ដោយៈ ភ្នំ​ខៀវ / បាត់ដំបងៈ ដល់​ថ្ងៃ​បញ្ចប់​ឱសានវាទ ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​អភិរក្ស ក្រុង​បាត់ដំបង ជិត ១០០% ចូលរួម​រុះរើ​សំយាប​មុខផ្ទះ ដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់ និង​សោភ័ណភាព តំបន់​បេ​តិក​ភ័​ណ្ឌ​ក្រុង​។​

​កម្លាំង​បញ្ជាការ​កងឯកភាព​ខេត្ត បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ នេះ​ថាៈ ក្រោយ​ការជូនដំណឹង​ជា​សាធារណៈ​ជា​បន្តបន្ទាប់ និង​ច្រើន​ថ្ងៃ រហូតដល់​ថ្ងៃ​កំណត់ ថ្ងៃទី​១ ខែសីហា នេះ បងប្អូន​ប្រជាពលរដ្ឋ ភាគច្រើន ជា​អ្នកលក់ដូរ មានការ​ភ្ញាក់រលឹក ចូលរួម​រុះរើ សំយាប​មុខផ្ទះ​របស់​ពួកគាត់ រៀងៗ​ខ្លួន ដោយមាន​ស្មា​តី​សហការ​ខ្ពស់​។​

​ប្រភព​ដដែល បាន​បន្ថែមថាៈ ក្រៅពី​បង​ប្អួ​ន​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​រុះរើ​ខាងលើ ពលរដ្ឋ ជា​ម្ចាស់​លំនៅឋាន មួយចំនួនទៀត បាន​ស្នើសុំ​ពន្យារពេល ត្រឹម​រយ​:​ពេល​ខ្លី ដោយសារ​ពួកគាត់ រក​ជាង​មិនទាន់បាន​។​

​លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បានបញ្ជាក់​ជុំវិញ​ការរៀបចំ តំបន់​អភិរក្ស​នេះ​ថាៈ ការរៀបចំ​តំបន់​អភិរក្ស​នេះ ដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់ សោភ័ណភាព និង​បរិស្ថាន ឲ្យ​បានល្អ​ប្រសើរ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ឲ្យ​ចូល​មកលេង​កម្សាន្ត ក្នុង​ទឹកដី​វប្បធម៌ ប្រវត្តិសាស្ត្រ ប្រកបដោយ​សក្តានុពល របស់​យើងទាំងអស់គ្នា ពិសេស សំដៅ​ការប្រកួតប្រជែង​ជាស​កល នៅលើ​ឆាក​អន្តរជាតិ​។​

​ការកែសម្រួល​តាម​គំរូ និង​គោលការណ៍​ណែនាំ​របស់​រដ្ឋបាល ខេត្តបាត់ដំបង​នេះ អនុវត្តន៍ ទៅលើ​លំនៅឋាន​បុរាណ ត្រង់ចំណុច​ផ្លូវ​ខេត្ត​លេខ​១​កន្លះ​, ផ្លូវ​លេខ​២, ផ្លូវ​លេខ​២​កន្លះ​, ផ្លូវ​ខេត្ត​លេខ​៣ និង​កំណាត់​ផ្លូវ​កាត់​ទទឹង​មួយចំនួនទៀត ក្នុង​រង្វង់​តំបន់​អភិរក្ស ចាប់ពី​ចំណុច​វត្ត​ពិ​ភិ​ទ្ធា​រាម ដល់​វត្ត​ដំរី ស ក្នុងភូមិ​សាស្ត្រ​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយ​ក្នុងនោះ កែសម្រួល​ឲ្យ​រុះរើ​សំយាប ផ្ទាំង​ប៉ាណូ​ពាណិជ្ជកម្ម គ្រប់​ប្រភេទ​ចេញ អនុញ្ញាតិ​ត្រឹមតែ ១​ភាគ ៣​នៃ​ខឿន​ផ្លូវ​មុខ ឬ​ចំហៀង​ផ្ទះ និង​មាន​កម្ពស់​ស្មើៗ​គ្នា តាម​ការកំណត់​របស់​ក្រុមការងារ​៕/V​