ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ បើតាម​ទិន្នន័យ នៃ​ការរង​ការខូចខាត​ស្រូវវស្សា ដែល​ប្រមូល ដោយ​មន្ត្រី​កសិកម្ម បានបង្ហាញ​ឱ្យដឹងថា មកដល់ពេលនេះ (​គិត​ត្រឹម​ថ្ងៃទី​៣១ កក្កដា​) ស្រុក​ចំនួន ៥ នៃ​ខេត្តកំពង់ធំ មាន​ផ្ទៃដី​ប៉ះពាល់ និង​ខូចខាត ដោយសារ​ទឹកជំនន់ ទឹកភ្លៀង សរុប​ចំនួន ៧.៤០៩ ហិកតា ក្នុងនោះ ខូចខាត​ទាំងស្រុង ចំនូ​ន ៣.៧៩៣ ហិកតា​។​ នេះ​បើតាម​ប្រសាសន៍​របស់លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​ប្រាប់ឱ្យដឹង​នៅថ្ងៃនេះ​។​

​លោក ប៉ែន វណ្ណ​រិ​ទ្ធ បានបញ្ជាក់​ថាៈ ស្រុក​ចំនួន ៥ នៃ​ខេត្តកំពង់ធំ​នេះ រួមមាន ស្រុក​បារាយណ៍ ចំនួន ៧៥៦ ហិកតា ស្រុក​កំពង់ស្វាយ ចំនួន ៤.៤២៥ ហិកតា ក្រុង​ស្ទឹងសែន ចំនួន ២៨៥ ហិកតា ស្រុក​សន្ទុក ចំនួន ៩៧៧ ហិកតា និង​ស្រុក​តាំងគោក ចំនួន ៩៦៦ ហិកតា ។​

​ទន្ទឹមនឹងនេះ លោក ប្រធាន​មន្ទីរ បានឱ្យដឹងថាៈ បញ្ហា​នេះ លោក​កំពុងមាន​ការព្រួយបារម្ភ ខ្លាំងណាស់ ហើយ​ចំនួន​លិចលង់ ស្រូវ​របស់​ប្រជាកសិករ អាចមាន​ចំនួន​លើសពី​ចំនួន ខាងលើនេះ​ទៀត ។​

​ពាក់ព័ន្ធ​នឹង​ការ​ខូ​ខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ ដោយសារ​ទឹកជំនន់​ទឹកភ្លៀង​នេះដែរ លោក តឿ ផល្លា ជំទប់​ទី​១ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ក៏បាន​បញ្ជាក់​ឱ្យដឹង នា​ព្រឹក​ថ្ងៃទី​១ ខែសីហា នេះដែរ​ថាៈ ស្រូវ​របស់​ប្រជាពលរដ្ឋ ចំនួន​៥ ភូមិ​គឺ ភូមិ​បូ​ពឹង ភូមិ​ខ្សាច់​ជីរ​ស់ ភូមិ​កំពង់​គោ​លើ ភូមិ​កំពង់​គោ​ក្រោម និង​ភូមិ​កោះ​គ្រប​បាយ បាន​កំពុង​ទទួលរង​ការលិចលង់ ដោយសារតែ​ទឹកជំនន់​ទឹកភ្លៀង ជិត ២.០០០ ហិកតា​។​

​លោក តឿ ផល្លា បាន​និយាយថាៈ ដូចនេះ ក្នុងនាម​លោក ជា​អាជ្ញាធរ​ដែនដី សូម​អំពាវនាវ ដល់​មន្ទីរ​ពាក់ព័ន្ធ​នានា ជាពិសេស មន្ទីរ​ធនធានទឹក និង​ឧតុនិយម ជួយ​ចុះ​ពិនិត្យ​ដល់ តំបន់​អូរ​តូច​ឡាក ស្ថិតក្នុង​ភូមិសាស្ត្រ ភូមិ​ខ្សាច់​ជីរ​ស់ ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ដើម្បី​ជួយ​ធ្វើ​ទ្វារ​ទឹក ធារាសាស្ត្រ ដើម្បីឱ្យ​ប្រជាពលរដ្ឋ អាស្រ័យ​ផល​នៅ​រដូវ​ទឹក​តម្លើង ជា​តម្រូវការ ពេល​ស្រូវ​របស់​ពួកគាត់ មិនទាន់​ប្រមូល​ផល​អស់ គឺ​យើង​មាន​ទ្វារ​ទឹក​សម្រាប់ បិទ លុះ​ប្រជាកសិករ ប្រមូល​ផល​អស់ហើយ យើង​បើកទ្វារ​ទឹក​វិញ ដើម្បី​ឲ្យ​ទឹក និង​ត្រី ចរាចរ​ចេញចូល​ទៅមក​ធម្មតា​។​

​តាម​ការរៀប​រាប់រប​ស់​ប្រជាកសិករ ដែល​ធ្វើស្រែ​នៅ​តំបន់​នោះ បានឱ្យដឹងថាៈ ជា​រៀងរាល់ឆ្នាំ ពុំ​ដែលមាន​ទឹកធំ ធ្វើឱ្យ​ខូច​ផលដំណាំ​ស្រូវ​របស់​ពួកគាត់​នោះទេ ទើបតែ​ឆ្នាំនេះ ស្ថានភាព​ទឹក បង្ក​ផលប៉ះពាល់​ដំណាំ​ស្រូវ​របស់​ពួកគាត់ យ៉ាងធ្ងន់ធ្ងរ​។

​ជាមួយគ្នានេះ លោក អ៊ុន បុត្ត អភិបាលស្រុក​កំពង់ស្វាយ បានឱ្យដឹងថាៈ បញ្ហា​ខាងលើនេះ បានកើត​ឡើង ដោយសារ​ភ្លៀង ធ្លាក់​ជាប់ៗ​គ្នា សឹង​រាល់ថ្ងៃ ម្យ៉ាងទៀត ដោយសារ​ទឹកស្ទឹង សែន ក៏​ឡើង​ខ្លាំង​ផងដែរ ក្នុងនាម​លោក ជា​អាជ្ញាធរ ចូលរួម​សោកស្តាយ​ខ្លាំងណាស់ ព្រោះតែ​គ្រោះធម្មជាតិ​មួយ​នេះ ។ លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុខ​សុវត្ថិភាព ព្រោះ​ទឹកជំនន់​ម្តង មានការ​ពិបាក បើ​សភាព​ទឹក​មិនល្អ សូម​ចល័ត​រក​ទីទួល​សុវត្ថិភាព​៕/V​