ដោយៈស៊ា​ង ចិន្តា នាយក​មជ្ឈមណ្ឌល​ឯកសារ ខេត្តកំពង់ចាម​/ភ្នំពេញ៖ខ្ញុំ​ឈ្មោះ ម៉ៅ វណ្ណា ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។ ខ្ញុំ​រៀបការ​ប្ដី​ឈ្មោះ សុខ ងុ​យ និង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​។ ខ្ញុំ​គឺជា​អតីត​នាយក សាលាបឋមសិក្សា​ទីប្រជុំ ដែល​ស្ថិតនៅ​ភូមិ​ទី​៨​នេះ​។ ខ្ញុំ​មាន​ឪពុក​ឈ្មោះ ម៉ៅ លាង​គ្រី ដែលជា​គ្រូ បង្រៀន​នៅ​វិទ្យាល័យ​ជម្ពូ​វ័ន និង​ម្ដាយ​ឈ្មោះ ម៉ៅ សុផល គឺជា​មេផ្ទះ​។ ឪពុកម្ដាយ និង​បងប្អូន​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ គឺ​នៅសល់តែ​រូបខ្ញុំ​និង​ប្អូន​ម្នាក់​ប៉ុណ្ណោះ​ដែល​រួច​រស់​ជីវិត​។


ម៉ៅ វណ្ណា ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅក្នុង​ភូមិ​ទី​៨ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។ (​ស៊ា​ង ចិន្តា​/​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

នៅ​វ័យ​កុមារ ខ្ញុំ​ទៅ​រៀន​នៅ​សាលាបឋមសិក្សា​ចុង​កោះ​រហូតដល់​ថ្នាក់​ទី​៧​ចាស់​។ នៅពេលនោះ ខ្ញុំ​ស្នាក់នៅ​ជាមួយ​យាយ​នៅក្នុង​ភូមិកំណើត​ចំណែកឯ​ឪពុកម្ដាយ និង​បងប្អូន​ផ្សេងទៀត​របស់ខ្ញុំ​រស់នៅ​ទីក្រុង​ភ្នំពេញ​។ ប៉ុន្មាន​ខែ​បន្ទាប់ពី​មាន​រដ្ឋប្រហារ​ទម្លាក់​ស​ម្តេច​ព្រះ នរោត្តម សីហនុ នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧០ មាន​អ្នកភូមិ​បាន​ទៅ​ចូលរួម​ដង្ហែរ​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​នេះ​នៅ​ទី​រួម​ខេត្តកំពង់ចាម​។ ខ្ញុំ​មិនបាន​ទៅ​ចូលរួម​ទេ គឺ​ខ្ញុំ​ស្នាក់​នៅផ្ទះ​ជាមួយ​យាយ​របស់ខ្ញុំ​។ ក្រោយមកទៀត កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ចូល​មកដល់ និង​បាន​ស្នាក់នៅ​ក្រោមផ្ទះ​របស់​អ្នកភូមិ​ទី​៨​។ នៅ​ចុងឆ្នាំ​១៩៧០ និង​ដើមឆ្នាំ​១៩៧១ សង្គ្រាម​រវាង ទាហាន លន់ នល់ និង​កងទ័ព​រំដោះ​ខ្មែរក្រហម​បាន​ផ្ទុះឡើង​ជាច្រើន​សមរភូមិ​នៅ​ស្រុក​កោះសូទិន​។ ចាប់ពី​ឆ្នាំ​១៩៧២ ដល់​ឆ្នាំ​១៩៧៣ ទាហាន លន់ នល់ បាន​បើក​ការវាយប្រហារ​ទៅលើ​កងទ័ព​រំដោះ​ខ្មែរក្រហម​ដែល​ឈរជើង​នៅក្នុង​ស្រុក​កោះសូទិន​កាន់តែខ្លាំង​ឡើង​។ ដោយមាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​របស់ខ្ញុំ ឪពុកម្ដាយ​របស់ខ្ញុំ​បានមក​យក​ខ្ញុំ​ទៅ​រស់នៅ​ជាមួយ​ពួកគាត់​នៅ​ជាយក្រុង​ក្រុងភ្នំពេញ​វិញ​។ ខ្ញុំ​បាន​ចូលរៀន​បន្ត​នៅ​សាលាបឋមសិក្សា​ជម្ពូ​វ័ន រហូតដល់​ថ្នាក់​ទី​៤ នៅ​វិទ្យាល័យ​ជម្ពូ​វ័ន​ដដែល​។

