ដោយៈ សុ​ផានី​តា / កោះកុង​៖ អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ បើក​កិច្ចសម្របសម្រួល ដោះស្រាយ បែងចែក​ដីធ្លី ជូន​ប្រជាពលរដ្ឋ ១៣១ គ្រួសារ រស់នៅ​ភូមិ​ជី​ត្រេះ ឃុំ​អណ្តូងទឹក បន្ទាប់ពី​មាន​វិវាទ​នឹង​ក្រុមហ៊ុន ស៊ី​ណូ​មិច​ស៊ីន​ជាង ១០ ឆ្នាំ មកហើយ​។ លទ្ធផល​សម្រេច បាន ៩០ ភាគរយ នៅសល់តែ ២០ នាក់ ស្មើនឹង ១០ ភាគរយ ដែលជំទាស់​។​

​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២២​ថាៈ មានតែ​ ២០ នាក់​ប៉ុណ្ណោះ ដែល​បដិសេធ​មិន​ឯកភាព​ពី​ការពន្យល់ ណែនាំ រក​ដំណោះស្រាយ តាម​នយោបាយ​ឈ្នះ​ឈ្នះ របស់​រដ្ឋបាល​ខេត្តកោះកុង​។ រីឯ​ប្រជាពលរដ្ឋ ១៣១ គ្រួសារ បាន​ពេញចិត្ត​គាំទ្រ យក​ការដោះស្រាយ​នេះ ដោយ​គ្មាន​ការបង្ខិតបង្ខំ ពីព្រោះ​អតីត​អភិបាលស្រុក មុនៗ គ្មាន​លទ្ធភាព​ដោះស្រាយ ជូន​ពួកគាត់​ទេ​។​

​លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទុម​សាគរ បានលើកឡើង​ថាៈ ការដែល​ប្រជាពលរដ្ឋ ២០ គ្រួសារ បដិសេធ​មិន​ទទួលយក ដោយសារតែ​ជឿ​តាម​ការ​ញុះញង់​របស់ ក្រុម​បុគ្គល​លោភលន់​មួយចំនួន ចង់​លើសពី​គោលការណ៍​ដោះស្រាយ​របស់​ថ្នាក់ដឹកនាំ និង​ខ្លះទៀត បាន​លក់ដូរ​ឱ្យ​ឈ្នួ​ញ មុននឹង​ដំណើរការ​ដោះស្រាយ ដោយ​ចង់បាន​ចំណេញ​ច្រើន​។​

​អាជ្ញាធរ​ស្រុក​បូ​ទុម​សាគរ នឹង​សុំ​គោលការណ៍​ដោះស្រាយ​បន្ត ពី​លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចំពោះ​ពលរដ្ឋ​ ២០ គ្រួសារ ​ដែល​ជំទាស់​នោះ​។ ដោយឡែក ប្រជាពលរដ្ឋ ១៣១ គ្រួសារ ដែល​ទទួលយក​ដំណោះស្រាយ ត្រូវបាន​កត់ត្រា​ទុក រង់ចាំ​ចាប់ឆ្នោត​ជ្រើសរើស​កំណត់​ទីតាំង បែងចែក​ឡូ​តិ៍​របស់ខ្លួន ទៅ​ថ្ងៃមុខ​។​

​គួរ​ជម្រាប​ថា ក្នុង ១​គ្រួសារ ទទួលបាន​ដី​លំនៅ​ពី ២០ ម៉ែត្រ គុណ​នឹង ៧០​ម៉ែត្រ ឬ ២០ ម៉ែត្រ គុណ​នឹង ១០០ មែ​៉​ត្រ និង​ដី​ធ្វើស្រែ​ចម្ការ ១ ហិកតា​កន្លះ ។ ករណី​ពលរដ្ឋ​ណា បាន​លក់ដូរ ទៅឱ្យ​ឈ្នួ​ញ​ហើយ​នោះ មុន​ដំណើរការ​ដោះស្រាយ​នេះ គឺ​ពលរដ្ឋ​សាមី នឹង​ដោះស្រាយ ដោយ​ខ្លួនឯង​បន្ត​។​

​ដំណើរការ​ដោះស្រាយ​បែងចែក​ដីធ្លី ជូន​ពលរដ្ឋ ១៣១ គ្រួសារ ធ្វើឡើង​ប្រមាណ ១០ ឆ្នាំ មកហើយ តែ​គ្មាន​ប្រសិទ្ធភាព​ឡើយ តាមរយៈ​អភិបាលស្រុក ២ ជំនាន់​ឯណោះ ទើបតែ​អាណ​តិ្ត​របស់លោក ហាក់ ឡេង អភិបាលស្រុក​បូ​ទូ​ម​សាគរ បាន​ប្រឹងប្រែង ដោះស្រាយ ជូន​ពលរដ្ឋ ដើម្បី​បានរស់នៅ​អាស្រ័យ​ផល ចិញ្ចឹម​ជីវភាព​គ្រួសារ​។​

​កន្លងទៅ ក្រសួងបរិស្ថាន បាន​កាត់​ផ្ទេរ​ផ្ទៃដី ប្រមាណ ៦០០ ហិកតា ពី​ក្រុមហ៊ុន ស៊ី​ណូ​មិច​ស៊ីន មកឱ្យ​រដ្ឋបាល​ខេត្តកោះកុង ជា​អ្នកគ្រប់គ្រង​។ ក្នុងនោះ ១០០ ហិកតា នឹងត្រូវ​បែងចែក ជូន​ពលរដ្ឋ ១៣១ គ្រួសារ នៅថ្ងៃនេះ​តែម្តង ឱ្យ​បញ្ចប់​វិវាទ​។ រីឯ​ផ្ទៃដី​ដែល នៅ​សេសសល់ នឹងត្រូវ​ប្រើប្រាស់​ពេលណា មាន​តម្រូវ សម្រាប់​កសាង​វត្ត​អារាម សាលារៀន ផ្សារ ទីលាន​ចាក់សំរាម កន្លែង​ទឹកស្អាត និង​ទីលាន​ទាត់​បាល់ ជាដើម​៕/V​