​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និង​សហការី​បាន អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ Korea National Open University ក្នុង​បំណង​ធ្វើការ​ពិភាក្សា​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​ជាមួយ សាស្ត្រាចារ្យ​សាកលវិទ្យាធិការ សុង​វាន កូ (Songhwan KO) លើ​ប្រធានបទ​ស្តីពី “​ការអភិវឌ្ឍ​ធនធានមនុស្ស​តាមរយ​:​ការបណ្តុះបណ្តាល​ជំនាញ​វិស័យ​កសិកម្ម​ដល់​មន្ត្រី និស្សិត លោកគ្រូ អ្នកគ្រូ និង​កសិករ​ឆ្នើម​” ដើម្បី​បង្កើន​ចំណេះដឹង និង​បទពិសោធន៍​ក្នុងការ អនុវត្ត​ជាក់ស្តែង​” និង​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការយោគយល់​គ្នា (MOU) ត្រីភាគី​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សាកលវិទ្យាល័យ Korea National Open University និង​ក្រុមហ៊ុន Orient Group ។

​លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន និង​រដ្ឋាភិបាល​កូរ៉េ​ដែល​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា រួមទាំង​វិស័យ​កសិកម្ម ជាក់ស្តែង គណ​:​ប្រតិភូ​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​នា​ថ្ងៃនេះ ក្នុង​បំណង​បង្កើត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ស្តីពី “​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័យ​កសិកម្ម​”​។

​ឆ្លៀត​យក​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាបជូន​សាកលវិទ្យាធិការ​ដោយ​សង្ខេប​អំពី​សាវតា​នៃ​ការអភិវឌ្ឍ​ប្រទេស​ដោយ​ចាប់ផ្តើម​ពី​ចំណុចសូន្យ ជា​បន្ត បន្ទាប់ និង​ពី​ដំណាក់កាល​មួយ​មក​ដំណាក់កាល​មួយ កម្ពុជា​បាន​ដើរ​ចេញពី​ប្រទេស​ក្រីក្រ អសន្តិសុខ​ស្បៀង មកជា​ប្រទេស​មាន​សន្តិភាព និង​ការអភិវឌ្ឍ ប្រទេស​មាន​អ​ធិ​រេ​ក​ស្បៀង និង​នាំចេញ​កសិផល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​។

​បច្ចុប្បន្ន​កម្ពុជា​ជា​ប្រទេស​ផលិត​ស្បៀង មិន​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ប្រទេស​ផលិត​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​អន្តរជាតិ​មាន​: ស្រូវ អង្ករ ដំឡូង​មី ចេក ស្វាយ ស្វាយ ចន្ទី និង​កៅស៊ូ​។​ល​។ ដើម្បី​ឲ្យ​ផលិតកម្ម​កសិកម្ម​កម្ពុ​ជា​កាន់​តែមាន​សក្តានុពល លទ្ធភាព សមត្ថភាព និង​ការប្រកួតប្រជែង​ទីផ្សារ​នាំចេញ​ដែលមាន​និន្នាការ​កាន់តែ​កើនឡើង​ខ្ពស់​។ ហេតុនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ខិតខំ​ចាប់យក​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ និង​សហគមន៍​កសិកម្ម ធ្វើជា​ដៃគូ​រយ​:​ពេល​វែង​សម្រាប់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​។ ជាក់ស្តែង ដំណើរ​ទស្សន​:​កិច្ច​នៅ​កូរ៉េ​នាពេលនេះ និង​ជា ពិសេស​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ Korea National Open University ព្រឹក​នេះ គឺមាន​បំណង​បង្កើត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​លើ​ការបណ្តុះបណ្តាល​ធនធាន មនុស្ស​លើ​វិស័យ​កសិកម្ម ដើម្បី​បង្កើន​សមត្ថភាព​ផលិត បង្កើន​ផលិតភាព​ផលិតកម្ម ធានាបាន​ទាំង​បរិមាណ គុណភាព និង​សុវត្ថិភាព ពង្រឹង និង​ពង្រីក​ខ្សែ​ច្រវាក់​ផលិតកម្ម តម្លៃបន្ថែម និង​សមត្ថភាព​ប្រកួតប្រជែង​ទីផ្សារ​នាំចេញ​។

​លទ្ធផល​ដែល​បានមកពី​ការខិតខំ​ប្រឹងប្រែង សហការគ្នា​បានល្អ​រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រុមហ៊ុន Orient Group និង​សាកលវិទ្យាល័យ Korea International Open University ឈានទៅ​សម្រេចបាន​នូវ​ការចុះហត្ថលេខា​ង លើ​ឯកសារ​អនុស្សារណ​នៃ​ការយោគយល់​គ្នា (MOU) នាពេលនេះ​។ លទ្ធផល​នេះ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​វាយតម្លៃ​ខ្ពស់ ជូន​ចំពោះ ភាគី​កូរ៉េ និង​អ្នកពាក់ព័ន្ធ រួមទាំង​រដ្ឋបាល​ព្រៃឈើ អគ្គនាយកដ្ឋាន​កសិក​ម្ម អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ធ្វើ​ឲ្យ​ឯកសារ MOU នេះ​កើតចេញ​ជា​រូ​បរាង្គ និង​ផ្លែផ្កា​ដែល​យើង​ទទួលបាន​ពេញ​ទៅដោយ​មោទនភាព​នាពេលនេះ​។

​លោក​រដ្ឋមន្ត្រី សង្ឃឹម​យ៉ាង​មុតមាំ​ថា​ការអនុវត្ត MOU នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​ក្នុងពេល​ឆាប់ៗ​នេះ និង​សូម​ឲ្យ​ភាគី​ហត្ថ​លេ​ក្ខី​ទទួលបាន​ជោគជ័យ​។

​មានប្រសាសន៍​នាឱកាស​នេះដែរ សាកលវិទ្យាធិការ និង Dr. CHANG នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Orient Group បាន​សង្កត់ធ្ងន់ថា​នេះ​គឺជា​ឧបនិស្ស័យ​ដែល​បាន​នាំ​ឲ្យ​យើង​បានមក​ជួបគ្នា យល់យោគ​គ្នា មាន​ទស្សន​និស្ស័យ​ដូចគ្នា និង​សហការ​ផ្តួច​ផ្តើមគំនិត​បង្កើត​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នេះ​ឡើង​។ “​ការអប់រំ​ធ្វើ​ឲ្យ​អ្នកក្រ​ក្លាយជា​អ្នកមាន ហើយ​ការអប់រំ​ប្រែក្លាយ​បុគ្គល​ម្នាក់​ដែល​អសមត្ថភាព ទៅជា​បុគ្គល​មាន​សមត្ថភាព មាន​ទេព​កោស​ល្ស ប៉ិនប្រសព្វ និង​ជា​អ្នក ដឹកនាំ និង​ជា​ប្រទេស​ក្រីក្រ ក្លាយជា​ប្រទេស​អភិវឌ្ឍ​ដោយសារតែ​ធនធានមនុស្ស​មាន​សម​ត្ថ​ភាព​” នេះ​ជាការ​លើកឡើង​របស់ Dr. CHANG​។ ហេតុផល​នេះ ការបណ្តុះ បណ្តាល​ធនធានមនុស្ស​នឹង​ជួយ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​មានការ​រីកចម្រើន តាមរយ​:​ការទទួលបាន​នូវ​មូលដ្ឋានគ្រឹះ​នៃ​ការសិក្សា​ផ្នែក​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​របស់​កសិករ​ឆ្នើម មន្ត្រី និង​លោកគ្រូ​-​អ្នកគ្រូ​។​ល​៕​