ដោយៈ ចាន់តូ / ភ្នំពេញ​៖ យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយសារ​រថយន្ត ដឹក​ប្រេងឥន្ធនៈ របស់​ក្រុមហ៊ុន សូ​គី​មិច បើក​ម៉ូតូ​បុក​ពីក្រោយ នៅពេល​បុរស​ម្នាក់​នោះ កំពុង​ជិះ​ម៉ូតូ ទៅ​សាលារៀន កាលពី​វេលា​ម៉ោង ៦​និង​៥៥​នាទី ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ នៅលើ​មហាវិថី​ឈ្នះ ឈ្នះ ទល់មុខ​ច្រកចូល​សាលា​កូរ៉េ ចំណុច​ភូមិ​ព្រៃ​ពពេល សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​សមត្ថកិច្ច​មូលដ្ឋាន បានឱ្យដឹងថាៈ យុវជន​រងគ្រោះ ឈ្មោះ នុត វុ​ឌ្ឍី អាយុ ៣០ ឆ្នាំ មុខរបរ ជា​និស្សិត រៀន​នៅ​សាលា​កូរ៉េ ស្នាក់នៅ​ក្នុង​សាលា មាន​ទីលំនៅ ក្នុងភូមិ​ខ្សុំ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​តាម​ប្រភពពី​ពលរដ្ឋ បាន​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ជិះ​ម៉ូតូ ម៉ាក YAMAHA ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1IF-6047 ពី​ទិស​ជើង​ទៅខាង​ត្បូង លុះ​មកដល់​ខាងមុខ​ច្រកចូល​សាលា ស្រាប់​តែមាន​រថយន្ត​ដឹក​ប្រេងឥន្ធនៈ របស់​ក្រុមហ៊ុន សូ​គី​មិច ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-1069 បើកបរ ល្បឿន​លឿន ក្នុងទិសដៅ​ស្របគ្នា ហើយ​ជ្រុល​បុក​ពីក្រោយ​ម៉ូតូ បណ្តាល​ឲ្យ អ្នកជិះ​ម៉ូតូ បែកក្បាល ធ្លាយ​ខួរ ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង រីឯ​រថយន្ត​ជាប់​ម៉ូតូ អូស​ជិត ១០ ម៉ែត្រ ទើប​ចត​ស្ងៀម ហើយ​អ្នកបើកបរ​រថយន្ត​បង្ក បាន​ចុះ​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយ​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ បាន​ចុះ​ទៅដល់ គោលដៅ​ដើម្បី វាស់វែង និង​បាន​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ ដើម្បី​ចាត់ចែង​ដឹក​សព យកទៅ​ធ្វើបុណ្យ​។ ចំណែក​វត្ថុតាង មធ្យោបាយ​ទាំង ២ គ្រឿង ត្រូវបាន​ប្រគល់ ឲ្យ​ការិយាល័យ​ចរាចរណ៍ ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ យកទៅ​រក្សាទុក និង​កសាង​សំណុំរឿង ដើម្បី​អនុវត្តតាម​តាម​នីតិវិធី ៕/V​-PC