​នៅ​ដើមឆ្នាំ​១៩៧៥ ឪពុក​របស់ខ្ញុំ​បានទទួល​ដំណឹង​ថា​កងទ័ព​ខ្មែរក្រហម​បាន​ចូលមក​កៀក​ទីក្រុង​ភ្នំពេញ​ហើយ​។ នៅពេលនោះ ឪពុក​របស់ខ្ញុំ​បាន​ប្រាប់​ម្ដាយ​ខ្ញុំ​ឲ្យ​នាំ​កូនៗ​ចូលក្នុង​ក្រុងភ្នំពេញ និង​ទៅ​ស្នាក់​នៅផ្ទះ​ម្ដុំ​ទួល​ស្វាយព្រៃ​បណ្តោះអាសន្ន​។ ចំណែកឯ ឪពុក​របស់ខ្ញុំ​ជិះ​កង់​មក​តាម​ក្រោយ​។ បន្ទាប់ពី​ស្នាក់នៅ​មិនបាន​ប៉ុន្មាន​ផង ទីក្រុង​ភ្នំពេញ​ត្រូវបាន​កងទ័ព​រំដោះ​ខ្មែរក្រហម​វាយ​បែក និង​គ្រប់គ្រង​។ គ្រួសារ​របស់ខ្ញុំ គឺ​ស្ថិតនៅ​ក្នុងចំណោម​គ្រួសារ​រាប់ពាន់​ផ្សេងទៀត​ដែល​ត្រូវបាន​ខ្មែរក្រហម​ជម្លៀស​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​។ ឪពុកម្ដាយ​របស់ខ្ញុំ​សម្រេចចិត្ត​នាំ​កូនៗ​ត្រឡប់មក​ភូមិកំណើត​នៅ​កោះសូទិន​ដើម្បី​រស់នៅ​ជាមួយ​យាយ​របស់ខ្ញុំ​វិញ​។ គ្រួសារ​របស់ខ្ញុំ​បានធ្វើ​ដំណើរ​ជាច្រើន​ថ្ងៃ​ទើប​មកដល់​ភូមិ​។

​បន្ទាប់ពី​មកដល់​ភូមិ​វិញ គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ប្រជាជន​មូលដ្ឋាន​ហៅថា​ប្រជាជន​១៧​មេសា ព្រោះ​មាន​ប្រ​វ​តិ្ត​រូប​ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នៅក្នុង​របប​ចាស់​។ បន្ទាប់មក ឪពុកម្ដាយ និង​បងប្អូន​របស់ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​ការដ្ឋាន​ភូមិ​តា​ណុង គឺជា​កន្លែង​ប្រមូលផ្ដុំ​ប្រជាជន​ដែលជា​ប់​និន្នាការ​ជាមួយ​របប លន់ នល់ ដើម្បី​លត់​ដំ​ខ្លួន​។ នៅពេលនោះ ខ្ញុំ​មិនបាន​ទៅ​នៅ​ជាមួយ​ឪពុកម្ដាយ និង​បងប្អូន​ទេ ពីព្រោះ​យាយ​របស់ខ្ញុំ​បាន​ប្រាប់​មេភូមិ​ថា ខ្ញុំ​គឺជា​អ្នកមូលដ្ឋាន​ចាស់​។ នៅ​ឆ្នាំ​១៩៧៦ ខ្ញុំ​ត្រូវ​បានដាក់​ឲ្យ​ធ្វើការ​នៅក្នុង​កងចល័ត​នារី គឺ​ធ្វើស្រែ ជីកដី និង​លើក​ទំនប់​។ នៅ​ឆ្នាំ​១៩៧៧ កងចល័ត​នារី​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់​ទីកន្លែង​ធ្វើការ​ទៅ​ការដ្ឋាន​ឆ្ន័​ត្រ​វិញ ដែល​នៅ​ទីកន្លែង​នោះ​ខ្ញុំ​ស្ទើរតែ​ត្រូវបាន​ចាប់​យកទៅ​សម្លាប់ និង​ជា​កន្លែង​ដែល​ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​ពី​ទុក្ខវេទនា​របស់​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​តែងតែ​លួច​ទៅ​ជួប​ឪពុកម្ដាយ​របស់ខ្ញុំ​ក្នុងស្ថានភាព​ស្គមស្គាំង និង​ភិតភ័យ​។ ខ្ញុំ​បានត្រឹមតែ​សួរសុខទុក្ខ និង​មិន​អាចធ្វើ​អ្វី​បាន​លើសពីនេះ​ទេ​។ ចំណែកឯ​កងចល័ត​នារី​របស់ខ្ញុំ​វិញ​ត្រូវ​ទៅ​ជីកដី លើកដី និង​ធ្វើស្រែ​គ្មាន​ពេល​សម្រាក និង​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​។ កងចល័ត​នារី​កន្លែង​ខ្ញុំ​ធ្វើការ មាន​សមាជិក​មិត្ត​នារី​ទាំងអស់​៩៧​នាក់​។ នៅ​ឆ្នាំ​១៩៧៧ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​បាន​ចូលមក​ដល់ និង​ចាប់ផ្ដើម​ចាប់​កម្មាភិបាល​មូលដ្ឋាន និង​ប្រធាន​កង​យកទៅ​សម្លាប់ចោល​។ កម្មាភិបាល​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ក៏​ចាប់ផ្ដើម​ស្រាវជ្រាវ​ប្រវត្តិ​ប្រជាជន​១៧​មេសា​។ នៅពេលនោះ កងចល័ត​នារី​នៅ​សេសសល់​ប្រហែល​៦០​នាក់​ប៉ុណ្ណោះ​។

