ដោយៈ ប.ខុន / ភ្នំពេញៈ នៅខេត្តកណ្តាល មានប្រជានេសាទ ចំនួន៤នាក់ បានដាក់ពាក្យ ចូលរួមដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៣-២០២៤ នៅសល់គន្លងដាយ ចំនួន១៩ គ្មានអ្នកដាក់ពាក្យដេញថ្លៃ។ ការដេញថ្លៃ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា នៅសាលាខេត្តកណ្តាល។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជល ខេត្តកណ្តាល បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថាៈ ការដេញថ្លៃឈ្នួលដាយត្រី សម្រាប់ធ្វើអាជីវកម្ម តាមគន្លងដាយ ក្នុងភូមិសាស្ត្រខេត្តកណ្តាល នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា ដោយមកដល់ពេលនេះ (១សីហា) មានអ្នកដាក់ពាក្យបានចំនួន ៤នាក់ ដោយបីនាក់នៅជួរ លេខ១៥ មានគន្លងដាយ១៥អាង ១៥បេ និង១៥សេ ហើយនឹងជួរលេខ១១អា។
លោក ហេង សុភារិទ្ធ បាននិយាយឱ្យដឹងទៀតថាៈ គន្លងដាយត្រី នៅក្នុងខេត្តកណ្តាល ដែលត្រូវប្រកាសដាក់ឱ្យដេញថ្លៃ មានចំនួន ២៣ គន្លងដាយ។ គន្លងដាយដែលគ្មានអ្នកដាក់ ពាក្យដេញថ្លៃ លើកនេះ អាចនឹងប្រកាសរកអ្នកដេញថ្លៃ លើកទី២ ឬប្រកាសដាក់ឱ្យជួល នៅពេលបន្ទាប់ទៀត។ គន្លងដាយខ្លះ គ្មានអ្នកជួល តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារ ស្ថានភាពទឹកទន្លេ ប៉ុន្មានឆ្នាំចុងក្រោយ ឡើងមិនធំ។
រំលឹកឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹង ស្តីពីការដេញថ្លៃឈ្នួលដាយត្រី ដាយត្រីលេញ និងដាយបង្ក ចំនួនចំនួន ៥៣ គន្លង ដាយ ស្ថិតនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៣-២០២៤។
នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល បានសរសរថាៈ រដ្ឋបាលជលផល នឹងរៀបចំ ដេញថ្លៃឈ្នួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង សម្រាប់ធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ និងឆ្នាំ២០២៣-២០២៤ ដែលនឹងប្រព្រឹត្តទៅ នៅខេត្តព្រៃវែង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ និងនៅខេត្តកណ្តាល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
ក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ពលរដ្ឋខ្មែរគ្រប់រូប មានសិទ្ធិចូលរួមដេញថ្លៃ ដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំដេញថ្លៃ ធ្វើអាជីវកម្មដាយត្រី ដាយត្រីលេញ និងដាយបង្កង យ៉ាងយឺតបំផុត ១០ ថ្ងៃ មុនពេលដេញថ្លៃ នៅខណ្ឌរដ្ឋបាលជលផលព្រៃវែង ខណ្ឌរដ្ឋបាលជលផលកណ្តាល និងខណ្ឌរដ្ឋបាលជលផលភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្ត។
គន្លងដាយត្រី ដែលត្រូវដាក់ឱ្យដេញថ្លៃ មានចំនួន ១៧ នៅរាជធានីភ្នំពេញ ចំនួន ២៣ នៅខេត្តកណ្តាល និងចំនួន១៣ នៅខេត្តព្រៃវែង ដែលក្នុងនេះ មានដាយត្រីលេញ ចំនួន៦ និងដាយបង្កង ចំនួន៧៕/V