​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ នៅលើ​ផ្លូវ​កណ្តាល​ក្រុង​ដ៏​មមាញឹក​មួយ ស្រាប់តែ​មាន​ម៉ូតូ​ដឹកជញ្ជូន​អាហារ​បី​គ្រឿង​បើក​កាត់​គំនូស​ថ្មើរជើង​ឆ្លងកាត់​ពី​មុខ​រថយន្ត​។ នៅលើ​ផ្ទាំង​តាប្លូរ​បស់រថយន្ត ពួក​វា​មើលទៅ​ដូចជា​ប្លុក​ពណ៌​ខៀវ 3D តូចៗ​ពី​វីដេអូ​ហ្គេម​ទសវត្សរ៍​ឆ្នាំ​១៩៩០​។​ចង្កូត​បាន​កាច់​បញ្ចៀស​ដោយ​ខ្លួន​វា ហើយ​រថយន្ត​បាន​បន្ថយល្បឿន​ថ្ម​មៗ ខណៈ​អ្នកបើកបរ​សុវត្ថិភាព​មើល​ពី​កៅអី​អ្នកដំណើរ​។​

​រថយន្ត​នេះ​គឺជា​រ៉ូបូ​តតាក់ស៊ី​មួយ​ក្នុងចំណោ​ម​រ៉ូ​បូត​តាក់ស៊ី​បំពាក់ Sensor១០០ គ្រាប់ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ថ្មីថ្មោង DeepRoute.ai ដែល​កំពុង​បើក​បរឆ្ល​ង​កាត់​តំបន់​ពាណិជ្ជកម្ម​ហ្វ៊ុយ​​ធៀន (Futian) ដ៏​មមាញឹក​ក្នុង​មជ្ឈមណ្ឌល​បច្ចេកវិជ្ជា​ភាគខាងត្បូង គឺ​ទីក្រុង​សិន​ចិន (Shenzhen) ដោយ​ផ្តល់​ការសាកល្បង​ចំនួន ៥០.០០០ លើក​ដល់​អ្នកដំណើរ​ក្នុង​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​។​

​ខណៈ​សហរដ្ឋ​អាម៉េរិក​ត្រូវបាន​ចាត់ទុក​ថា​នាំមុខគេ​ក្នុង​ការសាកល្បង​បច្ចេកវិជ្ជា​យានយន្ត​ស្វយ័ត (AV) នៅក្នុង​ទីក្រុង​សិន​ចិន​ឯណេះ​វិញ ឧស្សាហកម្ម​នេះ​ហាក់​កំពុង​ផ្លាស់​ប្តូរ​យ៉ាងខ្លាំង​ដោយ​រថយន្ត​​រ៉ូបូត​កាន់តែក្លាយជា​រថយន្ត​ពាណិជ្ជកម្ម​យ៉ាង​ឆាប់រហ័ស​។​

​ក្រុមហ៊ុន Apollo របស់​ក្រុមហ៊ុនមេ Baidu Inc ក្រុមហ៊ុន Pony គាំទ្រ​ដោយ​ក្រុមហ៊ុន Toyota Motor Corp ក្រុមហ៊ុន Weride គាំទ្រ​ដោយ Nissan ក្រុមហ៊ុន Auto X គាំទ្រ​ដោយ Alibaba និង​ក្រុមហ៊ុន Deeproute សុទ្ធតែ​កំពុង​ដំណើរការ​ការសាកល្បង​បើកបរ​រថយន្ត​ឆ្លងកាត់​បរិយាកាស​ដ៏​លំបាក​ក្នុង​ទីក្រុង​ដ៏​មមាញឹក ដែល​សម្បូរ​ទៅដោយ​អ្នក​ថ្មើរជើង​និង​អ្នកជិះ​ម៉ូតូ​​អគ្គិសនី​គ្រប់​ទីកន្លែង​។​

​ទីក្រុង​សិន​ចិន ដែល​មាន​ប្រជាជន​ចំនួន ១៨ លាន​នាក់ ឥឡូវ​នេះ​បាន​នាំមក​នូវ​បទ​ប្បញ្ញត្តិ AV យ៉ាង​ច្បាស់លាស់​បំផុត​នៅក្នុង​ប្រទេស​ចិន​។ ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១​សីហា​តទៅ រថយន្ត AV ដែល​បាន​ចុះបញ្ជី​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ដោយ​គ្មាន​អ្នកបើកបរ​នៅក្នុង​កៅអី​បើកបរ​ឆ្លងកាត់​តំបន់​ធំ​ទូលាយ​នៃ​ទីក្រុង ប៉ុន្តែ​អ្នកបើកបរ​ម្នាក់​ត្រូវតែ​មាន​វត្តមាន​នៅក្នុង​រថយន្ត​។​

​រហូតមកទល់​ពេលនេះ ទីក្រុង​នានា​របស់​ចិន​បាន​អនុញ្ញាត​ឱ្យ​រ៉ូបូ​តតាក់ស៊ី​ធ្វើ​ប្រតិបត្តិ​ការលើ​មូលដ្ឋាន​ដែល​មាន​កម្រិត​ជាង​មុន​ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​បទ​ប្បញ្ញត្តិ​នៅ​ទីក្រុង​សិន​ចិន​បាន​ផ្តល់​នូវ​ក្របខ័ណ្ឌ​ដ៏​សំខាន់​ជា​លើកដំបូង​សម្រាប់​ការទទួលខុសត្រូវ​ក្នុងករណី​មាន​ឧបទ្ទវហេតុ​។​

​ប្រសិនបើ​រថយន្ត AV មាន​អ្នកបើកបរ​នៅ​ពីក្រោយ អ្នកបើកបរ​នឹងត្រូវ​បង់​ប្រាក់​សង​ក្នុង​គ្រោះ​ថ្នាក់​គឺ​ចប់​រឿង​។​ប្រសិនបើ​រថយន្ត​គ្មាន​អ្នកបើកបរ​ទាំងស្រុង​ម្ចាស់​រថយន្ត​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​​លើ​អ្វីៗ​ទាំងអស់​។ ប្រសិនបើ​បញ្ហា​របស់​រថយន្ត​បង្កឱ្យមាន​គ្រោះថ្នាក់ ម្ចាស់​រថយន្ត​អាច​ទារ​សំណង​ពី​ក្រុមហ៊ុន​ផលិត​។​

​លោក ម៉ាក់​ស្វែល ចូ​វ (Maxwell Zhou) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន DeepRoute បាន​និយាយ​នៅឯ​ការិយាល័យ​របស់​ក្រុមហ៊ុន​នៅក្នុង​សួន​បច្ចេកវិជ្ជា​ក្បែរ​ព្រំដែន​ហុងកុង​ថា​”​ប្រសិនបើ​អ្នក​ចង់​​បាន​រថយន្ត​បែបនេះ​កាន់តែច្រើន នោះ​ទីបំផុត​នឹង​មាន​គ្រោះថ្នាក់ ដូច្នេះ​បទ​ប្បញ្ញត្តិ​ទាំងនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការ​ដាក់​ពង្រាយ​ទ្រង់ទ្រាយ​ធំ​”៕

អ្នកបើកបរ​អង្គុយ​នៅ​កៅអី​អ្នកដំណើរ​អំឡុងពេល​សាកល្បង​រថយន្ត​បើក​ស្វ័យប្រវត្តិ​របស់​ក្រុមហ៊ុន DeepRoute.ai នៅ​ទីក្រុង​សិន​ចិន