​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ទោះបី​ម៉ាស៊ីន​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​កំពុង​ត្រាច់ចរ​ពាសពេញ​ភាគ​ខាងកើត​របស់​អ៊ុយ​ក្រែន​ដោយ​ព្យាយាម​សម្រេចបាន​នូវ​គោលដៅ​របស់​វិមាន​ក្រឹម​ឡាំង​​ក្នុង​ការធានា​ការគ្រប់គ្រង​ពេញលេញ​លើ​តំបន់​បេះដូង​ឧស្សាហកម្ម​របស់​ប្រទេស​នេះ​ក៏​ដោយ​ក៏​កងកម្លាំង​អ៊ុយ​ក្រែន​នៅតែ​បង្កើន​ការវាយប្រ​ហារ​ដើម្បី​ដណ្តើមយក​ទឹក​ដី​នៅ​ភាគ​ខាងត្បូង​ដែល​កាន់​​កាប់​ដោយ​រុស្ស៊ី​។​

​អ៊ុយ​ក្រែន​បាន​ប្រើប្រាស់​គ្រាប់​រ៉ុក្កែ​ត​ដែល​ផ្គត់ផ្គង់​ដោយ​អាម៉េរិក​ដើម្បី​វាយប្រហារ​ស្ពាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​នៅ​ភាគ​ខាងត្បូង​ដោយ​បង្ខំ​ឱ្យ​រុស្ស៊ី​បង្វែរ​កងកម្លាំង​របស់​ខ្លួន​ចេញពី​ដុន​បាស​នៅ​ភាគ​​ខាងកើត​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​ថ្មី​នេះ​។​

​ខណៈ​សង្គ្រាម​នៅ​អ៊ុយ​ក្រែន​ឥឡូវ​នេះ​ឈាន​ដល់​ខែ​ទី​ប្រាំមួយ សប្តាហ៍​ខាង​មុខៗ​អាច​ស​បញ្ជាក់​ពី​ទឹក​ផ្តាច់ព្រ័ត្រ​នៅពេល​ទ្រព្យសកម្ម​យោធា​រុស្ស៊ី​និង​អ៊ុយ​ក្រែន​ភាគច្រើន​ត្រូវ​បាន​ប្រមូល​ផ្តុំ​នៅក្នុង​តំបន់​​ដុន​បាស ដែលជា​តំបន់​ឧស្សាហកម្ម​រ៉ែ​និង​រោងចក្រ ភាគី​ទាំង​ពីរ​សង្ឃឹម​អាច​ដណ្តើម​បាន​ទឹកដី​នៅ​កន្លែង​ផ្សេង​។​

​អ៊ុយ​ក្រែន​បាន​ប្តេជ្ញា​បណ្តេញ​រុស្សី​ចេញពី​ទឹកដី​ដែល​ពួកគេ​បាន​កាន់កាប់​ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ការ​លុក​លុយ រួមទាំង​តំបន់​ភាគខាងត្បូង​គឺ​ទីក្រុង​ឃើ​សិន​និង​ផ្នែក​មួយ​នៃ​តំបន់​ហ្សា​ផូ​រី​ហ្ស​ហ្សា (Zaporizhzhia) ខណៈ​ទីក្រុង​មូ​ស្គូ​បាន​សន្យាថា​នឹង​បន្ត​រក្សា​ការកាន់កាប់​តំបន់​ដែល​កាន់កាប់​បាន និង​បន្ត​ដណ្តើម​យក​ដី​បន្ថែម​ទៀត​នៅ​ជុំវិញ​ប្រទេស​អ៊ុ​យក្រែន​។​

​តំបន់​ដុន​បាស​គឺមាន​ខេត្ត​លូ​ហាន​សខ៍ដែល​ឥឡូវ​គ្រប់គ្រង​ទាំងស្រុង​ដោយ​រុស្ស៊ី និង ខេត្ត​ដូណិត​ស​ខ៍ ដែល​ស្ថិត​ក្នុង​ដៃ​របស់​មូ​ស្គូ​ប្រហែល​ពាក់កណ្តាល​៕

អ៊ុយ​ក្រែន​ទទួលបាន​រ៉ុក្កែត HIMARS ជាច្រើន​ពី​សហរដ្ឋ​អាម៉េរិក