ដោយៈ វ៉ៃ​កូ / ស្វាយរៀងៈ លោក សុច ពិសី អភិបាល នៃ​គណៈ​អភិបាល ស្រុក​កំពង់រោទិ៍​ ​នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដាក់ឱ្យ​ដំណើការ រថយន្ត​ដឹក​សំរាម ម៉ាក isuzu ១​គ្រឿង ដែល​ទទួលបាន​ពី​ក្រសួងបរិស្ថាន ហើយ​ពិធី​នេះ ក៏មាន​ការចូលរួម​ពី លោក ពេញ ទិ​ត្ថា​រ៉ា ព្រមទាំង​ក្រុមការងារ​មួយចំនួនទៀត​។

​លោក សុច ពិសី បាន​ឲ្យ​ដឹងថាៈ ដើម្បី​ការរស់នៅ​ស្អាត ភូមិឋាន​ស្អាត ក្រសួងបរិស្ថាន បានសម្រេច​ផ្តល់​រថយន្ត​មួយគ្រឿង សម្រាប់​ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅតាម​ទីប្រជុំជន​ស្រុក ក្នុង​គោលបំណង ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការគ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន​ក្នុងស្រុក ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព សំដៅ​ធានាបាន​នូវ សោភ័ណភាព កិច្ច​គាំពារ​សុខភាព​សាធារណៈ និង​បរិស្ថាន​។

​លោក បានបញ្ជាក់​ថាៈ រថយន្ត​ដឹក​សំរាម​នេះ នឹងចូលរួម​គាំទ្រ​ផ្តល់​សេវា​ប្រមូល សម្អាត ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅក្នុង​មូលដ្ឋាន ដែល​ពង្រីក​សេវា​ប្រមូល ដោយ​ខ្លួនឯង ឱ្យ​ស្អាត ឱ្យអស់​ទាន់ពេល និង​ធានា​និរន្តរភាព និង​ធ្វើ​ភាពជា​ម្ចាស់ ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង ដោយ​រៀបចំ​ធ្វើការ​ប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និង​ទាញយក ធនធាន ពី​សំរាម ព្រមទាំង​ចូលរួម​អនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ផងដែរ​។

​ជាមួយគ្នានេះ លោក​សូម​គោរព​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រសួងបរិស្ថាន និង​លោក​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា ដែល​បានផ្តល់​រថយន្ត​ដឹក​សំរាម​នេះ ជូន​រដ្ឋបាល​ស្រុក ក្នុងការ​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅក្នុង​ទីប្រជុំជន ស្រុក​កំពង់រោទិ៍​ទាំងមូល និង​សូម​ថ្លែងអំណរគុណ ចំពោះ​លោក​អភិបាល នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង ដែល​បាន​ដឹកនាំ ចង្អុលបង្ហាញ និង​មន្ទីរ​បរិស្ថាន​ខេត្ត ដែល​បាន​ចូលរួម សហការ ជាមួយនឹង​អាជ្ញាធរ​ស្រុក ដែល​ធ្វើ​ឲ្យ​រដ្ឋបាល​ស្រុក ទទួលបាន​នូវ​រថយន្ត​ដឹក​សំរាម មួយ​នេះ ដើម្បី​ចូលរួមចំណែក នៅក្នុង​ការសំអាត​បរិ​ស្ថាន នៅក្នុង​ទីប្រជុំជន​ស្រុក​ទាំងមូល ឱ្យបាន​ល្អប្រសើរ ស្របតាម​អនុក្រឹត្យ​លេខ ១១៣ ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង ទីប្រជុំជន និង​គោលនយោបាយ​ភូមិ​-​ឃុំ​មាន សុវត្ថិភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​៕/V