​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោកស្រី នី​សែ​ល នី​កូល (Nichelle Nichols) ជា​តារា​សម្តែង​ជនជាតិ​ស្បែក​ខ្មៅ​ដែល​ដើរតួ​ជា​មន្ត្រី​ទំនាក់ទំនង​ឈ្មោះ នីយ៉ូ​តា អ៊ូ​ហ៊ូ​រ៉ា (Nyota Uhura) ដែល​មាន​សិទ្ធិ​អំណាច​អស្ចារ្យ​ក្នុង​រឿង​ភាគ​ដ៏​ពេញនិយម Star Trek ឆ្នាំ ១៩៦០ បាន​ទទួល​មរណភាព​នៅ​អាយុ ៨៩ ឆ្នាំ កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា​។​

​កូនប្រុស​របស់​លោកស្រី​ឈ្មោះ ខាយ ច​ន​សុន (Kyle Johnson) បាន​ប្រកាស​ពី​ការស្លាប់​នេះ​នៅលើ​វេបសាយ​ផ្លូវការ uhura.com ដោយ​និយាយថា “​កាល​ពី​យប់មិញ ម្តាយ​របស់​ខ្ញុំ ឈ្មោះ នី​សែ​ល នី​កូល បាន​ទទួល​មរណភាព​ដោយ​មូលហេតុ​ធម្មជាតិ ហើយ​បាន​លាចាក​លោក​នេះ​ហើយ​។ ទោះយ៉ាងណា ពន្លឺ​របស់គាត់​ដូច​កាឡាក់ស៊ី​បុរាណ​ដែល​ឥឡូវ​មើល​ឃើញ​ជា​លើកដំបូង នឹង​បន្ត​នៅ​ស្ថិតស្ថេរ​”​។​

​អ្នកនាំពាក្យ​គ្រួសារ​បាន​និយាយថា លោកស្រី​នី​កូល​បាន​ស្លាប់​នៅ​ទីក្រុង​ស៊ី​ល​វើស៊ីធី (Silver City) រដ្ឋ​ញូ​វ​ម៉ិ​ក​ស៊ី​កូ (New Mexico) កន្លែង​ដែល​លោកស្រី​រស់នៅ​ជាមួយ​កូនប្រុស​។​

​ការចូលរួម​រំលែក​ទុក្ខ​បាន​កើត​ឡើង​ជា​ហូរហែ​យ៉ាង​លឿន រួម​ទាំង​ពី​បញ្ជី​តារា​ដ៏​វែង​នៃ​រឿង Trekkies​។​

​លោក ច​ច តេ​គី (George Takei) ជា​ដើរតួ​ជា​អ្នក​កាន់ចង្កូត​នាវា​ឈ្មោះ ស៊ូ​ឡូ (Sulu) ដែល​បាន​ដើរ​លើ​ស្ពាន​ជាមួយ​អនុសេនីយ៍ឯក​អ៊ូ​ហ៊ូ​រ៉ា (Uhura) នៅ​លើ​នាវា USS Enterprise បាន​ហៅ​លោក​ស្រី​ថា “​គួរឱ្យ​ទាក់ទាញ​និង​មិន​អាច​ប្រៀបផ្ទឹម​បាន​” ខណៈ​អ្នកនយោបាយ​រដ្ឋ​ច​ច​ចៀដ៏​ល្បីល្បាញ​លោកស្រី ត្រេស៊ី អា​ប្រាម (Stacey Abrams) បាន​សរសើរ​លោក​ស្រី​ថា​ជា “​ជើងឯក អ្នក​ចម្បាំង និង​ជា​តួអង្គ​ដ៏​អស្ចារ្យ​”​។​

​លោកស្រី​នី​កូល​បានបង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ការថើ​បបែប​អន្តរជាតិ​សាសន៍​លើកដំបូង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាម៉េរិក​ក្នុង​ឆ្នាំ ១៩៦៨ ជាមួយ​តួ​កា​ពី​ទែន​នាវា​ឈ្មោះ កឺ​ក (Kirk)​ដែល​សម្តែង​​ដោយ​លោក វី​លលៀម សាត​ណឺ (William Shatner)៕

លោកស្រី នី​សែ​ល នី​កូល​បាន​ទទួលមរណភាព​នៅ​អាយុ ៨៩ ឆ្នាំ កាលពី​ថ្ងៃអាទិត្យ​ទី​៣១​កក្កដា