ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​តាម​កា​រគ្រោងទុក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ អាស៊ាន​នៅ​ថ្ងៃទី​៣ ខែសីហា​ឆ្នាំ​២០២២​ខាងមុខនេះ ។​ក្នុងឱកាស​នេះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ម្ពុ​ជា​នឹង​ទទួល​ការចូល ជួប​សម្តែង​ការគួរសម​រួមគ្នា​ដោយ​រដ្ឋមន្ត្រីការបរទេស​និង​អគ្គលេខាធិការ​អាស៊ាន​និង​ជួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​សំខាន់ៗ មួយចំនួន​។

នៅព្រឹកថ្ងៃទី០១ ខែសីហាលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ(រូបថតក្រសួងការបរទេស)

​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ពីថ្ងៃ​ទី ២៩ ខែកក្កដា ដល់​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។

​តាម​កម្មវិធី​ដែល​បាន​គ្រោងទុក​បន្ទាប់ពី​បើកផ្លូវ​ការ​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក ទី​៥៥ និង​កិច្ចប្រជុំ ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន សម្តេច​តេ​ជោ ហ៊ុន សែន នឹងមាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​រដ្ឋមន្ត្រីការបរទេស​នៃ​បណ្តា​ប្រទេស​សំខាន់ៗ​មួយចំនួន​នៅ​វិមាន​សន្តិភាព ។​ក្នុងនោះ​មាន​៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោកស្រី ផេ​ន​ស៊ី វុង​( Penny Wong) រដ្ឋមន្ត្រីការបរទេស នៃ​ប្រទេស​អូស្ត្រាលី លោក ហា​យ៉ា​ហ្សី យ៉ូ​ហ្ស៊ី​ម៉ាសា រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​អ៊ីស្លាម ប៉ា​គី​ស្ថាន និង​លោក Josep BortellFontelles តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ច​កាបរទេស សន្តិសុខ នយោបាយ អនុប្រធាន​គណៈកម្មកា​រ​អឺរ៉ុប​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ រួមមាន ៖
– កិច្ចប្រជុំ​គណៈកម្មការ​តំបន់​អាស៊ីអាគ្នេយ៍​គ្មាន​អាវុធ​នុយក្លេអ៊ែរ​
– ជំនួប​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ជាមួយ​តំណាង​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន ស្តីពី​សិទ្ធិមនុស្ស​
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥
– សន្និសីទ​ក្រោយ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន ជាមួយ​ដៃគូ​សន្ទនា​របស់​អាស៊ាន​
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បូក​បី​លើក​ទី​២៣
– កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​បូព៌ា លើក​ទី​១២
– កិច្ចប្រជុំ​វេទិកា​តំបន់​អាស៊ាន​លើក​ទី​២៩

នៅព្រឹកថ្ងៃទី០១ ខែសីហាលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ(រូបថតក្រសួងការបរទេស)

​ទន្ទឹមនឹង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ នេះដែរ រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ការចុះហត្ថលេខា​លើ​លិខិតុបករណ៍​នៃ​ការចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ដោយ ព្រះរាជាណាចក្រ​ដា​ណឺ​ម៉ាក​, សាធារណរដ្ឋ​ក្រិ​ក​, ព្រះរាជាណាចក្រ​ហូ​ឡង់​, ប្រទេស​អូ​ម៉​ង់​, រដ្ឋ​កាតា និង​អារ៉ាប់​រួម​អេ​មី​រ៉ាត់​។ រដ្ឋមន្ត្រីការបរទេស និង​អគ្គលេខាធិការ​អាស៊ាន ក៏​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អាស៊ាន​ឆ្នាំ​២០២១ ផងដែរ​។​

ក្នុងឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ នឹងមាន​កិច្ចប្រជុំ​ត្រីភាគី​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា រវាង​កម្ពុជា​និង​លេខាធិការដ្ឋាន​អាស៊ាន ជាមួយនឹង​ប្រទេស​ដៃគូ​សន្ទនា​របស់​អាស៊ាន​ចំនួន​បី រួមមាន ប្រទេស​ន័​រវេ​ស ប្រទេស​តួ​ក​គី និង​ប្រទេស​ស្វី​ស​។​

ក្រៅពី​ប្រទេស​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន និង​ប្រទេស​ទាំង​ប្រាំមួយ ដែល​ចូល​ជា​សមាជិក​នៃ​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេស​ចំនួន​បួន​ផ្សេងទៀត នឹង​ត្រូវបាន​អញ្ជើញ​ជា​ភ្ញៀវ​នៃ​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ រួមមាន​ប្រទេស​ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ម៉ា​រ៉ុ​ក ទី​ម័​រ​ខាងកើត និង​អា​ស៊ែ​បៃ​ហ្ស​ង់​។​
ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​លើក​ទី​៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា រំពឹងថា​នឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយនឹង​សម​ភាគី​បរទេស​របស់​លោក​៕ សរន​