​ប្រែ​សម្រួលៈ​បំណង​(ST)៖ ទាហាន​ឥណ្ឌូនេស៊ី​និង​អាម៉េរិក​រាប់ពាន់​នាក់​បាន​ចាប់ផ្តើម​សមយុទ្ធ​យោធា​រយៈពេល​ពីរ​សប្តាហ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​០១​សីហា ជា​អ្វី​ដែល​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយ​​ថា​មាន​បំណង​ជំរុញ​«​កិច្ចសហប្រតិបត្តិការ​តំបន់​ដើម្បី​ការគាំទ្រ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី​និង​បើកចំហ​»​មួយ​។​

​អាម៉េរិក​និង​សម្ពន្ធមិត្ត​អាស៊ី​របស់ខ្លួន​បាន​សម្តែង​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង​អំពី​ការ​អាងយ៉ាង​កាន់តែ​ខ្លាំង​ឡើង​របស់​ចិន​នៅ​តំបន់​ប៉ាស៊ីហ្វិក តែ​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា​ សមយុទ្ធ​នេះ​មិន​មាន​បំណង​សំដៅ​ទប់ទល់​ប្រទេស​ណាមួយ​ទេ ទោះជា​វា​មាន​ទំហំ​ធំ​ជាង​លំ​ហាត់​យោធា​មុនៗ​ក្តី​។​

​ទាហាន​ឥណ្ឌូនេស៊ី​និង​អាម៉េរិក​យ៉ាងតិច​៤.០០០​នាក់​នឹង​ត្រូវ​ចូលរួម​ផង​ដែរ​ពី​កងកម្លាំង​អូស្ត្រាលី និង​សិង្ហ​បុរី ព្រមទាំង​ជប៉ុន ដែល​ចូលរួម​ក្នុង​សមយុទ្ធ​ដែល​គេ​ហៅ​ថា​ស៊ូ​ភើ ហ្គូ​រូដា សៀ​ល​(Super Garuda Shield)​នេះ​ជា​លើកដំបូង​។​

​កាណាដា បារាំង ឥណ្ឌា ម៉ាឡេស៊ី កូរ៉េខាងត្បូង ប៉ា​ពួរ នូវ៉ែល​ហ្គី​ណេ ទី​ម័រ​ឡេស​និង​អង់គ្លេ​សនឹង​ចូលរួម​ក្នុងនាម​ជា​អ្នកសង្កេតការណ៍​។​

​វា​ត្រូវ​បាន​ធ្វើឡើង​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​និង​កោះ​រី​អាវ​(Riau)​របស់​ឥណ្ឌូនេស៊ី ក្បែរ​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​។​

​ឧត្តមសេនីយ៍ ស្ទេ​ហ្វេន ស្មី​ត

​ឧត្តមសេនីយ៍ ស្ទេ​ហ្វេន ស្មី​ត មេបញ្ជាការ​នៃ​ទាហាន​អាម៉េរិក​ដែល​ចូលរួម​សមយុទ្ធ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​ហ្សា​ការតា​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ថា «​នេះ​ពិតជា​សមយុទ្ធ​សំរាប់​បង្កើត​ទំនុក​​ចិត្ត​ស្ថាបនា​ការរស់នៅ​ជាមួយគ្នា ការយោគយល់​គ្នា បង្កើន​សមត្ថភាព​និង​បញ្ហា​ទាក់ទង​ដទៃទៀត​។​ដូច្នេះ​នេះ​ជា​លំ​ហាត់​យោធា​ពិត និង​មិន​គំរាម​នរណា​ម្នាក់​ទេ​»​។​

​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ចំ​ពេល​ប្រធានសភា​អាម៉េរិក​ដឹកនាំ​គណៈប្រតិភូ​សភា​អាម៉េរិក​ទៅដល់​សិង្ហ​បុរី ក្នុង​ស្រមោល​នៃ​ភាព​តានតឹង​ការទូត​ជាមួយ​ចិន​ដោយសារតែ​មាន​ពាក្យ​លេច​ឮ​ថា​លោកស្រី​​អាច​នឹង​ធ្វើ​ទស្សនកិច្ច​កោះ​តៃវ៉ាន់​ផងដែរ​។​ទោះជា​យ៉ាងណា ការិយាល័យ​របស់​លោក​ស្រី​កាលពី​ថ្ងៃអាទិត្យ​បានប្រកាស​ការចេញដំណើ​រ​មក​កាន់​ប្រទេស​អាស៊ី​ចំនួន​បួន អត់​មាន​កោះ​តៃវ៉ាន់​ទេ​៕

​ទាហាន​ឥណ្ឌូនេស៊ី​និង​អាម៉េរិក​យ៉ាងតិច​៤.០០០​នាក់​នឹង​ត្រូវ​ចូលរួម​ផង​ដែរ​ពី​កងកម្លាំង​អូស្ត្រាលី និង​សិង្ហ​បុរី ព្រមទាំង​ជប៉ុន​។​វា​នឹង​ត្រូវ​ធ្វើឡើង​រហូតដល់​ថ្ងៃ​១៤​សីហា ដោយ​មាន​ការចូលរួម​ពី​ទាហាន​​ជើងគោក ជើង​ទឹក អា​កាស​និង​ម៉ា​រី​ន