា​យ​ពី​​កន្លែង​ដែល​ពួកគេ​បាន​បាត់​ខ្លួន​”​។​

​អភិបាលរដ្ឋ​បាន​ចុះ​ទៅ​មើល​តំបន់​លិច​ទឹក​ក្នុងស្រុក​ចំនួន​បី​កាលពី​ថ្ងៃអាទិត្យ​។ លោក​បាន​បន្តថា នៅ​ទូទាំង​តំបន់​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដ្ឋ មាន​មនុស្ស​ជាង ៣៥០​នាក់​កំពុង​រស់នៅ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​៕

​ទឹក​ជំនន់​នៅ​រដ្ឋ​ខិន​ថាក់​ឃី​មាន​សភាព​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​