ដោយៈ ប.ខុន / ភ្នំពេញៈ នៅក្នុងសប្តាហ៍ទី១ នៃខែសីហានេះ ប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប (ITCZ) រុញមកពីភាគខាងជើង និងខ្យល់មូសុងនិរតីខ្លាំង ដោយ សារសម្ពាធទាបសកម្ម នៅក្នុងសមុទ្រឥណ្ឌា ធ្វើឱ្យលើផ្ទៃសមុទ្រ មានខ្យល់ខ្លាំង រលកសមុទ្រខ្ពស់ៗ និងមានភ្លៀងធ្លាក់ រាយប៉ាយ ជោកជាំ នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជា ពិសេសនៅតំបន់មាត់សមុទ្រ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថាៈ ព្យុះទី៥ ឈ្មោះ សុងដា បានរលាយហើយ នៅថ្ងៃនេះ បន្ទាប់ពីបានដើរចូលជ្រៅ ក្នុងសមុទ្រ លឿង ព្រមពេលព្យុះទី៦ ឈ្មោះ ត្រេស៊ីស (TRASES ) បានកើតមាននៅក្នុងសមុទ្រ ខាងត្បូងប្រទេសជប៉ុន ដោយមាន ដំណើរទៅរកឧបទ្វីបកូរ៉េ តែពុំមានឥទ្ធិពលអ្វី ដល់ប្រទេសកម្ពុជា ដូចជាព្យុះទី៥ ទេ ។
អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅក្នុងសប្តាហ៍ទី១ នៃខែសីហានេះ ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់រាយប៉ាយ ជោកជាំជាថ្មី ជាមួយ ខ្យល់ បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដោយសារឥទ្ធិពល នៃជ្រលងសម្ពាធ ទាប រុញចុះមកពីភាគខាងជើង ព្រមពេលខ្យល់មូសុងនិរតីខ្លាំង។ ខ្យល់មូសុង និរតីខ្លាំង ដោយសារសម្ពាធទាបមួយ នៅក្នុងសមុទ្រឥណ្ឌា វិវិត្តទៅជាសម្ពាធទាប សកម្ម ឬវិសម្ពាធ រុញចូលមករកឈូងសមុទ្រថៃ ធ្វើឱ្យមានខ្យល់ខ្លាំង រលកសមុទ្រ ខ្ពស់ៗ និងភ្លៀងធ្លាក់ច្រើន នៅតំបន់មាត់សមុទ្រ ក្នុងសប្តាហ៍នេះ ។
លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងផងដែរថាៈ នៅចុងសប្តាហ៍នេះ ឬដើម សប្តាហ៍ក្រោយ អាចនឹងមានកូនព្យុះមួយ កើតមាននៅក្នុងសមុទ្រចិនខាងត្បូង ដើរទៅរកឈូងសមុទ្រតុងកឹង ធ្វើឱ្យមានឥទ្ធិពលទឹកភ្លៀង ធ្លាក់ច្រើនដល់តំបន់ អាងទន្លេមេគង្គលើ ។ បាតុភូតនេះ ឥឡូវ វាស្ថិតក្នុងកម្រិតជាសម្ពាធទាប នៅក្នុងសមុទ្រ ខាងកើតប្រទេសហ្វីលីពីន និងដើរចូលមក ក្នុងសមុទ្រចិនខាងត្បូង ហើយវិវត្តខ្លួន ជាបន្តបន្ទាប់ ទៅជាវិសម្ពាធ ឬជាកូនព្យុះ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៦ ខែកក្កដា បានជូនដំណឹង ស្តីពីស្ថានភាព អាកាសធាតុ សម្រាប់ពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ថាៈ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៧ ដល់ ៣១ ខែកក្កដា នឹងឥទ្ធិពលពីកម្រិតសម្ពាធ ទាបខ្សោយ នៅថ្ងៃទី១ និងទី២ ខែសីហា ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ប្រព័ន្ធសម្ពាធទាប ( ITCZ) និងខ្យល់មូសុងនិរតី ក្នុងកម្រិតខ្សោយ បង្កឱ្យមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ស្ថានភាពបែបនេះ ធ្វើឲ្យ បណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយ ទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៦ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣៤ ទៅ ៣៦ អង្សាស។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕/V-PC