​នៅ​យប់​មួយ ប្រធាន​កងចល័ត​នារី​ឈ្មោះ ស្រ៊ាង បាន​ដើរ​ស្រង់​ឈ្មោះ​អ្នក​ដែលមាន​ប្រវត្តិ​ជា​ប្រជាជន​១៧ មេសា​។ ខ្ញុំ​ដឹងថា ប្រជាជន​១៧​មេសា នៅពេលនោះ​គឺ​ត្រូវបាន​ស្រង់​ឈ្មោះ​បាន​ចំនួន​១៣​នាក់ រួមទាំង​ឈ្មោះ​របស់ខ្ញុំ​ផងដែរ​។ ប៉ុន្តែ​មិត្ត​នារី ស្រ៊ាង ដែលជា​អតីត​មិត្ត​រៀន​ថ្នាក់​ទី​១១ នៅ​សាលាបឋមសិក្សា​ចុង​កោះ​ជាមួយគ្នា ស្គាល់​ខ្ញុំ និង​មិនបាន​ហៅ​ខ្ញុំ​ដើម្បី​រៀបចំ​បាយ​ពោត​ដើម្បី​យកទៅ​សម្លាប់ចោល​នោះទេ​។ ចំណែកឯ អ្នក​១២​នាក់​ផ្សេងទៀត​ត្រូវបាន​មិត្ត​នារី ស្រ៊ាង ប្រាប់​ឲ្យ​រៀបចំ​បាយ​ពោត និង​ហៅ​ទៅតាម​គាត់​។ នៅ​យប់​ដដែល ប្រជាជន ១៧ មេសា បាន​ងើប​អង្គុយ និង​ពិភាក្សាគ្នា​អំពី​ការរៀបចំ​បាយ និង​ការផ្លាស់​ទៅ​កន្លែង​ផ្សេងទៀត​។

នៅពេលនោះ មិត្ត ថាច ដែល​រៀន​បាន​ខ្ពង់ខ្ពស់ និង​ចប់​ថ្នាក់​មហាវិទ្យាល័យ និយាយ​ទៅកាន់​អ្នក​ទាំងអស់គ្នា​ថា «​កុំទៅ​បារម្ភ​ពេក ខ្មែរក្រហម​មិនដែល​សាហាវ​ជាង​ហ៊ី​ត្លែរ​នោះទេ​»​។ ការលើកឡើង​របស់​មិត្ត ថាចនៅពេលនោះ គឺ​គាត់​មិន​ជឿថា ខ្មែរក្រហម សម្លាប់​ខ្មែរ​នោះទេ​។ ប៉ុន្តែ​អ្វីដែល​មិត្ត ថាច និយាយ​នោះ​គ្រាន់តែ​ជាការ​យល់​ខុស​។ ខ្មែរក្រហម​បាន​បណ្ដើរ​អ្នក​ទាំង​១២​នាក់ ដែល​ត្រូវបាន​ស្រង់​ឈ្មោះនិងប្រាប់ឲ្យរៀបចំបាយយកទៅសម្លាប់ចោល​យ៉ាង​ព្រៃផ្សៃ​ក្បែរ​ការដ្ឋាន​ដែល​ខ្ញុំ និង​អ្នក​ផ្សេងទៀត​កំពុងធ្វើការ​។

​នៅ​ឆ្នាំ​១៩៧៨ ខ្ញុំ​ទទួលបាន​ដំណឹង​ថា ឪពុកម្ដាយ និង​បងប្អូន​របស់ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​សម្លាប់ និង​ទម្លាក់ចោល​ក្នុង​ទន្លេ ពីព្រោះ​តែ​ជាប់​ប្រវត្តិ​ជា​ប្រជាជន ១៧ មេសា​។ បន្ទាប់ពី​កងទ័ព​វៀតណាម​ចូលមក​ដល់​នៅ​ដើមឆ្នាំ​១៩៧៩ ខ្ញុំ​មិនបានរ​ត់ទៅ​ជាមួយ​ខ្មែរក្រហម​មកពី​ភូមិភាគ​និរតី​ទេ​។ ខ្ញុំ​បាន​វិលត្រឡប់​មក​ភូមិ​ទី​៨​វិញ ដើម្បី​រស់នៅ​ជាមួយ​យាយ​របស់ខ្ញុំ និង​ប្អូន​ម្នាក់​ដែល​រួច​ផុតពី​ការសម្លាប់​នៅពេលនោះ​។ នៅ​ឆ្នាំ​១៩៨០ ខ្ញុំ​បាន​បង្រៀន​កូន​អ្នកភូមិ​នៅ​សាលាបឋមសិក្សា​ទីប្រជុំ និង​ក្រោយមកទៀត​ទទួល​តួនាទី​ជា​នាយក​សាលា​។ បន្ទាប់ពី​ខ្ញុំ​ចូល​ចូលនិវត្តន៍ ខ្ញុំ​លក់​នំ​និង​អាហារ​នៅក្នុង​សាលា និង​បន្ត​បង្រៀន​កូន​អ្នកភូមិ​ក្នុងតួនាទី​ជា​គ្រូ​កិច្ចសន្យា​៕សរន